ដោយៈសាវរក្ស/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌមានជ័យ បាននាំខ្លួនជនសង្ស័យ ដែលគេស្គាល់ថាជាម្តាយរបស់តារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលិកា បានសម្លាប់ស្ត្រីភេទទីបីម្នាក់ក្នុងបុរីវីឡាថោន យកទៅធ្វើត្រាប់ពីសកម្មភាពសម្លាប់ ដោយសាររឿងប្រច័ណ្ឌ ពេលដឹងថាសពជនរងគ្រោះមានទំនាក់ទំនងជាមួយ​ស្រីផ្សេងទៀត ។

ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ​មានទីលំនៅ​ផ្ទះលេខL42A ផ្លូវលេខV16A ( បុរីវីឡាថោន) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ​ ដែលត្រូវគេស្គាល់ថាជាម្តាយរបស់តារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលិកា ហើយសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីអំពើឃាតកម្ម ទៅលើស្ត្រីភេទទីបីម្នាក់ (ជនសង្ស័យ និងជនរងគ្រោះមានទំនាក់ទំនង​ស្រឡាញ់ស្រីដូចគ្នា ) ។

សូមជម្រាបថា ជនរងគ្រោះឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ផ្សារដេប៉ូ2 ខណ្ឌទួលគោក មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ (ស្លាប់មានស្នាមចងដៃទាំងសងខាង បណ្តាល​ឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង) ។ សម្ភារបាត់បង់ ៖ចិញ្ចៀនពេជ្រចំនួន២វង់(១វង់មានដាំពេជ្រធំល្មមចំនួន​៣គ្រាប់និង១វង់ទៀតមានដាំពេជ្រតូចៗចំនួន៣ជួរ ) ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២០ វេលាម៉ោង១១ ជនរងគ្រោះឈ្មោះងិន សុខលី បានជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង (មានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា)នៅចំណុចផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាចំណុចកើតហេតុ ។ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះ​ពុំមានពាក់ចិញ្ចៀនពេជ្រទាំង២វង់ដូចធម្មតា បានខឹងប្រច័ណ្ឌ (ដោយដឹងថា​ជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត) ជនសង្ស័យក៏បានទារលុយ​ចំនួន​១៥០០០ ដុល្លារដែលឲ្យយកទៅរកស៊ីចងការពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យ ក៏មានទំនាស់វាយប្រតាយប្រតប់គ្នា។ ខណៈនោះ​ជនរងគ្រោះមានអាការទន់ដៃ.ជើង ដូចមនុស្សស្រវឹងស្រាជោកជាំ​ជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន១ខ្សែមកចងដៃ​ជនរងគ្រោះ​ទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេក​ដូចមនុស្សធម្មតា។

លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៖៤០នាទី ទើបជនសង្ស័យ​បានឲ្យក្រុមគ្រួសារមករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។

បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានី​ភ្នំពេញ បានចុះមកពិនិត្យ​ធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះឈ្មោះងិនសុខលី ឃើញមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និង មានស្នាម​ដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង ហើយសពស្លាប់ដោយសារខ្ទប់ផ្លូវ​ដង្ហើម (ពាក់ព័ន្ធករណីឃាតកម្ម)។ ក្នុងពេលនោះសមត្ថកិច្ចយើងមានការសង្ស័យ​ទៅលើឈ្មោះ ស៊ិន ស្រីនាង (ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់) ក៏បាននាំខ្លួនយកទៅសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម តែជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានព្យាយាមឆ្លើយភូតកុហកអស់រយៈពេល​យ៉ាងយូរ ទើបជនសង្ស័យព្រមឆ្លើយសារភាពថារូបគាត់ពិតជាបាន​សម្លាប់​ជនរងគ្រោះឈ្មោះ ងិន សុខលី ពិតប្រាកដមែន។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅវត្តថ្វាយបង្គុំ ខណ្ឌ៧មករា៕B/Ha