ដោយ: ម៉ារ៉ា / ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុករះទៅបុកម៉ូតូ និង Passapp រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតនៅវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៣ខែមករាឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តកុងតឺន័រមួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ 3C 0218(ក្បាល) និង ភ្នំពេញ 4A 215 (កន្ទុយ) បើកបរមានគ្នា២នាក់(តៃកុងនិងព្រូឡាន) ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុទល់មុខវត្ថច្បារអំពៅ បានរេចង្កូតទៅបុកម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅផ្លាកលេខ ភ្នំពេញ 1HQ 9699 ជិះដោយបុរសម្នាក់បម្រុងចុះទិញមីឆា បណ្ដាលឲ្យរងរបួសស្រាល រួចជ្រុលទៅបុកម៉ូតូ Passapp មួយគ្រឿងទៀត បណ្ដាលឲ្យម្ចាស់ Passapp របួសធ្ងន់ រួមទាំងបង្គោលផ្លាកសញ្ញា(ស្តុប) មួយដើម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្នុងហេតុការណ៍នេះ តៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់បានយកទៅប៉ុស្តិ៍ ដើម្បីសួរនាំ ឯព្រូឡានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូរួមទាំង passapp យកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ៕ ល/Ha