ដោយ: ចាន់តូ / ភ្នំពេញ: រថយន្តដឹកដីមួយគ្រឿងមិនចាំម៉ាក បើកបុកម៉ូតូមួយគ្រឿងពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោកក្បាលផ្ទប់នឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។
សពរងគ្រោះត្រូវជាប្ដីមានឈ្មោះ ហេង ដា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅ ភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកឯសពរងគ្រោះម្នាក់ទៀត ដែលត្រូវជាប្រពន្ធ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ប្ដីប្រពន្ធពីរនាក់ជិះម៉ូតូម៉ាក ស្មាសរ៊ីវ៉ូ ពណ៌ខ្មៅ ពាក់ផ្លាក កំពង់ឆ្នាំង 1B 7326 ធ្វើដំណើរតាម បណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុលើ បានបត់ឆ្វេងចូលទៅផ្លូវ អេ ប៊ីស៊ី ភ្លាមនោះ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង ពណ៌ស មិនចាំផ្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបានបត់ស្ដាំ ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកជាមួយ និងម៉ូតូពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោក្បាលផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអណោចអធម៍ ភ្លាមនោះរថយន្តបង្កមិនបានឈប់រថយន្ត នៅចាំដោះស្រាយទេ បានបន្ថែមល្បឿនព្យាយាម បើករត់គេចបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយកម៉ូតូរងគ្រោះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ចំណែកសពជនរងគ្រោះតម្កល់នៅវត្តទឹកថ្លា រង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ៕ ល