ដោយៈប.ខុន/ភ្នំពេញ ៖ សីតុណ្ហភាពនៅក្នុងរដូវប្រាំងឆ្នាំ២០២០ ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ឯទឹកភ្លៀងកក់ខែមានកម្រិតទាបជាងមធ្យម ភាគច្រើនឆ្នាំ។ ទោះជាយ៉ាងណា ស្ថានភាពអាកាសធាតុសម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២០ នេះ មានលក្ខណៈប្រសើរ ជាងរដូវប្រាំងនិង ដើមរដូវវស្សាឆ្នាំ២០១៩។ នេះបើយោងតាម សេចក្តីជូនដំណឹងស្តីពីការព្យាករណ៍​អាកាសធាតុលើកទី១សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២០​របស់ក្រសួងធនធានទឹកនិងឧតុនិយម។

ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២០ បានជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុលើកទី១សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០២០ថា ​តាមការពិនិត្យ តាមដាន និងការព្យាករណ៍ ស្ថានភាពសីតុណ្ហភាពលើផ្ទៃសមុទ្រ ប៉ាស៊ីហ្វិកក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថា នារដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីបាតុភូត អែនសូ(ENSO)ឬបាតុភូតអន្តរកាល ពោលគឺជាបាតុភូតមួយដែលស្ថិតនៅចន្លោះបាតុភូតអែល នីណូ( El Nino) និងឡានីណា( La Nina )។ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា​បានស្ថិតក្រោមបាតុភូត​អែនសូ(ENSO)៦០ភាគរយ បាតុភូតឡានីណា La Nina (ត្រជាក់ )២០ភាគរយ និងបាតុភូតអែលនីណា( El Nino) ( ក្តៅ )២០ភាគរយ។

នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនេះបានបញ្ជាក់ថា ឥទ្ធិពលនៃបាតុភូត​ទាំងបីខាងលើ ធ្វើឱ្យស្ថានភាព អាកាសធាតុសម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០២០នេះមានលក្ខណៈប្រសើរជាងរដូវប្រាំងនិងដើមរដូវវស្សា ឆ្នាំ២០១៩ កន្លងទៅ រដូវប្រាំងនិងដើមរដូវវស្សាឆ្នាំ២០១៩មានបាតុភូតអែល នីណូ( El Nino) បានគ្របដណ្តប់លើកម្ពុជារហូតដល់ទៅ៨០ភាគរយ​និង២០ភាគរយទៀត​ជាបាតុភូតអែនសូ( ENSO )។

ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា សីតុណ្ហភាពក្នុងរដូវប្រាំងនេះ​ខ្ពស់ជាងមធ្យម​ភាគច្រើនឆ្នាំនិងទឹកភ្លៀងមានកម្រិតទាបជាងមធ្យមភាគច្រើនឆ្នាំ។ ដោយនៅក្នុងខែមករា : បណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាព អប្បបរមាស្ថិតនៅក្នុងរង្វង់ ២០-២៣អង្សាសេនិងអតិបរមាស្ថិតក្នុងរង្វង់ ៣០-៣២ អង្សាសេ។

នៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា ស្ថិតនៅក្នុងរង្វង់ ២៤-២៦ អង្សាសេនិងអតិបរមាស្ថិតនៅក្នុងរង្វង់ ៣៣-៣៥អង្សាសេ និងសម្រាប់តំបន់មាត់ សមុទ្រ សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២៤-២៦អង្សាសេ និងអតិបរមាស្ថិត ក្នុងរង្វង់ ៣១-៣៣អង្សាសេ។

ចាប់ពីខែកុម្ភៈ ដល់ចុងខែមីនា ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់។ សីតុណ្ហ- ភាពអតិបរមាមធ្យមអាចកើនឡើងដល់៣៤អង្សាសេ ទន្ទឹមនេះនៅចុងខែមីនា អាចចាប់ផ្តើមមានភ្លៀងកក់ខែខ្លះៗនៅតំបន់មាត់សមុទ្រ និងតំបន់ទំនាប​កណ្តាល។

នៅខែមេសា:កម្រិតសីតុណ្ហភាពនឹងកើនឡើងខ្ពស់។ធាតុអាកាសនឹង មានសភាពក្តៅ ប្រហាក់ប្រហែលនឹងឆ្នាំ២០១៩។ ទន្ទឹមនោះក្នុងខែមេសា អាចមានភ្លៀងកក់ខែគួរសម តែបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ (Thunderstorm) ក៏មានច្រើនផងដែរ។

នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា រដូវវស្សាឆ្នាំ២០២០ អាចនឹង ចាប់ផ្តើមនៅសប្តាហ៍ទី២នៃខែឧសភា(ចាត់ទុកថាជាប្រក្រតីភាព)។ នៅដើមរដូវ វស្សារបាយទឹកភ្លៀងអាចមានកម្រិតពីមធ្យមទៅបង្គួរ។ កូនរដូវប្រាំង អាចនឹង កើតមាននៅក្នុងសប្តាហ៍ទី២នៃខែកក្កដា។ ទោះបីនៅក្នុងខែមេសា និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើនជាងឆ្នាំ២០១៩ តែបរិមាណទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹក​ដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពី​ប្រភពទឹក៕B/Ha