ដោយៈ ចាន់តូ / ភ្នំពេញ: បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូ ក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្ម កាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៧១ ត្រង់ចំណុចមុខក្លិបBlueline ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
បុរសជនរងគ្រោះមានឈ្មោះ ប៊ុន រ៉ងម៉ារឺលី អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ៥A ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូ PCX ពាក់ផ្លាកលេខ 1AV-0610។
ប្រភពបានឱ្យដឹងថា ដំបូងឡើយ គេបានឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករបាំងថ្មបែងចែកទ្រូងផ្លូវ បណ្ដាលឱ្យបោកក្បាលបាក់កស្លាប់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន រីឯសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី៕ ល/Ha