រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ៃ ផមផេវ បាននិយាយកាលពីថ្ងៃអាទិត្យទី១២មករាថាលោកមានអារម្មណ៍ខឹងនិងរន្ធត់ចិត្តចំពោះការវាយប្រហារដោយមីស៊ីលមួយទៀតទៅលើមូលដ្ឋានអាកាសអ៊ីរ៉ាក់មួយដែលដាក់កងទ័ពអាម៉េរិក ខណៈដែលអ៊ីរ៉ង់ដែលជាប្រទេសជិតខាងបានបង្ហាញបំណងកាត់បន្ថយភាពតានតឹងក្នុងតំបន់។
លោក ម៉ៃ ផមផេវ បានសរសេរលើទំនាក់ទំនងTwitterថា” មានការខឹងសម្បារខ្លាំងបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការវាយប្រហារមួយទៀតដោយគ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានអាកាសរបស់អ៊ីរ៉ាក់។ ការបន្តរំលោភបំពានអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ដោយក្រុមដែលមិនស្មោះត្រង់នឹងរដ្ឋាភិបាលអ៊ីរ៉ាក់ត្រូវតែបញ្ឈប់”។
មនុស្ស៤នាក់បានរងរបួសនៅក្នុងការវាយប្រហារចុងក្រោយបំផុត ដែលបានតម្រង់ទៅលើលើមូលដ្ឋានអាកាសបាឡាតនៅតំបន់ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
យោធាអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតចំនួន៨ គ្រាប់ត្រូវបានបាញ់ទៅលើមូលដ្ឋាននេះ នៅចម្ងាយប្រហែល៨០ គីឡូម៉ែត្រពីភាគខាងជើងនៃរដ្ឋធានីបាដាត ហើយថាអ្នករងរបួសទាំង៤ នាក់នោះគឺរួមមានទាំងមន្ត្រី២នាក់ផងដែរ។
ប្រភពយោធាបាននិយាយថា អ្នករងរបួសទាំងនេះ គឺជាទាហានអ៊ីរ៉ាក់។
ពួកគេបាននិយាយថាគ្រាប់ផ្លោងចេញពីកាំភ្លើងធំចំនួន៧ គ្រាប់ បានធ្លាក់ចំផ្លូវយន្តហោះនៅមូលដ្ឋាននេះ។
មិនមានព័ត៌មានណាមួយបញ្ជាក់ពីការស្លាប់និងរបួសទាហានអាម៉េរិកនៅមូលដ្ឋាននោះទេ។
សេចក្តីថ្លែងការណ៍យោធាអ៊ីរ៉ាក់មិនបាននិយាយថានរណាជាអ្នកនៅពីក្រោយការវាយប្រហារនោះទេហើយក៏មិនបាននិយាយផងដែរអំពីភាពតានតឹងដែលកើនឡើងរវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់ដែលបានបាញ់មីស៊ីលជាច្រើនគ្រាប់កាលពីថ្ងៃពុធសប្តាហ៍មុនទៅលើមូលដ្ឋានយោធា២នៅប្រទេសអ៊ីរ៉ាក់ដែលជាទីតាំងរបស់កងទ័ពអាម៉េរិក។
មិនមានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារដោយរ៉ុក្កែតកាលពីថ្ងៃអាទិត្យនោះទេ។ ប៉ុន្តែកាលពីពេលមុនៗនោះសហរដ្ឋអាម៉េរិកបានស្តីបន្ទោសការវាយប្រហារបែបនេះទៅលើក្រុមដែលគាំទ្រអ៊ីរ៉ង់នៅប្រទេសអ៊ីរ៉ាក់៕ដោយ៖សុខា/sn
ទាហានអ៊ីរ៉ាក់ឈរយាមនៅជិតយន្តហោះចម្បាំងមួយនៅមូលដ្ឋានទ័ពអាកាសបាឡាត