ដូចការសន្យាពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជានិងអ្នកសារព័ត៌មានលើកទី៤ នឹងចាប់ផ្តើមនៅរសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ពិធីជួបជុំនេះនឹងចាប់ផ្តើម ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឡើងមានប្រសាសន៍ជម្រាបជូនសម្តេចតេជោ និងអង្គពិធី ពាក់ព័ន្ធនឹងស្ថានភាពអ្នកសារ ព័ត៌មាន ក្នុងឆ្នាំកន្លងមក។ បន្ទាប់មកសម្តេចតេជោនឹងមានប្រសាសន៍សំណេះ សំណាលជាមួយអ្នក សារព័ត៌មាន។ ក្រោយមក នឹងមានពិធីពិសារអាហារពេលល្ងាច រវាងសម្តេចតេជោ ហ៊ុនសែននិងក្រុមអ្នកសារព័ត៌មាន។
អ្នកសារព័ត៌មាន មកពីទស្សនាវដ្តី កាសែត សមាគម ក្លិបអ្នកកាសែត វិទ្យុ ទូរទស្សន៍ គេហទំព័រ និងអ្នកសារព័ត៌មានសេរី( Freelance) បានចុះឈ្មោះនៅក្រសួងព័ត៌មាន ហើយក្រសួងបាន រៀបចំចេញបណ្ណសម្គាល់ជូនដល់អ្នកសារព័ត៌មាន សម្រាប់ប្រើ ប្រាស់ក្នុងពិធីជួបជុំរវាង សម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន លើកទី៤ នាថ្ងៃទី១៤ ខែមករា។
ក្នុងនោះ ក្រៅពីអ្នកសារព័ត៌មាន ក៏មានមន្ត្រីអ្នកនាំពាក្យ តាមក្រសួងស្ថាប័នជាតិព្រមទាំងថ្នាក់ខេត្តរាជធានី ចូលរួមផងដែរ។
កាលពីឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុនសែន បានជួបជាមួយអ្នកសារព័ត៌មានជាងមួយពាន់ នាក់ លើកដំបូង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខា ភ្នំពេញនៅជ្រោយ ចង្វា។ លើកទី២ នៅថ្ងៃទី២១ មករា ឆ្នាំ២០១៨ នៅកោះពេជ្រ និងលើកទី៣ នៅថ្ងៃទី១១ មករា ឆ្នាំ២០១៩ នៅកោះពេជ្រ។
ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានបីលើកកន្លមក ត្រូវបានចាត់ទុកថា ជាថ្ងៃប្រវត្ថិសាស្ត្រមួយ នៅក្នុងវិស័យសារព័ត៌មានកម្ពុជា ដែលជាឱកាសឲ្យអ្នកសារព័ត៌មាន ក្នុងស្រុក បានជួបជុំជាមួយអ្នកសារព័ត៌មានដូចគ្នា មកពីបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ បានជជែកពិភាក្សាគ្នា និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។
ក្នុងឱកាសនោះ ក្រៅពីបានជួបជាមួយសម្តេចតេជោហ៊ុនសែន អ្នកសារព័ត៌មានក៏បានជួប ជាមួយមន្ត្រីអ្នកនាំពាក្យ មកពីគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។
ការអញ្ជើញផ្តល់កិត្តិយសពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងជំនួបជាមួយអ្នក កាសែតគឺបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះអ្នក សារព័ត៌មាន ដើម្បីបង្កើនទំនាក់ទំនងល្អ ក្នុងការជួយជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់ តែរីកចម្រើន។
ក្នុងជំនួបលើកទី៤ នាថ្ងៃទី១៤ ខែមករានេះក្រសួងព័ត៌មាន បានប្រកាសថាមានអ្នកសារ ព័ត៌មានក្នុងស្រុក មិនតិចជាងប្រាំពាន់នាក់ទេ បានចុះឈ្មោះ និងទទួលបានកាតសម្គាល់ សម្រាប់ចូលរួមពិធីជួបជុំជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី។
