ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយចិននៅថ្ងៃពុធទី១៥មករាដែលនឹងអនុញ្ញាតអោយលោកប្រកាសជោគជ័យធំមួយ តែវាអាចសំរេចឡើងបានក្រោមការបង់ថ្លៃដ៏ខ្ពស់មួយបន្ទាប់ពីមានការប្រឈមមុខគ្នាអស់ពេល២ឆ្នាំរវាងមហាអំណាចសេដ្ឋកិច្ចផុតលេខទាំងពីរ។
អេវឺត អាល់ដែន អ្នកជំនាញគោលនយោបាយពាណិជ្ជកម្មនៅក្រុមប្រឹក្សាស្តីពីទំនាក់ទំនងបរទេសបាននិយាយថា «បញ្ហាលំបាកៗរវាងអាម៉េរិកនិងចិននៅតែមាននៅឡើយ»តែលោកបានទទួលស្គាល់ថា «ខាងនយោបាយ វាល្អបន្តិចដែរសំរាប់ត្រាំ»ដែលកំពុងឈរឈ្មោះសំរាប់តំណែងប្រធានាធិបតីអាម៉េរិកអាណត្តិថ្មីនៅឆ្នាំនេះ។
អាល់ដែន បាននិយាយថា សេតវិមានអាចអួតអាងថាវាជាការដាក់លក្ខខណ្ឌដ៏ម៉ឺងម៉ាត់លើចិន និងថា«តាមបច្ចេកទេសលោកបានសំរេចកិច្ចព្រមព្រៀងមួយ»ជាអ្វីមួយដែលលោកបានសន្យាចំពោះអ្នកបោះឆ្នោតកាលពីឆ្នាំ២០១៦។
យ៉ាងហោចណាស់ កិច្ចព្រមព្រៀងនេះបានធ្វើអោយទីផ្សារមានលំនឹងឡើងវិញ ក្រោយពីបានស្ថិតក្រោមការគំរាម និងការវាយពន្ធសងទៅសងមកនៅឆ្នាំ២០១៨និង២០១៩។វាពិតជានឹងជួយលោកត្រាំនៅក្នុងការធ្វើយុទ្ធនាការរកសម្លេងឆ្នោត ពីព្រោះវាផ្តល់កម្លាំងជំរុញមួយដល់សេដ្ឋកិច្ចអាម៉េរិក។
នៅពេលភាពមិនប្រាកដប្រជាកាន់តែរសាត់បាត់ទៅ ពួកអ្នកប្រើប្រាស់នឹងបង្កើនចំណាយជាមួយនឹងជំនឿចិត្ត រីបណ្តាស្ថាប័នជំនួញក៏អាចធ្វើដំណើរទៅមុខលែងសូវភ័យខ្លាចដូចពីមុន។
ឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហឹ និងប្រធានាធិបតីត្រាំ ត្រូវរំពឹងថានឹងចុះហត្ថលេខាលើកកិច្ចព្រមព្រៀងពាណិជ្ជកម្មជំហានដំបូងនៅថ្ងៃ១៥មករា
សូមរំលឹកថា កាលពីថ្ងៃចូលឆ្នាំថ្មី លោកត្រាំបានប្រកាសថាលោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលពី១នៅថ្ងៃ១៥មករា នៅសេតវិមាន។ឥឡូវឧបនាយករដ្ឋមន្ត្រីចិន ដែលបានដឹកនាំការចរចាពាណិជ្ជកម្មជាមួយអាម៉េរិក បានទៅដល់ទីក្រុងវ៉ាស៊ីនតោនដើម្បីការចុះហត្ថលេខា តែសេចក្តីលម្អិតនៃកិច្ចព្រមព្រៀងនៅជាអាថ៌កំបាំងនៅឡើយ។
កាលពីថ្ងៃអាទិត្យទី១២មករា រដ្ឋមន្ត្រីរតនាគារអាម៉េរិកលោក ស្ទេវិន ម្នូជីន បានហៅវាថាជា«កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ»និងថា«វាជាលើកដំបូងដែលយើងមានកិច្ចព្រមព្រៀងពិស្តារមួយជាមួយចិនស្តីពីបញ្ហាបច្ចេកវិទ្យា កសិកម្ម សេវាហិរញ្ញវត្ថុ និងការទិញ។វាមានយន្តហោះការអន្តវត្តន៍ច្បាប់ជាក់ស្តែងមួយ ដូច្នេះវាជាជោគជ័យមួយសំរាប់លោកប្រធានាធិបតី»។
សេតវិមានធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងរួមបញ្ចូល ការធ្វើអោយប្រសើរលើលក្ខខណ្ឌផ្ទេរបច្ចេកវិទ្យា ដែលរដ្ឋាភិបាលក្រុងប៉េកាំងដាក់លើបណ្តាក្រុមហ៊ុនបរទេស ព្រមទាំងការចូលក្នុងទីផ្សារចិនកាន់តែប្រសើរសំរាប់សេវាហិរញ្ញវត្ថុ។
យោងតាមអាម៉េរិក វាក៏ចែងថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងទិញផលិតផលអាម៉េរិកតំលៃ២០០ពាន់លានដុល្លារបន្ថែមក្នុងអំឡុងពេល២ឆ្នាំ ធៀបនឹងឆ្នាំ២០១៧ រួមមានកសិផលតំលៃ៥០ពាន់លានផងដែរ។
ជាថ្នូរមកវិញ រដ្ឋការត្រាំបានបញ្ឈប់ការយកពន្ធពិន័យថ្មីលើទំនិញផលិតនៅចិន ដូចជាគ្រឿងអេឡិចត្រូនិកនិងទូរស័ព្ទចល័ត ដែលតាមគំរោងត្រូវចាប់យកកាលពីខែមុន។អាម៉េរិកក៏នឹងកាត់បន្ថយពន្ធពាក់កណ្តាលសំរាប់ទំនិញតំលៃ១២០ពាន់លានដុល្លារដែលខ្លួនអនុវត្តយកលើទំនិញចិនកាលពីខែកញ្ញាឆ្នាំមុន។តែពន្ធគយជាច្រើនទៀតនៅរក្សាទុកដដែល ។
អ៊ីសវ៉ា ប្រាសាត សាស្ត្រាចារ្យខាងគោលនយោបាយពាណិជ្ជកម្មនៅសកលវិទ្យាល័យខននែល និងជាអ្នកជំនាញខាងកិច្ចការចិន បាននិយាយថាកិច្ចព្រមព្រៀងនេះជា«ជោគជ័យចម្រុះមួយ»និងវាកើតចេញពីការបង់ថ្លៃខ្ពស់គួរសមមួយដែរ។«ត្រាំទទួលបានសម្បទានខ្លះពីចិន និងដៃគូពាណិជ្ជកម្មរបស់អាម៉េរិកខ្លះ តែវាបង្កការខាតបង់ធំគួរសមមួយសំរាប់សេដ្ឋកិច្ចអាម៉េរិក និងការបាត់បង់កេរ្តិ៍ឈ្មោះជាអន្តរជាតិរបស់អាម៉េរិកខ្លះ ក្នុងនាមជាដៃគូគួរអោយទុកចិត្តនិងអាចពឹងពាក់បានមួយ»។
សេដ្ឋកិច្ចចិនរីកចំរើនយឺតទៅមួយផ្នែកដោយសារសង្គ្រាមពាណិជ្ជកម្មនេះ តែផលិតកម្មឧស្សាហកម្មនិងកសិករអាម៉េរិកក៏រងគ្រោះ។បើគិតអំពីវិស័យកសិកម្មរដ្ឋាភិបាលត្រាំបានផ្តល់ជំនួយ២៨ពាន់លានដុល្លារដើម្បីជួយកសិករក្នុងពេលប្រឈមមុខជាមួយចិននៅឆ្នាំ២០១៨និង២០១៩។ផ្នែកផលិតកម្មឧស្សាហកម្មអាម៉េរិកបានធ្លាក់ចូលក្នុងឱនភាពកាលពីខែសីហា។
ស៊ូ ប៊ីន សាស្ត្រាចារ្យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅសាលាពាណិជ្ជកម្មមួយនៅក្រុងសៀងហៃ បាននិយាយថាភាគីទាំងពីរអាចប្រកាសថាពួកគេសំរេចបានកិច្ចព្រមព្រៀងមួយដែល«អាចទទួលយកបាន តែមិនមែនជោគជ័យមួយទេ»។
លោកគិតថា ជម្លោះពាណិជ្ជកម្មចិន-អាម៉េរិកនឹងបន្តរាប់ឆ្នាំទៅទៀត អាច១០ឆ្នាំទៀត ២០ឆ្នាំទៀតនិងថែមទាំងយូរជាងនេះផងក៏ថាបាន៕ប្រែសម្រួល៖វាសនា