ដោយ:គង់ហេង/កំពង់ចាម ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន ៥៤៩ នាក់បានចុះមកពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋបានប្រមាណ ៦.៧៨៩ នាក់ នៅក្នុងបរិវេណវិទ្យាល័យសម្តេច ជួន ណាត ស្ថិតក្នុងភូមិត្រកួន ឃុំ ក្រឡា ស្រុកកំពង់សៀមរយ:ពេលមួយថ្ងៃ។ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនរស់នៅជុំវិញតំបន់នោះបានសំណូមពរឲ្យជួយពិនិត្យ និងព្យាបាលជំងឺដល់ពួកគាត់យ៉ាងតិចក៏បានចំនួនពីរថ្ងៃដែរ។

ស្រ្តីវ័យចំណាស់អ្នកស្រី អ៊ូ ផាន់ បានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ ថា កាលពីថ្ងៃអាទិត្យថ្ងៃទី ១២ ខែមករាម្សិលមិញអ្នកស្រីបានទៅចូលរួមក្នុងសកម្មភាពឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាល មិនយកសេវា នៅទីតាំងខាងលើជាមនុស្សច្រើនកុះករ។ ដើម្បីសូមឲ្យពិនិត្យជំងឺឡើងសម្ពាធឈាមដែលបានកើតលើរូបអ្នកស្រីតាំងពីអាយុ ៥០ ឆ្នាំ និងជំងឺឈឺក្បាលជង្គង់ទាំងពីរកាលពីឆ្នាំមុន។

ស្រ្តីវ័យ ៧២ ឆ្នាំរូបនេះបានឲ្យដឹងទៀតថា ក្រោយពីការពិនិត្យគ្រូពេទ្យស្ម័គ្រចិត្តបានផ្តល់ថ្នាំចំនួន បី មុខឥតគិតថ្លៃ និងបានប្រាប់ឲ្យទៅខាងគ្រូពេទ្យបូមឈាមពិនិត្យបន្តទៀត។ ប៉ុន្តែសេវាមិនបង់ប្រាក់ចុងនេះអ្នកស្រីមិនបានចូលរួមទេ គឺអ្នកជំងឺត្រូវបូមឈាមពិនិត្យច្រើននាក់ពេក និងម្យ៉ាងជិតដល់ម៉ោងសម្រាកព្យាបាលទៀត។

អ្នកស្រី ផាន់ បានបន្តថា ដូច្នេះក្នុងនាមអ្នកស្រីជាប្រជាពលរដ្ឋ និងជាអ្នកជំងឺម្នាក់ ក៏ដូចជាអ្នកមានជំងឺឡើងសម្ពាធឈាម និងជំងឺច្រើនទៀតដូចអ្នកស្រីនេះច្រើននាក់ផ្សេងទៀតនៅក្នុងភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម។ សំណូមពរដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាមេត្តាចុះពិនិត្យមួយលើកៗ ឲ្យបានច្រើនថ្ងៃជាងនេះ គឺយ៉ាងហោចក៏បានពីរថ្ងៃដែរ។ ចង់ឲ្យគ្រូពេទ្យបូមឈាមពនិត្យម្តង ព្រោះអាយុ ៧២ ឆ្នាំហើយមិនដឹងថាក្នុងខ្លួនខ្វះជាតិអ្វី ឬលើសជាតិអ្វី ជាពិសេសនៅមិនទាន់ដឹងថាខ្លួនឯងឈាមស្ថិតក្នុងប្រភេទអ្វីផង។

ប្រភពព័ត៌មានពីមន្រ្តីសាលាស្រុកកំពង់សៀមបានឲ្យដឹងថា ក្នុងសកម្មភាពមនុស្សធម៌ពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំឥតគិតថ្លៃរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី រយ:ពេលមួយថ្ងៃខាងលើនោះ គឺបានដល់ប្រជាពលរដ្ឋសរុបចំនួន ៦.៧៨៩ នាក់ ក្នុងស្រ្តីចំនួន ៤.៤៨១ នាក់។

ប្រភពដដែលបានបន្តថា នៅក្នុងសកម្មភាពមនុស្សនោះដែរលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១៧លាន រៀល និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមចំនួន បួនលាន រៀល។

កញ្ញាវេជ្ជបណ្ឌិត ឈុន រក្សា តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានថ្លែងថា ក្រុមគ្រូពេទ្យរបស់យើងដែលបានចុះមកពិនិត្យព្យាបាលមានចំនួន ៥៤៩នាក់ ក្នុងនោះស្រ្តីចំនួន ៣៥១នាក់ នៃគ្រូពេទ្យស្ម័គ្រចិត្តមួយនេះសរុបចំនួន ៤.២៧៥នាក់។ ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

កញ្ញាតំណាងក្រុមគ្រូពេទ្យរូបនេះបានឲ្យដឹងទៀតថា ការពិគ្រោះជំងឺមាន: ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្រ្តី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើរស្បែក ជំងឺព្រួន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ …។ល។