​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) ខ្សែបម្រើ​ក្លិប តូ​តិ​ន​ហេម បាន​យល់ព្រម ទទួលយក​កិច្ចសន្យា​ផ្ទេរចេញ​ទៅលេង​រយ​:​ពេល​បួន​ឆ្នាំកន្លះ​នៅ​ក្លិប អ៊ី​ន​ធ័​រ មិ​ឡេ​ន​(Inter Milan )​។​
​ ​
អេ​រិ​កសិន សង្ឃឹមថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្របខ័ណ្ឌ Serie A នៅ​ខែ​នេះ ប៉ុន្តែ​ក្លិប​តូ​តិ​ន​ហេម កំពុង​ទាមទារ​តម្លៃ​ផ្ទេរ ១៧​លាន​ផោន​។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ នឹង​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​ខាងមុខ ហើយ​ត្រូវតែ​បន្ថយ​ប្រាក់​ឈ្នួល​ពី ៨,៥​លាន​ផោន មក​ត្រឹម​៦,៥​លាន​ផោន​ក្នុង​មួយឆ្នាំ ដើម្បី​ព​ន្លឿ​ន​កិច្ចព្រមព្រៀង​ផ្ទេរ​។​
​ ​
លោក ម៉ា​ទីន ស្កា​វ (Martin Schoots) ភ្នាក់ងារ​របស់ អេ​រិ​កសិន សប្បាយចិត្ត​ក្នុងការ​ទទួល យក​សំណើ​ផ្ទេរ​របស់​ក្លិប Inter Milan ទាក់ទិន​នឹង​ប្រាក់​ឈ្នួល​របស់​កីឡាករ​រូបនេះ​។​
​ ​
​ប្រសិនបើ​ក្លិប​តូ​តិ​ន​ហេម មិន​ព្រម​បណ្តោយ​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​នៅ​ខែ​នេះ គេ​ជឿថា កីឡាករ​ដា​ណឺ​ម៉ាក​រូបនេះ​ក៏​នៅតែ​អាច​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លិប Inter Milan នៅ​រដូវក្តៅ​នេះ​។​
​ ​
ក្លិប Inter Milan នឹង​បន្ត​ការព្យាយាម ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​ជាមួយនឹង​ការសម្រេច​បន្ថយពន្ធ​៥០​ភាគរយ​ពី​រដ្ឋាភិបាល​អ៊ីតាលី វា​នឹង​ជួយ​ក្លឹប​នេះ សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ អេ​រិ​កសិន​។​
​ ​
ជំនួប​ដើម្បី​សម្រេច​ជា​ផ្លូវការ​ជុំវិញ​កិច្ចព្រមព្រៀង​របស់ អេ​រិ​កសិន គ្រោង​នឹងធ្វើ​នៅ​ថ្ងៃ​អង្គា​រ៍ និង​ថ្ងៃ​ពុធ​។ កាលពី​ថ្ងៃ​សៅរ៍ អេ​រិ​កសិន រង​ការ​សើចចំអក​ដាក់​ពី​ក្រុម​អ្នកគាំទ្រ​របស់​ក្លិប ស្ពឺរ បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម លី​វឺ​ភូ​ល ១-០ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen)