ដោយៈសុផល/ភ្នំពេញៈលោកស្រីបានស្រីមុំសមាជិការដ្ឋសភានិងជាអនុប្រធានគណៈកម្មការអប់រំយុវជនកីឡាធម្មការកិច្ចការសាសនាវប្បធម៌និងទេសចរណ៍នៃរដ្ឋសភាបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការស្ត្រីនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ នាវិមានរដ្ឋសភាអូស្ត្រាលី នាទីក្រុងកង់បេរ៉ា នារសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២០នេះ។
សភាអូស្ត្រាលីកំពុងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨APPFក្រោមមូលបទ«ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០និងឆ្នាំបន្តបន្ទាប់»។កិច្ចប្រជុំគណៈកម្មាធិការស្ត្រីជាកិច្ចប្រជុំមួយក្នុងចំណោមកិច្ចប្រជុំជាច្រើននៃកិច្ចប្រជុំប្រចាំឆ្នាំAPPFនេះដូចជាកិច្ចប្រជុំគណៈកម្មាធិការសន្តិសុខសេដ្ឋកិច្ចកិច្ចសហប្រតិបត្តិការតំបន់ជាដើម។កិច្ចប្រជុំទាំងអស់នេះនឹងដំណើរការបន្តបន្ទាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមករាឆ្នាំ២០២០នេះ។
គណៈកម្មាធិការស្ត្រីបានជជែកពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣ក្នុងការជំរុញលើកកម្ពស់សមភាពយេនឌ័រ។លោកស្រីបានស្រីមុំបានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនិងសភាកម្ពុជាក្នុងការលើកកម្ពស់ស្ត្រី។រាជរដ្ឋាភិបាលបានជំរុញបរិមាណស្ត្រីចូលរួមគ្រប់វិស័យទាំងវិស័យនយោបាយសង្គមនិងសេដ្ឋកិច្ច។
សូមជម្រាបថាវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក“TheAsiaPacificParliamentaryForum”ផ្តួចផ្តើមបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោកYasuhiroNakasoneក្នុងឆ្នាំ១៩៩៣មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចាំឆ្នាំដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។
អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី, ព្រះរាជាណាចក្រកម្ពុជា, ចិន,ជប៉ុន,សាធារណរដ្ឋកូរ៉េ,ម៉ុហ្គោលី,សហព័ន្ធរុស្ស៊ី,ឥណ្ឌូនេស៊ី,ឡាវ,ម៉ាឡេស៊ី,ហ្វីលីពីន,សឹង្ហបុរី,ថៃ វៀតណាម,ហ្វីជី,ម៉េក្រុនេស៊ី,ណូវែលហ្សឡង់,ប៉ាពូញូហ្គីនៀ,ប្រជុំកោះម៉ារសល,កាណាដា,ឈីលី, កូឡំប៊ី,មិគសិគកូរ,ប៉េរ៉ូ,សហរដ្ឋអាមេរិក,អេក្វាឌ័រ,និងកូស្ការីការ៕S/