ដោយ:គូលែន/សៀមរាប ៖ ក្រុមការងារបច្ចេកទេសបាននិងកំពុងមមាញឹកក្នុងការសាង​សង់ផ្លូវដប់ខ្សែក្នុងចំណោមផ្លូវ១៧ខ្សែ ដែលជាគម្រោងថវិការបស់រដ្ឋបាលខេត្តសៀមរាប។ នេះគឺជាការបញ្ជាក់អោយដឹងមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តសៀមរាប នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។

មន្ត្រីនៃ មន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តសៀមរាប បាននិយាយថា អាជ្ញាធរខេត្តបាននិងកំពុងជំរុញដល់ក្រុមការងារបច្ចេកឱ្យអនុវត្តបានទាន់ពេលវេលា និងធានានូវគុណភាពផងដែរ។ ជាមួយគ្នានេះ ផ្លូវក្រោយផ្សារលើទៅដល់ផ្លូវក្រវាត់ក្រុង (ផ្លូវតាអ៊ុច) បានដាក់លូរួចរាល់ និងកំពុងចាក់បេតុងបានប្រវែង៦៥០ម៉ែត្រ លើប្រវែងសរុប១២ ៥០០ម៉ែត្រ។

មន្ត្រីដដែលបានបន្តថា ម្យ៉ាងទៀត អាជ្ញាធរខេត្តក៏សូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋពីបញ្ហាកកស្ទះចរាចរណ៍ ពិសេសអំឡុងពេលកំពុងចាក់បេតុង។ ដូចនេះសូមបងប្អូនមេត្តាយោគយល់ខ្ពស់ និងអធ្យាស្រ័យគ្នាក្នុងអំឡុងពេលស្ទះចរាចរណ៍។ អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងមានការចូលរួម និងយោគយល់ដល់ក្រុមការងារកំពុងពេលដំណើរការសាងសង់៕B/