ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក​សុខ​ពុទ្ធិ​វុ​ធ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កាលពីពេល​ថ្មីៗ​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5G​សម្រាប់​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដែល​រៀបចំ​ដោយ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន នៃ​សាធារណរដ្ឋ​ចិន​(​ហៅ​កាត់​ថា CAICT)​នាទី​ក្រុង​ប៉េកាំង​។​

​គួរបញ្ជាក់​ផងដែរ​ថា CAICT គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ស្ថិតក្រោម​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន (MIIT)​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៥៧​។​CAICT​បាននិងកំពុង​ផ្តល់នូវ​ការ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធសាស្ត្រ​ផែនការ​គោលនយោបាយ​ស្តង់ដា​ការសាកល្បង​និង​វិ​ញ្ញាប​ន​ប័ត្រ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​និង​ព័ត៌មាន​និង​កម្មវិធី​ព័ត៌មានវិទ្យា​នៅក្នុង​ប្រទេស​ចិន​។​

​វគ្គ​បណ្តុះបណ្តាល​ខ្លី​ស្តីអំពី​បច្ចេកវិទ្យា​5G​ដែល​រៀបចំ​ដោយ​CAICT​នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​នូវ​បទពិសោធន៍​ដល់​មន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​ស្តីអំពី​គោលនយោបាយ​សម្រាប់​ការគាំទ្រ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​5G​។​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​បទពិសោធន៍​អំពី​ការដាក់​ពង្រាយ​5G​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​បណ្តា​ប្រទេស​មួយចំនួនទៀត​។

​ការបណ្តុះបណ្តាល​រយៈពេល​៥​ថ្ងៃ​បានលើកឡើង​នូវ​ប្រធានបទ​ជាច្រើន​ដូចជា​យុទ្ធសាស្ត្រ​នៃ​បច្ចេកវិទ្យា​5G និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ជា​សាកល និង​សម្រាប់​ប្រទេស​ចិន ប្រធានបទ​ស្តីអំពី​ស្តង់ដា និង​បច្ចេកវិទ្យា​5G ការចែករំលែក​ហេដ្ឋារចនាសម្ព័ន្ធ​5G ផែនការ និង​ការគ្រប់គ្រង​វិសាល​គម​ន៍ (Spectrum) សន្តិសុខ​អ៊ិន​ធឺ​ណិ​តនៃ​ប្រព័ន្ធ 5G និង​សេវាកម្ម​និង​កម្មវិធី​ផ្សេងៗ​នៃ​បច្ចេកវិទ្យា​5G ។

​ក្រៅពីនោះ វគ្គ​បណ្តុះបណ្តាល​ក៏មាន​ការចូលរួម​ពី​សំណាក់​តំណាង​ក្រុមហ៊ុន China Unicom និង China Telecom ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​របស់​ពួកគេ​អំពី​ការដាក់​ពង្រាយ​ប្រព័ន្ធ 5G ជា​ផ្លូវការ​នៅក្នុង​ប្រទេស​ចិន​។​លោក​សុខ​ពុទ្ធិ​វុ​ធ​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​LuJianwen​អគ្គនាយករង​នៃ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មានវិទ្យា​ចិន (MIIT)​លោកស្រី​WangZhiqin​អនុប្រធាន​នៃ​CAICT​។

​លោក​VictorZhang​អគ្គនាយក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​Huawei​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​នេះ​ជា​កិច្ចពិភាក្សា​ស៊ីជម្រៅ​ស្តីអំពី​គំរូ​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​5G​នៅ​កម្ពុជា​តាម​ទស្សនៈ​នៃ​ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន​(MIIT)​បណ្ឌិត្យសភា​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ចិន​(CAICT) និង ក្រុមហ៊ុន Huawei ។​

​លោក​សុខ​ពុទ្ធិ​វុ​ធ​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា​“​បច្ចេកវិទ្យា​5G​គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ដ៏​សំខាន់​ក្នុង​ការកសាង​បណ្តាញ​ត​ភ្ជាប់​ដ៏​ពេញលេញ​និង​វៃឆ្លាត​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ជម្រុញឱ្យមាន​ផែនទី​បង្ហាញផ្លូវ​នៃ​ការរៀបចំ​ប្រព័ន្ធ​5G(5Groadmap)​និង​ចាប់​
​ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០២០​នេះ​។​

