ករណីអំពើពុករលួយក្នុងវិស័យកីឡាដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបិទបាំងសារធាតុជំនួយកម្លាំងហាមឃាត់និងអំពើទុច្ចរិតខុសច្បាប់បានបើកកាលពីថ្ងៃចន្ទទី១៣មករានៅទីក្រុងប៉ារីស ហើយភ្លាមៗបានជួបឧបសគ្គផ្លូវច្បាប់ជាច្រើន។

ការជំនុំជម្រះក្តីរយៈពេលពីរសប្តាហ៍ត្រូវគេរំពឹងថានឹងបញ្ចេញភស្តុតាងលម្អិតបញ្ជាក់ថា អត្តពលិករុស្ស៊ីបានចំណាយប្រាក់ជាច្រើនលានដុល្លារដើម្បីលាក់បាំងការសង្ស័យប្រើសារធាតុហាមឃាត់របស់ពួកគេ ដូច្នេះពួកគេអាចចូលរួមប្រកួតនៅអូឡាំពិកក្នុងឆ្នាំ ២០១២ និងការប្រកួតដទៃទៀត។

លោក ឡាមាញ ឌាក (Lamine Diack) ដែលបានបម្រើការជាប្រធាននៃគណៈគ្រប់គ្រងកីឡាអស់រយៈពេលជិត ១៦ ឆ្នាំ គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ពីបទទទួលប្រាក់សំណូក។

នៅក្នុងពេលបើកសវនាការ អយ្យការបានស្នើឱ្យមានការពន្យារពេលការជំនុំជម្រះក្តីនេះសិនដើម្បីថ្លឹងថ្លែងភស្តុតាងថ្មីដែលទទួលបានពីសេណេហ្គាល់ ដែលជាប្រទេសកំណើតរបស់លោកឌាក ហើយកូនប្រុសរបស់គាត់ឈ្មោះប៉ាប៉ា ម៉ាសសាតា​ ឌាក (Papa Massata Diack) ដែលជាប់ចោទក្នុងករណីនេះដែរ កំពុងរស់នៅសេណេហ្គាល់ដើម្បីគេចខ្លួនពីដីកាចាប់ខ្លួនជាអន្តរជាតិចេញដោយបារាំង។

ក្រុមរដ្ឋអាជ្ញានិយាយថា ពួកគេបានទទួលភស្តុតាង ៣ បាច់ក្រាស់ៗ ដែលតម្កល់ទុកនៅតុលាការកាលពីថ្ងៃចន្ទគឺតែប៉ុន្មានម៉ោងមុនពេលបើកសវនាការ។ ពួកគេបាននិយាយថា ភស្តុតាងទាំងនោះរួមបញ្ចូលទាំងសេចក្តីថ្លែងការណ៍ដែលប៉ាប៉ា ម៉ាសសាតា​ ឌាកបានឆ្លើយសារភាពចំពោះអ្នកស៊ើបអង្កេតនៅសេណេហ្គាល់ និង ព័ត៌មានលម្អិតធនាគារពីក្រុមហ៊ុនប្រឹក្សាយោបល់ចំនួនបីរបស់គាត់។

លោកប៉ាប៉ា ម៉ាសសាតា​ ឌាកត្រូវបានចោទប្រកាន់ថាបានធ្វើការជាមួយឪពុករបស់គាត់លើគម្រោងការពុករលួយនេះ។ ប៉ុន្តែមេធាវីរបស់គាត់បានប្រាប់តុលាការថាគាត់នឹងមិនចូលរួមសវនាការនោះទេ។

ពួកចៅក្រមបានសុំដកខ្លួនដើម្បីពិចារណាលើសំណើសុំពន្យារពេល។

ក្នុងនាមជាប្រធាន IAAF (ស្ថាប័នគ្រប់គ្រងអត្តពលិកពិភពលោក) លោកឌាកគឺជាបុរសមានឥទ្ធិពលបំផុតមួយរូបក្នុងកីឡាអូឡាំពិក ដែលបានគ្រប់គ្រងកីឡាអំឡុងសម័យកាលដែលយូសេន បូល ក្លាយជាអ្នករត់ប្រណាំងដ៏មានប្រជាភាពបំផុត។ ប៉ុន្តែកេរ៍ដំណែលរបស់លោកឌាកនិងកិត្តិស័ព្ទរបស់ IAAF បានរងការខូចខាតយ៉ាងដំណំនៅពេលលោកចុះចេញពីតំណែងក្នុងឆ្នាំ ២០១៥។ គាត់ត្រូវបានចាប់ខ្លួនក្នុងប្រទេសបារាំង ហើយក្រុមអ្នកស៊ើបអង្កេតបានលាតត្រដាងការចោទប្រកាន់ជាច្រើនថាពួកអត្តពលិកបានបង់លុយឱ្យគាត់ដើម្បីលាក់បាំងករណីប្រើសារធាតុហាមឃាត់របស់ពួកគេ៕ ដោយ៖ កញ្ញាដាលីស

អតីតប្រធាន IAAF លោក ឡាមាញ ឌាក អំឡុងសន្និសីទកីឡានៅថ្ងៃទី២១សីហាឆ្នាំ២០១៥ ក្នុងទីក្រុងប៉េកាំង