លើកនេះ ក្រសួងព័ត៌មាន ក៏បានប្រកាសទទួលយកសំណូមពរ និងសំណើររបស់អ្នក សារព័ត៌មាន តាមរយៈសមាគម ក្លិបអ្នកកាសែត ហើយបញ្ជូនមកក្រសួង។ ក្រសួងព័ត៌មាន នឹងរៀបចំសំណូមពរ និងសំណើរទាំងនោះ ដាក់ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី។
ជាការពិត ជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានក្នុងស្រុក គឺជាជំនួប សំខាន់ ដែលអ្នកសារព័ត៌មាន បានជួបដោយផ្ទាល់ និងស្តាប់ប្រសាសន៍របស់នាយករដ្ឋមន្ត្រី ក៏ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងមន្ត្រីរាជរដ្ឋាភិបាល មន្ត្រីអ្នកនាំ ពាក្យក្រសួងស្ថាប័នជាតិ និងអ្នកសារព័ត៌មាន។
ក្នុងជំនួបលើកនេះ គេរំពឹងថា បញ្ហាប្រឈម និងកង្វល់របស់អ្នកសារព័ត៌មានក៏អាចលើក ឡើង ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពិសេសពាក់ព័ន្ធនឹងមន្ត្រីអ្នកនាំពាក្យរបស់ក្រសួង ស្ថាប័នជាតិមួយចំនួន ដែលអ្នកសារព័ត៌មានកន្លងមក ពិបាកទាក់ទង ស្វែងរកព័ត៌មាន ជាដើម។
ការកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ជាជំនួបលើកទី៤ រវាងសម្តេចតេជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកសារព័ត៌មាន មិនមែនជារឿងចៃដន្យទេ។ ប៉ុន្តែថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ គឺជាខួបលើកទី៣៥ ឆ្នាំ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឡើងកាន់តំណែងជា “នាយករដ្ឋមន្ត្រីនៃកម្ពុជា” (១៤មករា ១៩៨៥-១៤ មករា ២០២០)។
ប៉ុន្តែបើគិតពីរយៈពេល ដែលសម្តេចតេជោ ហ៊ុន សែន បានចូលរួមដឹកនាំកម្ពុជា ក្នុងរដ្ឋា ភិបាល គឺចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មកទល់ឆ្នាំ២០២០ នេះ គឺមានរយៈពេល ៤១ឆ្នាំហើយ។
ក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលត្រូវបានជ្រើសតាំងពីការបោះឆ្នោត និងការគាំទ្រ ផ្តល់សេចក្តីទុកចិត្តរបស់សភា ក៏ដូចជាព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានប្រឹង ប្រែងដឹកនាំកម្ពុជា អស់ពីកម្លាំងកាយចិត្ត ពិសេសក្នុងអតីតកាល គឺសម្តេចតេជោ ហ៊ុនសែន នេះឯង ដែលបានយកជីវិត ជាដើមទុន ដើម្បីសង្គ្រោះប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាត ប្រល័យពូជសាសន៍ប៉ុលពត ដោយសម្តេចរត់ភៀសខ្លួនទាំងគ្រោះថ្នាក់ ទៅសុំជំនួយពី វៀតណាម ដើម្បីវាយផ្តួលរំលំរបបខ្មែរក្រហម រហូតដល់ទទួលជ័យជម្នះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
បន្តមកទៀត ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ សម្តេចតេជោ ហ៊ុន សែន នៅពេលឡើងដឹកនាំកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គឺដៃម្ខាងដឹកនាំ អភិវឌ្ឍប្រទេស ដែលងើបពីបាតដៃទទេ រីឯដៃម្ខាងទៀត ទប់ទល់នឹងការប៉ុនប៉ងវិលត្រឡប់របស់ក្រុម ខ្មែរក្រហម។
