នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូអាបេបានស្ថិតនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតដើម្បីពិភាក្សាជាមួយស្តេចសាល់ម៉ាន់កាលពីថ្ងៃអាទិត្យទី១២មករា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់បណ្តារដ្ឋផលិតប្រេងនៅតំបន់ឈូងសមុទ្រពែក្សក្នុងគោលបំណងលើកកម្ពស់សន្តិភាពចំពេលមានភាពតានតឹងរវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់។
ជប៉ុនមានសម្ព័ន្ធភាពយ៉ាងជ្រាលជ្រៅជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែជប៉ុនក៏មានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ផងដែរ ដែលរហូតដល់ឆ្នាំ ២០១៧ បានផ្គត់ផ្គង់ប្រេងឆៅប្រមាណ ៥ ភាគរយដល់ជប៉ុន។ ជប៉ុនបានព្យាយាមរក្សាអព្យាក្រឹតភាពខាងនយោបាយខណៈភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្សបានកើនឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោក។
សន្តិសុខនៅក្នុងដែនទឹកនៃឈូងសមុទ្រពែក្សនិងការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា គឺជាអាទិភាពសន្តិសុខជាតិសម្រាប់ប្រទេសជប៉ុន ដែលបាននាំចូលប្រេងជិត ៩០ ភាគរយពីមជ្ឈិមបូព៌ា។ ភាគច្រើននៃប្រេងទាំងនោះត្រូវបានដឹកជញ្ជូនចេញពីបណ្តារដ្ឋឈូងសមុទ្រអារ៉ាប់តាមរយៈច្រកសមុទ្រហ័រមូស ដែលអ៊ីរ៉ង់គ្រប់គ្រងមួយផ្នែក។
ជប៉ុនគ្រោងនឹងដាក់ពង្រាយកងកម្លាំងជើងទឹក ដែលមាននាវាពិឃាតមួយគ្រឿងនិងយន្តហោះល្បាតចំនួនពីរគ្រឿងនៅឯនាយឆ្នេរនៃប្រទេសយេម៉ែននិងអូម៉ង់ដើម្បីជួយការពារការផ្គត់ផ្គង់ថាមពលរបស់ខ្លួនខណៈរក្សាគម្លាតឱ្យឆ្ងាយពីការល្បាតដោយផ្ទាល់នៅតាមច្រកសមុទ្រហ័រមូស ព្រោះសហរដ្ឋអាម៉េរិកបានល្បាតនៅទីនោះហើយ៕ ដោយ៖ កញ្ញាដាលីស