ក្រុមអាជ្ញាធរនិយាយថា មនុស្ស១២នាក់បានរងការបាញ់ប្រហារ នៅក្នុងនោះ៥ នាក់បានស្លាប់និង៧នាក់រងរបួសនៅក្នុងការបាញ់ប្រហារចំនួន៨ដាច់ដោយឡែកពីគ្នា នៅទីក្រុងបាល់ទីម័រ ក្នុងរដ្ឋម៉ែរីលែនកាលពីចុងសប្តាហ៍ ។
ការបាញ់ប្រហារដំបូងកាលពីថ្ងៃសៅរ៍ទី១១មករា ពាក់ព័ន្ធជនរងគ្រោះជាស្ត្រីចំនួន៣នាក់ ដោយពួកគេទាំងអស់ត្រូវបានរកឃើញរងរបួសនៅក្នុងរថយន្តមួយហើយជនរងគ្រោះម្នាក់បានស្លាប់ក្រោយត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ។
នៅប៉ុន្មានម៉ោងក្រោយមក ប៉ូលិសបានទៅដល់កន្លែងបាញ់ប្រហារមួយនៅក្រុងបាល់ទីម័រខាងត្បូង និងបានប្រទះឃើញបុរសត្រូវរបួសត្រង់ជើង។បន្ទាប់មកជនរងគ្រោះពីការបាញ់ទី២បានដើរចូលមន្ទីរពេទ្យដើម្បីស្វះស្វែងរកការព្យាបាលពីការរងរបួសដោយត្រូវគ្រាប់កាំភ្លើងត្រង់ជើង។
ក្រោយមកទៀតនៅម៉ោង ២កន្លះរសៀល ប៉ូលិសបានប្រទះឃើញបុរសម្នាក់ស្លាប់ដោយត្រូវគ្រាប់កាំភ្លើងនៅបាល់ទីម័រខាងត្បូងដដែល។កន្លះម៉ោងក្រោយមកទៀតក៏មានការបាញ់ប្រហារមួយទៀតដែលបណ្តាលឲ្យរបួសបុរសម្នាក់ទៀត។
នៅម៉ោងប្រមាណ៧យប់ ប៉ូលិសក៏បានរកឃើញបុរសម្នាក់រងរបួសដោយត្រូវគ្រាប់នៅបាល់ទីម័រភាគឦសាន។ការបាញ់ប្រហារនៅភាគនិរតីនៃទីក្រុងនេះក៏បណ្តាលឲ្យរងរបួសបុរសម្នាក់ និងម្នាក់ទៀតស្លាប់។នៅប៉ុន្មាននាទីក្រោយមកទៀតក៏មានការបាញ់ប្រហារនៅភាគឦសានបណ្តាលឲ្យរបួសបុរសម្នាក់។
សូមបញ្ជាក់ថា ទីក្រុងនេះមានអំពើឃាតកម្មចំនួន៣៤៨ករណីកាលពីឆ្នាំមុននិងជាឆ្នាំទី៥ជាប់ៗគ្នាដែលមានអំពើឃាតកម្មជាង៣០០ករណីនៅក្នុងទីក្រុងនេះ៕/Ha
ស្នងការប៉ូលិសនៃទីក្រុងបាល់ទីម័រ ធ្វើសន្និសីទកាសែតបន្ទាប់ពីការបាញ់ប្រហារដែលបានសម្លាប់មនុស្ស៥នាក់