ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ មានគណបក្សនយោបាយទើបបង្កើតថ្មីមួយដឹកនាំដោយមនុស្សវ័យក្មេងជំនាន់ក្រោយ បានអះអាងថា ខ្លួននឹងចូលប្រឡូកការងារនយោបាយសង្គម ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលគណបក្សនេះមើលឃើញទិដ្ឋភាពអយុត្តិធម៌ក្នុងសង្គមកម្ពុជាបច្ចុប្បន្នពោរពេញទៅដោយភាពខ្មៅងងឹត ប្រព័ន្ធយុត្តិធម៌មានស្តង់ដារពីរ ហើយចាត់ទុកតុលាការជាតុលាការតេឡេ។
នេះជាលើកឡើងត្រង់ៗរបស់អ្នកស្ថាបនិកគណបក្សកម្លាំងប្រជាធិបតេយ្យ ប្រាប់សារពត៌មានកាលពីថ្ងៃទី១២ ខែមករានេះ។
លោក អ៊ុន សាម៉េត ជាមនុស្សវ័យក្មេងម្នាក់ ជាស្ថាបនិកគណបក្សកម្លាំងប្រជាធិបតេយ្យ បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះថា យើងបង្កើតគណបក្សកម្លាំងប្រជាធិបតេយ្យដែលហៅកាត់ថា (គ ក ប) នេះឡើង ក្រោមបាវចនា”យុត្តិធម៌-សេរីភាព-អភិវឌ្ឍន៍”។ ដាច់ខាតត្រូវគោរពឲ្យបាននូវ៥ចំណុចសំខាន់ៗដូចជា១-គោរពរដ្ឋធម្មនុញ្ញនៃកម្ពុជា។ ២-រកយុត្តិធម៌និងសេរីភាពជូនប្រជាពលរដ្ឋ។ ៣-គោរពសិទ្ធិមនុស្សនិងគោលការណ៍នៃលិទ្ធិប្រជាធិបតេយ្យ។ ៤-ច្បាប់ស្តីពីគណបក្សនយោបាយ។ ៥-សាមគ្គីដើម្បីអភិវឌ្ឍន៍។
លោកសាម៉េត ស្ថាបនិកគណបក្សដែលមានរូបរាងល្អឹតសម្បុរស្រអែមរូបនេះ បានអះអាងថា ខ្លួនបានស្គាល់រសជាតិផ្អែម ល្វីងជូរចត់ពីសង្គមនេះច្រើនឆ្នាំមកហើយ ហើយបានចូលប្រឡូកធ្វើការជាមួយអង្គការសង្គមស៊ីវិល ជាមួយអង្គការក្រោរដ្ឋាភិបាល ក្នុងជួរកម្មករតាមរោងចក្រចំនួន២០រោងចក្រ កម្មករសំណង់។ល។
យើងបានឃើញនូវភាពអយុត្តិធម៌ក្នុងសង្គមច្រើនណាស់រាប់មិនអស់។ ប្រការនេះហើយ បានជាលោកសម្រេចចិត្តប្រមូលកម្លាំងយុវជន ប្រជាពលរដ្ឋកម្ពុជាទាំងមូលផ្តុំកម្លាំងមហាសាមគ្គីដណ្តើមយកនូវអំណាចនយោបាយមួយ ក្នុងការជួយលើកស្ទួយវិស័យយុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យ ឲ្យមានយុត្តិធម៌ក្នុងសង្គមឡើងវិញ។ បក្សយើងបានផ្តោតយកចិត្តទុកដាក់អប់រំបង្រៀនយុវជននិងប្រជាពលរដ្ឋឲ្យចេះដឹងជាមុនសិន។ អត់ចង់ឲ្យប្រជាពលរដ្ឋយើងគ្រាន់ស្តាប់ហើយអត់យល់ដឹងនោះទេ។អ្វីដែលរដ្ឋាភិបាលដោះអត់ចេញ យើងត្រូវតែដោះស្រាយឲ្យបាន។
អ្នកស្ថាបនិកគណបក្សរូបនេះ បាននិយាយត្រង់ៗរិះគន់ទៅនឹងប្រពន្ធ័តុលាការបច្ចុប្បន្ននេះថាជាប្រពន្ធ័តុលាការមានស្តង់ដារពីរ ឬប្រពន្ធ័តុលាការតេឡេ។គេសួរថា តើបើមានតុលាការនិងព្រះរាជអាជ្ញាធ្វើខុស កាត់ក្តីមិនយុត្តិធម៌ឫលំអៀង តើមានអ្នកណាដាក់ទោស ឬដកតំណែងពួកអ្នកទាំងនេះបានដែរឫទេ?ក្នុងពេលកន្លងមក។ ពេលខ្លះតុលាការបានយកច្បាប់ធ្វើជាមុខរបរ។ គាត់ថា កន្លងមកវិស័យអប់រំអត់មានកែទម្រង់អីទេ។កសិកម្មកំពុងដើរថយក្រោយ។ល។ ហេតុដូច្នេះបានជាពួកយើងស្ម័គ្រចិត្តចូលប្រឡូកបង្កើតបក្សថ្មីនេះ ដើម្បីចូលរួមកែលំអប្រព័ន្ធយុត្តិធម៌សង្គមមុនគេ។
លោកថា បក្សយើងបានរៀបចំរចនាសម្ពន្ធ័រួចស្រេចហើយពីលើដល់មូលដ្ឋាន ។គោលដៅជាអាទិភាពមុនគេគឺខេត្តបាត់ដំបង សៀមរាបនិងកំពង់ស្ពឺ។លោកបានលើកថា គណបក្សនយោបាយណាចង់ចូលរួម ឬសហការគ្នាអាចបើកទូលាយ។ មានគណបក្សនយោបាយរាប់រយបានបង្កើតឡើង តែអត់មានសកម្មភាព។ខ្លះក៏ងាប់ទៅវិញ។
បច្ចុប្បន្នមានប្រមាណតែ២០មានសកម្មភាព។ គណបក្សយើងបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃកាលពីចុងខែធ្នូឆ្នាំ២០១៩ ដែលមានទីស្នាក់ការនៅផ្ទះលេខ667 ភូមិទី7 បូរីសន្តិភាព2 សង្កាត់ចោមចៅ2 រាជធានីភ្នំពេញ៕B/Ha