ដោយ: ចាន់តូ / ភ្នំពេញ: ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពកាប់ប្លន់ទៅលើបុរសជាអ្នករត់ម៉ូតូឌុបបានសម្រេច គេចខ្លួនមិនបានមួយម៉ោងផង ត្រូវសមត្ថកិច្ចចាប់បានម្នាក់មកសាកសួរ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលំ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
រងគ្រោះឈ្មោះ លន់ ផល្លី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបសន្តិសុខ ឆ្លៀតពេលទំនេររត់ម៉ូតូឌុប ស្នាក់នៅកន្លែងធ្វើការ មុខសាលារៀនហ៊ុននាងបឹងត្របែក។
ជនសង្ស័យមានឈ្មោះ តឹក ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ក្រោយចេញពីយាមឆ្លៀតរត់ម៉ូតូឌុប ដោយឌុបជនសង្ស័យចំនួន៣នាក់ ចេញពីបឹងត្របែកមកភូមិដើមចាន់ ខណៈពេលមកដល់ ជនសង្ស័យបានចុះពីលើម៉ូតូ ប្រាប់គាត់ថា ចាំបន្តិចយកលុយឲ្យ ស្រាប់តែជនសង្ស័យទាំងនោះបានព្រួតគ្នាវាយកាប់ប្លន់យកម៉ូតូរបស់គាត់បានជិះគេចខ្លនដោយសុវត្ថិភាព។
ក្រោយកើតហេតុ រូបគាត់បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ មិនបានមួយម៉ោងផង កម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែក២នាក់កំពុងរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិនាំខ្លួនមកប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើកំណត់ហេតុនិងស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះ មកផ្ដាន់ន្ទាទោសតាមផ្លួវច្បាប់នៅពេលក្រោយទៀត៕ ល/Ha