ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបង្កគ្រោះថ្នាក់សុខភាព ជាពិសេសហានិភ័យនៃជំងឺទឹក នោមផ្អែម។ ថាតើទម្លាប់អ្វីខ្លះអាចធ្វើឱ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ខុសធម្មតា?
១. ទទួលទានភេសជ្ជៈគ្មានជាតិស្ករ ឬផ្ទុកជាតិផ្អែមសិប្បនិម្មិត
ប្រសិនបើអ្នកគិតថាភេសជ្ជៈគ្មានជាតិស្ករដែលផ្ទុកជាតិផ្អែមសិប្បនិម្មិតមិនអាចជះ ឥទ្ធិពលអ្វីលើកម្រិតនៃជាតិស្ករក្នុងឈាមនោះចូរគិតម្ដងទៀត! តាមពិតទៅជាតិផ្អែមសិប្បនិម្មិតអាច បង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែជាតិផ្អែមសិប្បនិម្មិត ជះឥទ្ធិពលលើសុខភាពពោះវៀនដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាម។
២. ទទួលទានអាហារមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាតច្រើនពេក
ចូរកម្រិតការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាតប្រសិនបើអ្នកចង់ចៀសផុតបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ នោះក៏ព្រោះតែកាបូអ៊ីដ្រាតនឹងត្រូវបាន បំលែងជាជាតិស្ករដោយរាងកាយ។
៣. ទទួលទានអាហារ ឬភេសជ្ជៈផ្អែមច្រើន
ការទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុកជាតិស្ករច្រើនប្រាកដជាអាចបណ្ដាលឱ្យ កម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់មិនខាន។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការ ទទួលទានរបស់អ្នក។
៤. ទទួលទានអាហារសម្បូរជាតិខ្លាញ់ច្រើន
ថ្វីត្បិតតែអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនបណ្ដាលឳ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ដោយផ្ទាល់ប៉ុន្តែវារួមចំណែកបង្កើនភាពធន់នឹងអាំងស៊ុយលីនរបស់រាង កាយ។ លើសពីនេះទៅទៀតអាហារសម្បូរជាតិខ្លាញ់ត្រូវការពេលយូរដើម្បីរំលាយដែល អាចជះឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណានេះមិនមែនមាន ន័យថាអ្នកកំពុងមានបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់និងអ្នកជំងឺទឹកនោមផ្អែមមិនអាចទទួលទានអាហារសម្បូរជាតិខ្លាញ់បានតែម្ដងនោះទេ គឺអាចញ៉ាំបានក្នុងបរិមាណ ឬកម្រិត សមល្មម។
៥. អសកម្មគ្រប់ពេល ឬមិនធ្វើលំហាត់ប្រាណសោះ
ការមិនធ្វើសកម្មភាពរាងកាយអ្វីសោះក៏បង្កើនកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។ ថាតើអ្នក ធ្លាប់ដឹងទេថាការធ្វើលំហាត់ប្រាណអាចផ្ដល់នូវអត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនសម្រាប់អ្នកជំងឺទឹកនោមផ្អែម រួមបញ្ចូលទាំងជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម និងស្ត្រេស? យោងតាម មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក NIH បានណែនាំឱ្យធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីរាល់សប្តាហ៍។ ហើយចំពោះ អ្នកជំងឺទឹកនោមផ្អែមត្រូវហាត់ប្រាណជាប្រចាំមិនគួរផ្អាក ឬរំលងលើសពី ២ថ្ងៃជាប់គ្នា ឡើយ។
៦. ជក់បារី
មិនត្រឹមតែជះឥទ្ធិពលខ្លាំងដល់សួតប៉ុណ្ណោះទេ ប៉ុន្តែការជក់បារីក៏បង្កបញ្ហាជាច្រើនចំពោះ សុខភាពរាងកាយពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែម។ នោះក៏ព្រោះតែសារធាតុនីកូទីន ក្នុងបារីអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម៕ ដោយៈ health.com.kh