​វគ្គ​បណ្តុះបណ្តាល​5G​ពិតជា​មាន​ប្រយោជន៍​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការធ្វើ​សេចក្តីព្រាង​ផែនការ​រៀបចំ​គ្រប់គ្រង​គោលនយោបាយ​និង​បទ​ប្បញ្ញត្តិ​សម្រាប់​ប្រព័ន្ធ​5G​។​ខ្ញុំ​ជឿជាក់ថា​4G​ផ្លាស់​ប្តូរជីវិត ចំណែក​5G​នឹង​ផ្លាស់ប្តូរ​សង្គម​ទាំងមូល​”​។​លោក​រដ្ឋលេខាធិការ​បា​ន​បន្ថែមទៀតថា​“​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​(MPTC)​នឹងធ្វើ​ការ​លើ​ការរៀបចំ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​បច្ចេកវិទ្យា​5G(5G roadmap) និង​ប្តេជ្ញា​ជម្រុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​5G នៅ​ឆ្នាំ​២០២០​សម្រាប់​ប្រទេស​កម្ពុជា ។

ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​និង​ភាពចាស់ទុំ​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម​5G​នឹងមិន​ត្រឹមតែ​ជម្រុញ​ការផ្លាស់ប្តូរ​និង​ការធ្វើឱ្យ​ឧស្សាហកម្ម​បែប​ប្រពៃណី​មាន​ភាពប្រសើរឡើង​ប៉ុណ្ណោះ​ទេ​ថែមទាំង​ចូលរួម​បង្កើត​មុខ​ជំនួញ​ថ្មីៗ​ជាច្រើន​ទៀតផង​ដែរ​។​បច្ចេកវិទ្យា​5G​បាន​ក្លាយជា​កម្លាំង​ថាមពល​ថ្មី​មួយទៀត​ដែល​អាចឱ្យ​យើង​អាច​ទាញយក​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​ដែលជា​កត្តា​ជម្រុញ​មួយ​ក្នុង​ការសម្រេច​ចក្ខុវិស័យ​២០៥០​ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ​ប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​”​។​

​បន្ទាប់ពី​ពិធី​បិទ​បានបញ្ចប់​លោក​សុខ​ពុទ្ធិ​វុ​ធ​និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ពិព័រណ៍ R&D (Executive Briefing Center) នៃ​ក្រុមហ៊ុន Huawei នៅ​ទីក្រុង​ប៉េកាំង​។​ក្រុមហ៊ុន Huawei បានបង្ហាញ​នូវ​ផលិតផល​និង​ដំណោះស្រាយ​ចុងក្រោយ​នៃ​ប្រព័ន្ធ​5G​និង​បទ​បង្ហាញ​ស្តីអំពី​បទពិសោធន៍​នៃ​បច្ចេកវិទ្យា​5G​សម្រាប់​ទីផ្សារ​ពិភពលោក​។​

​នៅពេល​ទស្សនកិច្ច​នោះ​គណ​:​ប្រតិភូ​កម្ពុជា​បាន​ស្វែងយល់​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​5G​នៅក្នុង​វិស័យ​ផ្សេងៗ​ដូចជា​ទីក្រុង​ឆ្លាត​វៃ​ការអប់រំ​ឆ្លាត​វៃ​សុខាភិបាល​ឆ្លាត​វៃ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​វិស័យ​ផ្សេៗ​ទៀត​ដែល​បច្ចេកវិទ្យា​នេះ​នឹង​ជួយ​ដល់​ការបង្កើន​ប្រសិទ្ធភាព​ការងារ​និង​គុណភាព​នៃ​ជីវិត​នាពេល​អនាគត​។​

គួ​បញ្ជាក់​ផងដែ​ថា នៅត្រឹម​ខែមករា​ឆ្នាំ ២០២០​ក្រុមហ៊ុន​Huawei​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន ៦០ ជាមួយ​ប្រតិបត្តិ​ករ​ទូទាំង​ពិភពលោក ហើយ​បាន​នាំចេញ​ឧបករណ៍​5G ជាង ៤០០.០០០ បង្គោល​អង់​តែ​ន (base station)​។​ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លំដាប់​ពិភពលោក​នៃ​ប្រព័ន្ធ 5G ក្រុមហ៊ុន​Huawei​បានធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង​២០​ឆ្នាំ​មកហើយ​ហើយនឹង​បាន​ឈរ​យ៉ាងរឹងមាំ​ជាមួយ​រដ្ឋាភិបាល​ប្រតិបត្តិ​ករ​និង​ដៃគូ​ដើម្បី​ឆ្ពោះទៅមុខ​សម្រាប់​ការកសាង​បណ្តាញ​ត​ភ្ជាប់​ដ៏​ពេញលេញ​កម្ពុជា​ដ៏​ឆ្លាត​វៃ​៕S/