សម្តេចតេជោ ហ៊ុន សែន ក៏បានជម្នះឧបស័គ្គផ្ទៃក្នុងបក្សជាថ្មីទៀត ដើម្បីដឹកនាំកម្ពុជា ចេញពីទីផ្សារផែនការ ហើយនៅឆ្នាំ១៩៨៧ សម្តេចតេជោក៏បានបើកការចរចាជាមួយ សម្តេចព្រះនរោត្តមសីហនុ ទាំងផ្ទៃក្នុងបក្សមួយចំនួន ហាក់មិនគាំទ្រសម្តេច។ ប៉ុន្តែដោយ សារតែមានទស្សនៈវិស័យវែងឆ្ងាយ និងដើម្បីខ្មែរ ឈប់បង្ហូរឈាមគ្នាតទៅទៀត សម្តេច តេជោ ហ៊ុន សែន បានពុះពារគ្រប់ឧស័គ្គទាំងឡាយរហូតដល់សម្រេចបាននូវកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។
ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះ មិនបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានោះទេ។ ពោលគឺខ្មែរក្រហម មិនត្រូវបានរំសាយអង្គការចាត់តាំងនៅឡើយ។ ក្រុមខ្មែរក្រហម បន្តកាន់កាប់ទឹកដីកម្ពុជា នៅខេត្តជាប់ព្រំដែនថៃ ដូចជា ប៉ៃលិន បាត់ដំបង និងខេត្តឧត្តរ មានជ័យ ជាដើម។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានយកជីវិត ធ្វើដើមទុនឡើងវិញ ដោយសម្តេច ចូលទៅកាន់តំបន់ខ្មែរក្រហមកាន់កាប់នៅប៉ៃលិន និងនៅសំឡូត ជាដើមដើម្បីប្រកាសកង ទ័ពខ្មែរក្រហម ធ្វើសមាហរណកម្ម ក្នុងជួររាជរដ្ឋាភិបាល។
ក្នុងនោះ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបអង្គការចាត់តាំងខ្មែរក្រហមត្រូវបានរំលាយ ទាំងស្រុង ដោយសារតែ ខៀវសំផន អៀងសារី នួនជា បានមកចុះចូលដល់ផ្ទះរបស់សម្តេច នៅតាខ្មៅ ខេត្តកណ្តាល។ នេះជាជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេច ដែលបញ្ចប់អង្គការចាត់តាំងរបស់ខ្មែរក្រហម នាំសុខសន្តិភាពពេញលេញដល់កម្ពុជា។
ក្រោយពីរំលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដោយជោគជ័យ តាមរយៈនយោបាយ ឈ្នះឈ្នះ រួចមក សម្តេចតេជោ ហ៊ុន សែន មានឱកាសពេញលេញក្នុងការងារអភិវឌ្ឍ ប្រទេសកម្ពុជា។ ផ្លូវជាតិ ផ្លូវលំ ស្ពាន សាលារៀន និងវត្តអារាមជាច្រើនត្រូវបានសាងសង់ ឡើងជាបន្តបន្ទាប់។ ជីវភាពប្រជាជន ពិសេសអ្នកនៅជនបទ ត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំង។ តាមស្រុកស្រែចំការ មកដល់ពេលនេះ ប្តូរពីរទេះគោ មកជាគោយន្ត ប្តូរពីកង់ មកជាម៉ូតូ និងឡានស្ទើរគ្រប់ផ្ទះ។ ផ្លូវថ្នល់ ដែលពីមុន ជាផ្លូវដី លំបាកធ្វើដំណើរ តែពេលនេះបានប្រែ ក្លាយជាផ្លូវបេតុង និងផ្លូវកៅស៊ូ។ ក្នុងនោះ ឆ្លងទន្លេពីម្ខាងទៅម្ខាង ដោយប្រើទូកដ ឬសាឡាង តែពេលនេះ ប្រែក្លាយជាស្ពានថ្ម ចង់ឆ្លង និងដឹកជញ្ជូនទំនិញ ផលិតផលកសិកម្មនៅម៉ោង ណាក៏បាន ហើយមិនប្រថុយនឹងគ្រោះថ្នាក់ទៀតឡើយ។
