ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរគួរសម ម្ល៉ោះហើយធ្វើឱ្យមានការរីកចម្រើនច្រើនរឿងក្នុងនេះមិនថាជារឿងកិច្ចការងារប្រចាំថ្ងៃ បញ្ហាប្រាក់កាស និងពិសេសរឿងផ្ទាល់ខ្លួនតែម្តង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរដោយពេញដៃពេញជើងហើយអាចរកផល កម្រៃគ្រាន់កក់ក្តៅ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងមានភាពស្រស់ស្រាយចំពោះ គ្នាយ៉ាងប្រពៃ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបម្ល៉ោះហើយ ឱ្យប្រយ័ត្នការទទួលរងរបួសលើខ្លួនប្រាណ ឬការបាត់បង់ប្រាកកាស់ដោយប្រការណាមួយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។
រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះបើលោកអ្នកចង់ណាត់នរណាម្នាក់ចរចាឬធ្វើអ្វីមួយក៏តែងផ្តល់ផលល្អហើយពិសេសអាចឆាប់ចុះសម្រុងគ្នាបានឆាប់រហ័សផង។ការប្រកបការងារលោកអ្នកមិនត្រូវបង្កជម្លោះជាមួយស្ត្រីភេទឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវតូចសោះប្រែជារីកធំរកទប់ទល់មិនឈ្នះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់គប្បីចេះពិនិត្យសមាសភាពមនុស្សបានឱ្យល្អិតល្អន់ទើបប្រសើរ ។
សម្ព័ន្ធស្នេហាប្រុសស្រីថ្ងៃនេះមិនល្អទេចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតបញ្ហាណាមួយឈានដល់ការប្រេះស្រាំផ្សះផ្សាលែងកើត៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះមានការផ្លាស់ប្តូរអារម្មណ៍ ហើយការប្រកបការងារក៏តែងរាំងស្ទះ ញឹកញាប់ច្រើនផង។ក្រៅពីនេះការរស់នៅលោកអ្នកចូរប្រយ័ត្នការមានទំនាស់សម្តីជាមួយក្រុមមនុស្សនៅក្បែរខ្លួនពិសេសអាចត្រូវគេស្តីបន្ទោសឬជេរស្តីក្នុងរឿងអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករងកម្មនៅគ្រាខាងមុខ ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារខ្លួនឯងពីព្រោះថាផលល្អៗតែងហុចមកវិញផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាស ល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំ មានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ដូចនេះទោះធ្វើអ្វីក៏តែង មានការជឿនលឿនទៅមុខនិងមានជោគមានជ័យផង។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយឃើញថាមិនមានអ្វីទាស់ខុសទេគឺផ្តល់ការចម្រុងចម្រើនគួរសម។ការធ្វើដំណើរទីជិតឆ្ងាយមិនគប្បីប៉ះពាល់គ្រឿងស្រវឹងឡើយព្រោះពុំសូវមានសុវត្តិភាពឡើយពិសេសអ្នកបើកបរតែម្តង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់និងកំពុងមានភាពសុខដុមចំពោះគ្នាណាស់ដែរ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីមួយក៏ដោយលោកអ្នកត្រូវតែមានការសម្រេចចិត្តឱ្យបានល្អិតល្អន់ ហើយត្រូវតែចងចាំថាបើសម្រេចចិត្តត្រូវនឹងទទួល បានផលល្អឯការ សម្រេចចិត្តខុសវិញគឺមិនត្រឹមខកបំណងទេគឺថែមទាំងត្រូវខ្លោចផ្សាផ្លូវចិត្តទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើឯផលកម្រៃទៀតសោតអាចប្រមូលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមិនអាចយកភាពក្តៅក្រហាយដាក់ខ្លួនបានទេពីព្រោះថាផលអាក្រក់ងាយឆ្លើយតបមកវិញណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកក្នុងការរកផលកម្រៃហើយពិសេសឱ្យប្រយ័ត្នកើតមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយនិងជម្លោះវិវាទច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការប្រកបការងារមានភាពរលូនល្អនិងធ្វើអ្វីតែងសម្រេចដល់គោលដៅថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាការចេញធ្វើជំនួញតាមផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីការរកផលចំណូលមានចូលមួយៗគ្រាន់បន្សើមបំពង់កអញ្ចឹងដែរ។ចំណែកបញ្ហាសុខភាពបើលោកអ្នកត្រូវដេកមន្ទីរពេទ្យអាចត្រូវជាសះហើយត្រូវចេញពីមន្ទីរពេទ្យទៀតផង។
សម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខហើយពេលនេះកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីលោតឡើងខ្ពស់ ដូចនេះបើមានកិច្ចការអ្វី លោកអ្នកអាចសម្រុកបានហើយពីព្រោះថាផលល្អៗនោះមិនអត់ប្រយោជន៍ឡើយ។ទាំងស្ត្រីបុរសបើលោកអ្នកមានកិច្ចការចាស់នៅសេសសល់មិនទាន់បានធ្វើនៅឡើយគប្បីសម្រុកបញ្ចប់បើពុំនោះទេវានឹងបង្កើតផលលំបាកនៅពេលឈានដល់ថ្ងៃខាងមុខវិញជាក់ជាពុំខាន។ក្រៅពីនេះបើមានកិច្ចការណាសំខាន់ក៏អាចសម្រុកបានដែរពីព្រោះថាផលល្អៗតែងរង់ចាំជានិច្ច។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងហុចផ្លែផ្កាល្អៗមកវិញជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមិនត្រូវជ្រួលជ្រើមពេកឡើយប្រយ័ត្នដូចពាក្យចាស់ថា”ទឹកភ្នែកជូតក្បាលជង្គង់”៕
ឆ្នាំច
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយ តែងមិនហុចលទ្ធផលដូចជាទីពេញចិត្តនោះឡើយ។ការប្រកបការងារមានការរាំងស្ទះនិងជួបបញ្ហាច្រើន។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានបញ្ហាអ្វីកុំយកកំហឹងទល់កំហល់ឱ្យសោះប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់មនុស្សយើងមានជួបទាំងទុក្ខនិងសុខហើយបើមានជួប ថ្ងៃល្អក៏តែងមានជួបថ្ងៃមិនល្អវិញដែរនិងបើជួបថ្ងៃប្រកបការងាររាំងស្ទះក៏តែងជួបថ្ងៃប្រកបការងាររលូនល្អវិញ។រឿងរាវទាំងនេះជាបញ្ហាធម្មតាដែលតែងតែកើតឡើងលើមនុស្សគ្រប់រូបគ្មាននរណាអាចចៀសវាងបានឡើយ។ទោះបីយ៉ាងណាបញ្ហាទាំងអស់យើងអាចធ្វើការទប់ស្កាត់និងប្រុងប្រយ័ត្នដោយខ្លួនឯងបាន។ ការប្រកបរបររកស៊ីជួញដូរជួបនូវបញ្ហាលំបាកប្រាក់ ចំណូលបន្តិចតែក៏មានភាពសុខដុមដូចសព្វមួយដង។
សម្រាប់បញ្ហាស្នេហាកំលោះក្រមុំនៅថ្ងៃនេះវិញឃើញថាមានបញ្ហាប្រទាំងប្រទើសច្រើនតែភាពផ្អែមល្ហែមក៏កើតមានច្រើនដែរ៕