ដោយ: ចាន់តូ / ភ្នំពេញ: បុរសអ្នកបើកឡានឲ្យអ្នកធំម្នាក់ តូចចិត្តរឿងខ្លួនបំផ្លាញលុយគ្រួសារ ដោយចាញ់ល្បែង មកលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ដូចបំណង ដោយប្រជាពលរដ្ឋខ្មែរអ៊ិស្លាមជួយស្រង់ទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ចំណុចស្ពានជ្រោយចង្វា(ស្ពានមិត្តភាពកម្ពុជាជប៉ុន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសខាងលើត្រូវបានគេស្គាល់ថា ឈ្មោះ ជា មករា អាយុ៣៥ ឆ្នាំ មុខរបរបើករថយន្តឲ្យអ្នកធំម្នាក់ ស្នាក់នៅខេត្តកណ្តាល។
តាមប្រភពព័ត៌មានឲ្យដឹងថា បុរសខាងលើមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ក្រោយពីបានចាញ់លុយទៅលើល្បែងអស់មួយចំនួន ហើយក៏ជិះម៉ូតូឌុបឡើងពីត្រើយខាងលិចមកលោតទម្លាក់ពីលើស្ពានសម្លាប់ខ្លួនតែម្តង។ សំណាងល្អ ខណៈដែលគាត់លោតនោះមានបងប្អូនប្រជនខ្មែរអ៊ិស្លាមបានឃើញទាន់ ក៏ចេញទូកទៅជួយស្រង់ឡើងគោកដើម្បីសង្គ្រោះជីវិត។
ក្រោយពីស្រង់ឡើងគោកហើយ សមត្ថកិច្ចនៅគោលដៅទី៣ ហៅសាកសួរ និងទាក់ទងសាច់ញាតិឲ្យមកទទួលយកទៅផ្ទះវិញ៕ ល/Ha