នៅទូទាំងប្រទេស ពិសេសនៅភ្នំពេញ អគារខ្ពស់ៗ ស្ពានអាកាស ត្រូវបានសាងសង់ ឡើងយ៉ាងស្អេកស្កះ ហើយអ្នកវិនិយោគបរទេស និងអ្នកវិនិយោគកម្ពុជា មិនស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគនៅកម្ពុជានោះទេ ពិសេសលើវិស័យអចលនទ្រព្យសំណង់អគារខ្ពស់ៗ ដ៏ច្រើន។ នៅមានសមិទ្ធផលច្រើនវិស័យទៀត ដែលយើងរាប់មិនអស់ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ថ្មីៗនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសនូវជំហ មិនអោនក្បាលចំពោះបរទេស ជាថ្នូរនឹងជំនួយនោះទេ។ ចំពោះការប្រកាសព្រមានរបស់បរទេស ពិសេសសហភាពអឺរ៉ុប ដែលចង់ដាក់ការគៀបសង្កត់សេដ្ឋកិច្ចដោយសារតែជឿតាមការញុះញង់របស់ក្រុមប្រឆាំង មួយក្តាប់តូចនោះ គឺសម្តេចតេជោ ហ៊ុន សែន មិនអោន ក្បាល ចុះញ៉មជាដាច់ខាត។ វិធានការជាច្រើន ត្រូវបានសម្តេចតេជោ ប្រកាសអនុវត្តសម្រាប់ពង្រឹងឯករាជ្យភាពវិស័យ សេដ្ឋកិច្ច ដើម្បីទប់ស្កាត់ភាពងាយរងគ្រោះ ប្រសិន បើសហភាពអឺរ៉ុប ឬសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើកម្ពុជាមែននោះ។
ជារួម ក្នុងជំនួបបីលើកកន្លងមក សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា តែងតែចាត់ទុកថា ការរីកចម្រើនរបស់ប្រទេសជាតិ មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អ្នកកាសែតបានទេ។ ក្នុងនោះ ការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានពិតប្រាកដ គឺកាន់តែផ្តល់នូវទំនុកចិត្តដល់ ទេសចរបរទេស និងវិនិយោគគិនបរទេស។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏តែងតែចង់ឃើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មានអនឡាញ ( Online News ) និងអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងអស់ (Social Networks) ចូលរួមផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក ក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិយើង កាន់តែរីកចម្រើនលឿនទៅមុខ។
ក្នុងគោលដៅលើកស្ទួយសេរីភាពសារព័ត៌មាន និងនីតិរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានគោរពយ៉ាងហ្មត់ចត់នូវគោលការណ៍សំខាន់ពីរ គឺសេរីភាពក្នុងការផ្សាយព័ត៌មានដោយគ្មានការត្រួតពិនិត្យជាមុន និងការផ្តល់សិទ្ធិឲ្យជន បរទេស អាចធ្វើជាម្ចាស់ស្ថាប័នផ្សព្វផ្សាយព័ត៌មាន។ សេរីភាពនេះ ត្រូវបានធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មានដែលត្រូវបានគេមើល ឃើញថា ជាប្រទេស ដែលមានសេរីភាពខាងសារព័ត៌មានល្អជាងប្រទេសដែលកាន់របប ប្រជាធិបតេយ្យមួយចំនួន នៅក្នុងតំបន់អាស៊ាន។
ក៏ប៉ុន្តែដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយមានយុត្តិធម៌ និងប្រទេសមួយ មាននីតិរដ្ឋ គឺសម្តេចតេជោ ហ៊ុន សែន តែងតែងលើកឡើងថា ទាមទារឲ្យអ្នកសារព័ត៌មានរបស់យើងខិតខំប្រឹងប្រែង បន្តទៀត នូវការអភិវឌ្ឍសមត្ថភាពយល់ដឹងរបស់ខ្លួន និងមានភាពស្មោះ ត្រង់ក្នុងវិជ្ជាជីវៈ ក្លាហាន ហ៊ាននិយាយការពិត និងដោយហ៊ានទទួលយកការពិត ដើម្បីឲ្យព័ត៌មានរបស់ខ្លួន ក្លាយជាព័ត៌មានពិត ហើយធ្វើការឆ្លុះបញ្ចាំង ឲ្យឃើញគ្រប់តថភាពសង្គម ដើម្បីចូលរួម ប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់រដ្ឋបាលសាធារណៈ ហើយការងាររបស់អ្នកកាសែត ដែលត្រូវបំពេញមានច្រើនណាស់ ទាំងនៅពេលបច្ចុប្បន្ន និងនៅពេលអនាគត។
ក្នុងនោះ អ្នកសារព័ត៌មាន ត្រូវស្តាប់គ្រប់សំឡេង និងត្រូវផ្តល់ជាទស្សនៈ ផ្តល់ជាគំនិត ដែលអ្នកដឹកនាំ អាចយកទៅត្រិះរិះពិចារណាដើម្បីយកទៅកែលម្អក្នុងក្របខ័ណ្ឌ គោលនយោបាយ ឬសកម្មភាពរបស់ខ្លួន។
ជាមួយនឹងការលើកឡើងខាងលើនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវជា ពិសេសដល់អ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានអន្តរជាតិទាំងអស់ដែលកំពុងបំពេញ ការងារនៅកម្ពុជា និងបំពេញការងារនៅបរទេសក្តីសូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹម ត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ការក្លែងព័ត៌មាន ឬក៏ផ្សាយព័ត៌មានតែមួយជ្រុង ហើយឆ្លុះបញ្ចាំងសភាពការណ៍ទាំងមូលដោយពុំបានគិតអំពី ក្បួនខ្នាត ក្រឹត្យក្រមនៃការសរសេរព័ត៌មាន ឬការផ្សព្វ ផ្សាយព័ត៌មានមិនពិតបំប៉ោងសភាព ការណ៍ ដោយគិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យបាត់បង់តម្លៃសារព័ត៌មានខ្លួនឯង។ អ្នកសារព័ត៌មាន ក៏ត្រូវខិតខំអភិវឌ្ឍឲ្យមានការយល់ដឹងខ្ពស់មានសមត្ថភាពក្នុងការវិភាគ សភាពការណ៍ ទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដើម្បីដើរទាន់ការវិឌ្ឍសភាពការណ៍ សកលលោក។
ក្នុងជំនួបលើកទី៣ កាលពីឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំឲ្យចេញនូវច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានព្រមទាំងការធ្វើ វិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជាការប្រឆាំងព័ត៌មានក្លែងក្លាយ។ ក៏ប៉ុន្តែ១ ឆ្នាំកន្លងមកនេះ ច្បាប់ទាំងពីរ មិនទាន់ត្រូវបានក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធបញ្ជូន ទៅគណៈរដ្ឋមន្ត្រី នៅឡើយទេ។
ដូច្នេះ សម្រាប់ជំនួប លើកទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ អ្នកសារព័ត៌មានយើង ពិសេសក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ក្រៅពីស្តាប់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដូចដែលលើកឡើងខាងលើ គឺអ្នកសារព័ត៌មាន និងក្រសួងព័ត៌មានគួរតែអនុវត្ត នូវអនុសាសន៍ និងការណែនាំរបស់សម្តេច ដើម្បីឲ្យផែនការ ចេញជាផ្លែផ្កា។ ក្នុងនោះ អ្នកសារព័ត៌មានយើងមួយចំនួន ក៏គួរតែខិតខំអភិវឌ្ឍន៍ខ្លួនឯង ដូចជា ប្រើប្រាស់កុំព្យួទ័រ និងបច្ចេកវិទ្យាទំនើប ក្នុងសម័យឌីជីថល ព្រមទាំងប្រឹងប្រែងបង្កើនចំណេះដឹងទូទៅ ក្នុងប្រទេស ក្នុងតំបន់ និងក្នុងពិភពលោក ក៏ដូចជា ភាសាបរទេស ជាដើម៕ ដោយៈ ម៉េងឆៃ