​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​មករា បាន​ការពារ​ការសំរេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការមិន​អនុញ្ញាត​អោយ​ប្រធាន​អង្គការ​សិទ្ធិមនុស្ស Human Rights Watch (HRW)​ចូល​ទឹកដី​ហុងកុង ដោយ​សំអាង​ថា អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​បង្កចលាចល​នយោបាយ​នៅក្នុង​ទីក្រុង​ពាក់កណ្តាល​​ស្វ័យ​ត​នេះ និង​ពួក​គេ​សម​ទទួល​ផល​ពី​អំពើ​ដែល​ពួកគេ​បានធ្វើ​។​

​លោក​ខិន​ណិ​ត រ៉ូត ត្រូវ​ទៅ​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ហុងកុង​នា​សប្តាហ៍​នេះ ដើម្បី​បង្ហាញ​ការអង្កេត​ជា​សកល​ចុងក្រោយ​របស់​អង្គការ​ដែល​មាន​​មូលដ្ឋាន​នៅ​អាម៉េរិក​មួយ​នេះ តែ​លោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ត្រូវបាន​អាជ្ញាធរ​ហុងកុង​បញ្ជូន​ត្រឡប់​ក្រោយ​វិញ​ក្រោយពី​​បាន​ទៅ​ដល់​អាកាសយានដ្ឋាន​ហុងកុង​។​

​ចិន​កាលពី​ខែ​មុន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​អង្គការក្រៅរដ្ឋាភិបាល​អាម៉េរិក​ខ្លះ រួមមាន​អង្គការ​សិទ្ធិមនុស្ស​HRW ជាការ​សងសឹក​ចំពោះ​ការ​​ដែល​អង្គការ​ទាំងនោះ​ជំរុញ​អោយ​សភា​អាម៉េរិក​អនុម័ត​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ហុងកុង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហ្គេង​សួង បាន​និយាយថា​«​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​នរណាម្នាក់​ចូល​ជា​សិទ្ធិ​អធិបតេយ្យភាព​របស់​ចិន​។​​មាន​ការពិត​និង​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់ថា អង្គការ​មួយ​នេះ​បាន​គាំទ្រ​ពួក​រ៉ាឌីកាល់​ប្រឆាំង​ចិន​នៅ​ហុងកុង​តាម​មធ្យោបា​ជាច្រើន ដោយ​​បាន​លើកទឹកចិត្ត​អោយ​ពួកគេ​ប្រព្រឹត្ត​សកម្មភាព​ជ្រុលនិយម ហិង្សា​និង​ឧក្រិដ្ឋ ហើយ​ថែមទាំង​ញុះញង់​បង្ក​សកម្មភាព​ផ្តាច់ខ្លួន​ប្រកាស​ឯក​​រាជ្យ​ថែមទៀត​»​។​

«​ពួកគេ​ទទួលខុសត្រូវ​ដ៏​ធំ​ចំពោះ​ចលាចល​នាពេល​បច្ចុប្បន្ន​នៅ​ហុងកុង​។​អង្គការ​ទាំងនេះ គួរ​ត្រូវ​ដាក់ទោស និង​គួរ​បង់​តំលៃ​ដែល​ពួកគេ​បាន​​ប្រព្រឹត្ត​»​។​

​សូមបញ្ជាក់​ថា ហុងកុង បាន​រង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អស់​ពេល​៧​ខែ​មក​ហើយ ក្នុង​វិបត្តិ​នយោបាយ​ធំ​បំផុត​របស់​អតីត​ទឹកដី​អាណានិគម​​នេះ​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​មក​នេះ​។​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចេញ​មក​តវ៉ា​តាម​ដងផ្លូវ​ដើម្បី​ទាមទារ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​​ទូលំទូលាយ​ឡើង​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និង​ប្រធាន​អង្គការ​HRW​លោក​ខិន​ណិ​ត រ៉ូត