ភ្នំពេញ​៖​លោក​ឧកញ៉ា គីម ហ៊ាង ប្រធាន KW Cambodia និង​ជា​អ្នកជំនាញ​អចលន ទ្រព្យ កម្ពុជា​មួយរូប បានដាក់​ក្ដី​រំពឹងថា ក្នុង​រយៈពេល ៣ ទៅ ៥ ឆ្នាំ ក្រោយវិស័យ​អចលនទ្រព្យ តំបន់​ក្រុង​តាខ្មៅ នឹង​វិវត្តន៍​ដូច តំបន់​ភ្នំពេញថ្មី នាពេល​បច្ចុប្បន្ន ។

ការអះអាង​របស់​អ្នកជំនាញ​អចលនទ្រព្យ​រូបនេះ គឺ​លោក​បាន​ផ្ដោតលើ គម្រោង​ធំៗ​ពីរ ដែល​កំពុង​សាងសង់ គឺ​គម្រោង​អាកាសយានដ្ឋាន​ថ្មី និង​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ទី​៣ ដែល​នឹង​ជំរុញ​វិស័យ​ដីធ្លី​ក្រុង​តាខ្មៅ ឲ្យ​មានតម្លៃ​កើនឡើង​ឡើង ក្នុង​រយៈពេល ៣ ទៅ ៥​ឆ្នាំ ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​ពិធី​សម្ពោធ​លំនៅឋាន កំពង់​សំណាញ់​-​ក្រុង​តាខ្មៅ នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០​។​
​ ​
លោក​ឧកញ៉ា គីម ហ៊ាង បាន​បញ្ជាក់ថា “​រយៈពេល ៣ ទៅ ៥ ឆ្នាំក្រោយ បន្ទាប់ពី​អាកាស យានដ្ឋាន​ថ្មី សាងសង់​ហើយ (​ឆ្នាំ​២០២៣) លំនៅដ្ឋាន​កំពង់​សំណាញ់ និង​តំបន់​ជុំវិញ​នៅ​ក្រុង តាខ្មៅ នឹងមាន​តម្លៃ​ដូច​ទៅនឹង​តំបន់​ភ្នំពេញ​ថ្មី​យើង នៅ​ភ្នំពេញ​រាល់ថ្ងៃ​អីចឹង ព្រោះ​ដូច​យើង ឃើញស្រាប់ តំបន់​នេះ មិនមែន​មានតែ​អាកាសយានដ្ឋាន​ទេ ផ្សារ​ទំនើប​ក៏មាន​ពិសេស​មាន ផ្លូវធំៗ​ងាយស្រួល​ចេញចូល​ភ្នំពេញ​ថែមទៀត​”​។​

ជាមួយគ្នា​នោះ លោក​ឧកញ៉ា សុខ ស្រស់ ប្រធានសភា​ពាណិជ្ជកម្ម​មណ្ឌល​ខេត្តកណ្ដាល -​កំពង់ឆ្នាំង និង​ជា​ម្ចាស់​គម្រោង​លំនៅឋាន​កំពង់​សំណាញ់ បានបង្ហាញ​នូវ​សុ​ទិ​ដ្ឋ​និយម ចំពោះ​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា ពិសេស​តំបន់​ជាយក្រុង ។ លោក​រំពឹងថា ការវិនិយោគ​ផ្នែក​លំនៅដ្ឋាន​នេះ នឹង​រួមចំណែក​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ បច្ចុប្បន្ន​ផងដែរ ។​
​ ​
សូមបញ្ជាក់ថា ជាមួយ​ការបើក​សម្ពោធ​លំនៅឋាន​កំពង់​សំណាញ់ នា​ក្រុង​តាខ្មៅ​ក្រុមហ៊ុនអចលនទ្រព្យ​ដ៏​ល្បី របស់​អាមេរិក នៅ​កម្ពុជា KW Cambodia គឺ​បានទទួល​សិទ្ធិផ្ដាច់មុខ ដើម្បី​លក់​គម្រោង​មួយ​នេះ ៕ ដោយ បូ​រិ​ន​