តម្រងនោម​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​មួយ​ក្នុង​រាងកាយ​ដែល​ជួយ​កម្ចាត់​កាក សំណល់​តាម​ទឹកនោម ផលិត​អ័រម៉ូន និង​ច្រោះ​ជាតិពុល ព្រមទាំង​សារធាតុ​រាវ​ដែល​លើស​ក្នុង​ឈាម​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​រក្សា​សុខភាព​តម្រង នោម​ឱ្យបាន​ល្អប្រសើរ​។ របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​សុខភាព​តម្រងនោម​! ដូច្នេះ​ការដឹង​ពី​អាហារ អ្វី​គួរ​ចៀសវាង​គឺ​ចាំបាច់​ណាស់​។

១. ផ្លែ​បឺ​រ​
ទោះបីជា​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​គុណភាព​ខ្ពស់ ប៉ុន្តែ​ការទទួល​ទាន​ផ្លែ ឈើ​នេះ​ច្រើនពេក​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម​ពិសេស​ប្រសិនបើ​អ្នក​កំពុង​ប្រឈម មុខ​នឹង​បញ្ហា​តម្រងនោម​ស្រាប់​។ នោះ​ក៏​ព្រោះតែ​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម​។ លើសពីនេះទៅទៀត​ជាតិ​ប៉ូ​តា​ស្យូ​ម​ច្រើនពេក​ក្នុង​ឈាម​អាច​បង្កបញ្ហា​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា​រមួល​សាច់ដុំ​និង​ចង្វាក់បេះដូង​លោត​មិន​ប្រក្រតី​។​

២. សាច់​
​ការទទួល​ទាន​សាច់​ច្រើនពេក​អាច​បង្កបញ្ហា​តម្រងនោម​ផ្សេងៗ​គួរឱ្យ​បារម្ភ​! នោះ​ក៏​ព្រោះ តែ​សាច់​សឹងតែ​គ្រប់​ប្រភេទ គឺមាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​។ ហើយ​ប្រូតេអ៊ីន គឺ​ចាំបាច់​សម្រាប់ ដំណើរការ​នៃ​ការលូតឡាស់ និង​សុខភាព​សាច់ដុំ ប៉ុន្តែ​ការរំលាយ​ប្រូតេអ៊ីន​ជាការ​ងារ ដ៏​ពិបាក​បំផុត​មួយ​ដែល​តម្រងនោម​ធ្វើ ឬ​ទទួលខុសត្រូវ​។ ការ ទទួលបាន​នូវ​ជាតិ​ប្រូតេអ៊ីន គឺ​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​ប្រូតេអ៊ីន​ច្រើន​ហួស ប្រមាណ​ពេក​អាច​បណ្ដាលឱ្យមាន​ផល ប៉ះពាល់​ដល់​តម្រងនោម​។ ប្រូតេអ៊ីន​ច្រើនពេក​បង្កើន​ការផ្ទុក​មេ​តា​ប៉ូ​លី​ក​ដែល​បង្ក​ការបំផ្លាញ ដល់​តម្រងនោម​។ ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ច្រើន​ក៏​បង្កើន​ហានិភ័យ នៃ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ផងដែរ​។ ហើយ​អ្នក​ដែលមាន​ជំងឺ​តម្រងនោម​មិនត្រូវ​បាន​ណែនាំ ឱ្យទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​ឡើយ​។​

៣. អំបិល​
​របប​អាហារ​សុខភាព​ល្អ​គួរ​រួមបញ្ចូល​ជាតិ​សូ​ដ្យូ​ម ឬ​អំបិល​ប្រមាណ​ត្រឹម ២៣០០ មី​លី​ក្រាម ឬ​ប្រហែល ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ប្រសិនបើ​ទទួលទាន​អាហារ​ប្រៃ ឬ​អំបិល​ច្រើនពេក​នោះ​តម្រងនោម​ត្រូវ​ធ្វើការ​កាន់តែខ្លាំង​ជាង​ធម្មតា​ដើម្បី​កម្ចាត់​ជាតិ​សូ​ដ្យូ​ម​ដែល​លើស​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ក្រៅពី​អំបិល​អ្នក​ក៏​គួរ​កាត់បន្ថយ​ការទទួល​ទាន អាហារ​ប្រៃ ឬ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម​។​

៤. ចេក​
ការទទួល​ទាន​ផ្លែ​ចេក​ច្រើន​លើស​ពេក​ក៏​មិនល្អ​ចំពោះ​មុខងារ​តម្រងនោម​ដែរ​។​នោះ​ក៏​ព្រោះតែ ផ្លែឈើ​នេះ​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​។ មនុស្សពេញវ័យ​សុខភាព​ល្អ​គួរ​ទទួលបាន ប៉ូ​តា​ស្យូ​ម​ចន្លោះ​ត្រឹម​ពី ៣៥០០ ដល់ ៤៧០០ មី​លី​ក្រាម​នៃ​ប៉ូ​តា​ស្យូ​ម​ប្រចាំថ្ងៃ​ពី​អាហារ​។ ចេក​ទំហំ​មធ្យម​មួយ​ផ្លែ​ទម្ងន់ ១៥០ ក្រាម​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ ៥៣៧​មី​លី​ក្រាម ទៅហើយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​តម្រងនោម​ណាមួយ​ស្រាប់​នោះ ការកម្រិត​បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​កាន់តែ​សំខាន់​។​

៥. ផលិតផល​អាហារ​ធ្វើឡើង​ពី​ទឹកដោះគោ​
ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដូចជា​ឈី​ស ទឹកដោះគោ និង​ទឹកដោះគោ​ជូរ គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែល​បង្កើន​កម្រិត​នៃ​ជាតិ​កាល់ស្យូម​ក្នុង​ទឹកនោម​។ វា​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​។​សម្រាប់​អ្នក​ដែលមាន ជំងឺ​តម្រងនោម​ស្រាប់​គួរ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដើម្បី​អនុញ្ញាតឱ្យ​តម្រងនោម​ងាយស្រួល​ដំណើរការ​មុខងារ​ច្រោះ​ឈាម​។ បឺ​រ​ជា​ផលិតផល​ផ្សំ​ឡើង​ពី ទឹកដោះគោ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ អ្វីដែល​សំខាន់​នោះ គឺ​ជំងឺ​បេះដូង​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​តម្រងនោម​។​

៦. ក្រូច​និង​ទឹកក្រូច​ស្រស់​
ក៏​ព្រោះ​ក្រូច​ក៏មាន​ផ្ទុក​កម្រិត​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ផងដែរ​។ ក្រូច​ទំហំ​មធ្យម​មួយ​ផ្លែ​អាច​ផ្ដល់ ជាតិ​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ ២៤០ មី​លី​ក្រាម ហើយ​មួយ​ពែង​នៃ​ទឹកក្រូច​ស្រស់​អាច​ផ្ទុក​ជាតិ ប៉ូ​តា​ស្យូ​ម ៤៧០ មី​លី​ក្រាម​ឯណោះ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​ក្រូច ឬ​ទឹកក្រូច​ស្រស់​ក្នុង​មួយថ្ងៃៗ ពិសេស​ប្រសិនបើ​អ្នក​កំពុងមាន​បញ្ហា​តម្រងនោម​ស្រាប់​៕ ដោយៈ health.com.kh