ក្រសួងយុត្តិធម៌អាម៉េរិកប្រកាសកាលពីថ្ងៃចន្ទទី១៣មករាថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនសិក្ខាកាមយោធាអារ៉ាប៊ីសាអូឌីតចំនួន ២១ នាក់ទៅស្រុកវិញ បន្ទាប់ពីការស៊ើបអង្កេតលើ “ពួកជីហាដ” សម្លាប់ទាហានជើងទឹកអាម៉េរិក ៣ នាក់កាលពីខែមុន។

អគ្គរដ្ឋអាជ្ញាលោក ប៊ីល បា បាននិយាយថា ការបាញ់សម្លាប់កាលពីថ្ងៃទី ៦ ធ្នូដោយលោកអនុសេនីយ៍ទោ ម៉ូហាម៉េត សាអ៊ីត អាល់សាមរ៉ានី នៃកងទ័ពអាកាសអារ៉ាប៊ីសាអូឌីតលេខ ២ នៅស្ថានីយទ័ពអាកាសអាម៉េរិកនៅទីក្រុងផេនសាកូឡា រដ្ឋផ្លរីដា គឺជា “អំពើភេរវកម្ម”។

លោកបានប្រាប់អ្នកយកព័ត៌មានថា “ភស្តុតាងបង្ហាញថាអ្នកបាញ់ប្រហារត្រូវបានជម្រុញទឹកចិត្តដោយមនោគមវិជ្ជាជីហាដ”។

មិនមានភស្តុតាងណាមួយបញ្ជាក់ថាលោកអាល់សាមរ៉ានីបានឃុបឃិតជាមួយអ្នកណាទៀតនោះឡើយ ប៉ុន្តែលោកបានិយាយថា ក្រុមស៊ើបអង្កេត FBI មិនអាចដោះសោទូរស័ព្ទទាំងពីររបស់ជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់នេះបានទេដើម្បីកំណត់ថាគាត់បានទាក់ទងអ្នកណាខ្លះ។

លោកបានិយាយថា “យើងបានស្នើសុំឱ្យក្រុមហ៊ុន Apple ជួយដោះសោទូរស័ព្ទ iPhone របស់អ្នកបាញ់ប្រហារ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Apple មិនបានផ្តល់ឱ្យយើងនូវជំនួយដ៏សំខាន់នោះទេ”។

អគ្គរដ្ឋអាជ្ញារូបនេះបាននិយាយថា មិត្តរួមការងាររបស់លោកអាល់សាមរ៉ានីចំនួន ២១ នាក់ត្រូវបានបណ្តេញចេញពីសាលាហោះហើររបស់មូលដ្ឋានទ័ពអាកាស បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ពួកគេភាគច្រើនមានសម្ភារៈជីហាដនិងរឿងអាសអាភាសកុមារ។

ខណៈដែលសម្ភារៈទាំងនោះមិនអាចរាប់ចូលដល់កម្រិតត្រូវកាត់ទោសព្រហ្មទណ្ឌ លោកបានិយាយថារដ្ឋាភិបាលក្រុងរីយ៉ាដបានប្តេជ្ញាថា “សម្ភារៈទាំងនោះបង្ហាញការប្រព្រឹត្តមួយដែលមិនអាចក្លាយជាមន្ត្រីក្នុងកងទ័ពអាកាសនិងកងទ័ពជើងទឹកអារ៉ាប៊ីសាអូឌីតបានទេ ហើយទាហាន ២១ នាក់ត្រូវបានដកចេញពីកម្មវិធីបណ្តុះបណ្តាលរបស់ពួកគេ”។

លោកបានិយាយថា ពួកគេត្រូវវិលត្រឡប់ទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីតវិញនៅយប់ថ្ងៃចន្ទ។

លោកបានបន្ថែមថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានប្តេជ្ញាថានឹងពិនិត្យឡើងវិញនូវករណីនីមួយៗក្រោមក្រមយុត្តិធម៌និងក្រមព្រហ្មទណ្ឌយោធា។

លោកបានិយាយថា “លើសពីនេះទៀត អារ៉ាប៊ីសាអូឌីតបានធានាដល់យើងថាប្រសិនបើយើងសម្រេចចិត្តចោទប្រកាន់លើអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅអារ៉ាប៊ីសាអូឌីតវិញក្នុងការជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតប្រឆាំងភេរវកម្ម ព្រះរាជាណាចក្រនេះនឹងបញ្ជូនពួកគេត្រឡប់ទៅអាម៉េរិកវិញដើម្បីជំនុំជម្រះ”៕ ដោយ៖ កញ្ញាដាលីស

អគ្គរដ្ឋអាជ្ញាលោក ប៊ីល បា បាននិយាយថា ការបាញ់សម្លាប់កាលពីថ្ងៃទី ៦ ធ្នូដោយលោកអនុសេនីយ៍ទោ ម៉ូហាម៉េត សាអ៊ីត អាល់សាមរ៉ានី នៅស្ថានីយទ័ពអាកាសអាម៉េរិកនៅទីក្រុងផេនសាកូឡា រដ្ឋផ្លរីដា គឺជា “អំពើភេរវកម្ម”
ម៉ូហាម៉េត សាអ៊ីត អាល់សាមរ៉ានី អាយុ២១ឆ្នាំ បានបាញ់សម្លាប់ទាហានអាម៉េរិក៣នាក់ មុនពេលត្រូវគេបាញ់ស្លាប់