ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានព្រមានអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យទី១២មករាកុំឱ្យសម្លាប់ក្រុមបាតុករដែលបានក្រោកឡើងតវ៉ាជុំវិញរបបនេះបាញ់ទម្លាក់យន្តហោះស៊ីវិលខណៈរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់លោកបើកទ្វារចំហដើម្បីចរចាជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង់ដោយគ្មានលក្ខខណ្ឌជាមុន។
សេចក្តីអំពាវនាវរបស់លោកត្រាំបានកើតឡើងនៅពេលដែលរបបអ៊ីស្លាមរបស់អ៊ីរ៉ង់ប្រឈមនឹងការតវ៉ាតាមដងផ្លូវដ៏ខឹងសម្បារ ក្រោយពេលប៊ិះផ្ទុះសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក បន្ទាប់ពីប្រឈមមុខដាក់គ្នាទៅវិញទៅមក។
លោកត្រាំបានសរសេរនៅលើ Twitter ថា “ចំពោះមេដឹកនាំអ៊ីរ៉ង់ សូមកុំសម្លាប់បាតុកររបស់អ្នកឱ្យសោះ” ដោយព្រមានថា ពិភពលោកនិង “សំខាន់ជាងនេះទៀតគឺសហរដ្ឋអាម៉េរិកកំពុងឃ្លាំមើល”។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “Face the Nation” របស់ទូរទស្សន៍ CBS មុនពេលគាត់សរសេរនៅលើ Twitter រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោកម៉ាក អេស្ពើបាននិយាយថា លោកត្រាំនៅតែមានឆន្ទៈក្នុងការជួបពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ង់។
រដ្ឋមន្រ្តីក្រសួងការពារជាតិលោកម៉ាក អេស្ពើ បាននិយាយនៅកម្មវិធី “Face the Nation” របស់ទូរទស្សន៍ CBS ថា “យើងមានឆន្ទៈអង្គុយចុះនិងពិភាក្សាដោយគ្មានលក្ខខណ្ឌជាមុននូវមធ្យោបាយថ្មីឆ្ពោះទៅមុខជំហានជាបន្តបន្ទាប់ ដែលក្នុងនោះអ៊ីរ៉ង់នឹងកាន់តែក្លាយជាប្រទេសធម្មតាមួយ”។
ហើយប្រសិនបើមានអ្វីកើតឡើងចំពោះអ្នកតវ៉ា? លោកអេស្ពើបានឆ្លើយតបថា “ប្រធានាធិបតីមិនបានដាក់ចេញលក្ខខណ្ឌជាមុនណាមួយទេក្រៅពីនិយាយថាយើងមានឆន្ទៈក្នុងការជួបជាមួយរដ្ឋាភិបាលអ៊ីរ៉ង់”៕ ដោយ៖ កញ្ញាដាលីស