ក្លិបឆេលស៊ីចង់បានតម្លៃផ្ទេរ ៤៥ លានផោនសម្រាប់ខ្សែប្រយុទ្ធ មីឈី បាតស៊ួយី (Michy Batshuayi) ស្របពេលមានក្លិបជាច្រើនចាប់អារម្មណ៍និងកំពុងថ្លឺងថ្លែងដើម្បីដាក់សំណើ ផ្ទេរនៅខែមករានេះ។
ការកំណត់តម្លៃផ្ទេរដ៏សន្ធឹកសន្ធាប់នេះបានដាក់សម្ពាធទៅលើក្លិបអាស្តុន វីឡា( Aston Villa) និងក្លិបគ្រីស្តាល់ ផាលេស( Crystal Palace) ដែលចង់បានខ្សែប្រយុទ្ធរូបនេះដែរ។
បាតសួយី មិនសូវមានឱកាសបង្ហាញមុខទេនៅរដូវកាលនេះហើយស្ថិតនៅលេខរៀងបន្ទាប់ ពីខ្សែប្រយុទ្ធ ថមមី អាប្រាហាំ (Tammy Abraham) ។ តាមកាសែត Th Sun បានរាយការណ៍ ថា ក្លិបឆេលស៊ីទាមទារ៤៥លានផោនសម្រាប់ខ្សែប្រយុទ្ធ ដែលពួកគេបានផ្ទេរមកក្នុង ៣៣លានផោនពីក្លិប Marseille កាលពីឆ្នាំ២០១៦។
លោក ហ្វ្រែង ឡាំផាត (Frank Lampard) មានភាពស្ទាក់ស្ទើរមិនចង់ឲ្យកីឡាករវ័យ២៦ឆ្នាំ រូបនេះលេងក្នុងកិច្ចសន្យាខ្ចីជើងជាថ្មីទៀតនោះទេ ប៉ុន្តែចង់បានការផ្ទេរជាអចិន្ត្រៃយ៍។ ក្លឹបឆេលស៊ីប្រឈមនឹងការបាត់បង់ បាតស៊ួយី ដែលនៅសល់កិច្ចសន្យា១៨ខែ។
ក្រៅពីការចាប់អារម្មណ៍របស់ក្លឹបនៅក្របខណ្ឌព្រីមីញ៉េលីក គេជឿថា ក្លឹប Roma ក៏កំពុង តាមមើលស្ថានការណ៍ផងដែរ។ Roma ចង់នាំយកខ្សែប្រយុទ្ធម្នាក់ទៀត មកប្រកួតប្រជែង ជាមួយខ្សែប្រយុទ្ធ អេឌិន ហ្សេកូ (Eden Dzeko) នេះបើតាមសេចក្តីរាការណ៍នៅអ៊ីតាលី៕ ប្រែសម្រួល: ពិសិដ្ឋ