​តុលាការ​ប៉ា​គី​ស្ថាន​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​មករា​បាន​បដិសេធ​ចោល​សាលក្រម​ប្រហារជីវិត​អតីត​មេដឹកនាំ​យោធា ពែ​វ៉េ​ស មូ​សារ៉ាហ្វ ។​

​តុលាការ​ជាន់ខ្ពស់​ក្រុង​ឡាហ័​របាន​សំរេច​ថា សាលា​កាត់ក្តី​ពិសេស​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី​មិន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ដូច្នេះ​សាលក្រម​កាត់ទោស​​ប្រហារជីវិត​ចេញ​ដោយ​សាលាក្តី​នេះ​កាលពី​ខែ​ធ្នូ​កន្លង​ទៅ​ត្រូវ​ទុក​ជា​មោឃៈ​។​

​ក្រុម​មេធាវី​របស់​លោកមូ​សារ៉ាហ្វ បាន​ដាក់​បណ្តឹង​ទាស់​ទៅ​តុលាការ​ជាន់ខ្ពស់ ក្រោយ​សាលាក្តី​នេះ​បាន​សំរេច​ដាក់ទោស​ប្រហារជីវិត​លោក​កាលពី​ខែ​ធ្នូ​ចំពោះ​​ទោសកំហុស​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​ដោយ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុងអំឡុងពេល​លោក​ដណ្តើម​អំណាច​មក​កាន់​កាប់​។​

​សូម​រំលឹក​ថា លោកមូ​សារ៉ាហ្វ​បាន​ដណ្តើម​អំណាច​នៅ​ឆ្នាំ​១៩៩៩​នៅ​ពេល​លោក​បណ្តេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​អតីត​នាយករដ្ឋមន្ត្រី ណា​វ៉ាស សារីហ្វ នៅ​ក្នុងការ​​ធ្វើ​រដ្ឋប្រហារ​យោធា​មួយ​។​នៅ​៨​ឆ្នាំ​ក្រោយមក​ ​លោក​បាន​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​និង​ចាប់​ចៅក្រម​ជាច្រើន​នាក់​ដាក់​បង្ខាំង​នៅក្នុង​ផ្ទះ​។​ចំណាត់ការ​នេះ​បាន​បង្ក​ការ​ថ្កោលទោស​ជា​អន្តរជាតិ​និង​កា​ប្រឆាំង​តវ៉ា​ដែល​នាំ​ដល់​ការលាឈប់​របស់​លោក​នៅ​ឆ្នាំ​២០០៨​។​

​រដ្ឋអាជ្ញា​ប៉ា​គី​ស្ថាន​លោក អ៊ី​សទៀក ខាន់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​« ទោស​ប្រហារជីវិត​លើ​លោកមូ​សារ៉ាហ្វ ត្រូវ​បាន​លុបចោល​ក្រោយ​តុលាការ​ចេញ​បញ្ជា​នៅ​​ថ្ងៃនេះ​»​។​

​មូ​សារ៉ាហ្វ ធ្លាប់​ជា​សម្ពន្ធមិត្ត​អាម៉េរិក​នៅក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម ក្រោយ​អាម៉េរិក​រង​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា​ឆ្នាំ​២០០១​។​លោក​អនុញ្ញាត​អោយ​​អង្គការ​ណា​តូ​ដឹកជញ្ជូន​គ្រឿង​បរិក្ខា​ឆ្លងកាត់​ទៅ​កាន់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន និង​អនុញ្ញាត​អោយ​អាម៉េរិក​ប្រើប្រាស់​មូលដ្ឋាន​ទ័ពអាកាស​សំរាប់​ការផ្គត់ផ្គង់​​ភស្តុភារ​។​

​ការដាក់ទោស​ប្រហារជីវិត​លោកមូ​សារ៉ាហ្វ​កាលពី​ខែ​ធ្នូ បង្ក​ការរិះគន់​ពី​យោធា​ប៉ា​គី​ស្ថាន​និង​គណបក្ស​របស់​លោក​ដែល​បច្ចុប្បន្ន​ជា​បក្សប្រឆាំង​៕​ប្រែ​សម្រួល​៖​វាសនា​

កាលពី​ថ្ងៃ​ចន្ទ លោកមូ​សារ៉ាហ្វ បាន​ប្រាប់​សារព័ត៌មាន​ថា​លោក​រីករាយ អំពី​លទ្ធផល​នៃ​សវនាការ​ចុងក្រោយ​នេះ​