តាមសេចក្តីរាយការណ៍នានាបានឱ្យដឹងថាសហរដ្ឋអាម៉េរិកពឹងផ្អែកលើការស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលដើម្បីធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ កាសសេម សូឡីម៉ានី។
សូឡីម៉ានី ប្រធានកងកម្លាំងឃូដនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិក នៅពេលគាត់ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិបាកដាដ បន្ទាប់ពីហោះហើរពីទីក្រុងដាម៉ាសកាលពីថ្ងៃទី ៣ មករា។
ទូរទស្សន៍ NBC News និងទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃអាទិត្យទី១២មករាថា អ្នកផ្តល់ព័ត៌មានសម្ងាត់នៅទីក្រុងដាម៉ាសបានប្រាប់តម្រុយដល់ទីភ្នាក់ងារ CIA អំពីជើងហោះហើរមួយណាដែលសូឡីម៉ានីនឹងជិះ ហើយចារកម្មអ៊ីស្រាអែលបានបញ្ជាក់និងអះអាងលើព័ត៌មាននោះ។
យោងតាមសារព័ត៌មានញូវយ៉កថែមស៍បានឱ្យដឹងថានាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូគឺជាមេដឹកនាំបរទេសតែមួយគត់ដែលដឹងអំពីផែនការធ្វើឃាតនេះ ក្រោយពីបាននិយាយទៅកាន់រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ ជាមុន។
មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់រ៉យទ័រថាក្រុមអ្នកស៊ើបអង្កេតអ៊ីរ៉ាក់ជឿថាសហរដ្ឋអាម៉េរិកត្រូវបានជួយដោយមន្រ្តីសន្តិសុខពីរនាក់នៅឯព្រលានយន្តហោះបាកដាដនិងបុគ្គលិកពីរនាក់របស់ក្រុមហ៊ុន Cham Wings ពោលគឺជាក្រុមហ៊ុនអាកាសចរណ៍ដែលសូឡីម៉ានីបានប្រើដើម្បីហោះទៅប្រទេសអ៊ីរ៉ាក់។
ប្រភពពីរ៉យទ័របាននិយាយថា បុគ្គលិកម្នាក់របស់ Cham Wings គឺជាចារកម្មនៅឯអាកាសយានដ្ឋានដាម៉ាស និងម្នាក់ទៀតធ្វើការនៅលើយន្តហោះ។
ប្រភពនិយាយទៀតថា ក្រុមអ្នកស៊ើបអង្កេតអ៊ីរ៉ាក់ជឿថា អ្នកផ្តល់ព័ត៌មានទាំង ៤ នាក់ ដែលគេមិនចាប់ខ្លួនទាំងនោះ បានធ្វើការជាមួយក្រុមមនុស្សដ៏ធំ ដែលផ្តល់ព័ត៌មានដល់យោធាអាម៉េរិក៕ ដោយ៖ កញ្ញាដាលីស