មន្រ្តីយោធាជាន់ខ្ពស់ របស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សហរដ្ឋអាម៉េរិក ចង់កាត់បន្ថយ វត្តមានយោធារបស់ខ្លួន នៅទ្វីបអាហ្វ្រិក ខណៈបារាំង ធ្វើជាម្ចាស់ផ្ទះ ទទួលពួកមេដឹកនាំអាហ្វ្រិក ស្របពេលដែលបារាំង កំពុងព្យាយាមជំរុញ ការប្រយុទ្ធ ប្រឆាំងនឹងក្រុមជីហាដន ៅក្នុងតំបន់។
នាយអគ្គសេនាធិការចម្រុះអាម៉េរិក លោកឧត្តមសេនីយ៍ ម៉ាក មីលលី បាននិយាយថា ធនធាន “អាចត្រូវបានកាត់បន្ថយ ហើយបន្ទាប់មក បង្វែរចេញ ទាំងដើម្បីបង្កើន ការត្រៀមខ្លួន នៃកម្លាំង នៅក្នុងទ្វីបអាម៉េរិក និង ងាកទៅរកតំបន់ប៉ាស៊ីហ្វិក”។
ខណៈលោកហោះ ទៅចូលរួមកិច្ចពិភាក្សា ជាមួយសមភាគីណាតូ នៅទីក្រុងព្រុច សែល លោកមីលលី បាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ម៉ាក អេស្ពើ មិនទាន់បានសម្រេចចិត្តថា ត្រូវផ្លាស់ប្តូរអ្វីខ្លះនៅឡើយទេ។
លោកបាននិយាយថា “យើងកំពុងបង្កើតជម្រើស សម្រាប់លោករដ្ឋមន្ត្រី ដើម្បីពិចារណា ហើយយើងកំពុងបង្កើតជម្រើសទាំងនោះ ដោយស្របជាមួយ សម្ព័ន្ធមិត្ត និងដៃគូរបស់យើងដែរ”។
ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីការអំពាវនាវ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន ដើម្បីឱ្យអង្គការណាតូ ធ្វើអ្វីៗបន្ថែមទៀត នៅមជ្ឈិមបូព៌ា និងកើតឡើង នៅពេលប្រធានាធិបតីបារាំង អេមម៉ានូអែល ម៉ាក្រុង កោះប្រជុំសមភាគី របស់គាត់ មកពីប្រទេសបួគីណាហ្វាសូ ឆាត នីហ្សេ ម៉ាលី និង ម៉ូរីតានី។
មេដឹកនាំបារាំង បាននិយាយ បន្ទាប់ពីកិច្ចប្រជុំកំពូលមួយ នៅទីក្រុងពូ ស្ថិតនៅ ភាគនិរតី ប្រទេសបារាំងថា មេដឹកនាំបារាំង និងដៃគូតំបន់អាហ្វ្រិក ទាំង ៥ បានព្រម ព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ។
ប្រទេសអាហ្វ្រិកទាំង៥ ក៏បាននិយាយផងដែរថា ពួកគេសង្ឃឹមថា រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន នឹងរក្សា “ការគាំទ្រសំខាន់” របស់ខ្លួន ក្នុងការប្រយុទ្ធ ប្រឆាំងនឹងក្រុមជ្រុលនិយមអ៊ីស្លាម។
លោកម៉ាក្រុង និយាយថា “ប្រសិនបើអាម៉េរិក សម្រេចចិត្តចាកចេញ ពីទ្វីបអាហ្រ្វិក វាគឺជាដំណឹងអាក្រក់ណាស់ សម្រាប់យើង។ ខ្ញុំសង្ឃឹមថា នឹងបញ្ចុះបញ្ចូល ប្រធានាធិបតី ត្រាំ ថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម កំពុងកើតមានឡើង នៅក្នុងតំបន់នេះផងដែរ”។
បន្ទាប់ពីទាហានបារាំង ១៣ នាក់ ស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ នៅប្រទេសម៉ាលី កាលពីខែមុន លោកម៉ាក្រុង ក៏បានទទួលការគាំទ្រ ជាសាធារណៈ ពីមេដឹកនាំ ប្រទេសអាហ្វ្រិក ទាំង៥ ចំពោះវត្តមានកងទ័ព ចំនួន ៤.៥០០ នាក់របស់បារាំង បន្ទាប់ពីមានបាតុកម្ម ក្នុងតំបន់ប្រឆាំងនឹងវត្តមាននេះ។ គាត់បានសន្យាថា នឹងបញ្ជូន ទាហានបារាំង ២០០ នាក់ផ្សេងទៀត ទៅប្រទេសទាំង ៥។
សហរដ្ឋអាម៉េរិក ចង់កាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន ដែលបានដាក់ពង្រាយ ពាស ពេញ ទ្វីបអាហ្វ្រិក ក្នុងរយៈពេលពីរ បីឆ្នាំខាងមុខ ដើម្បីផ្តោតការយកចិត្តទុកដាក់ បន្ថែមទៀត លើការឆ្លើយតប ទៅនឹងការគំរាមកំហែង ដែលបង្កឡើង ដោយរុស្ស៊ី និងចិន។
វ៉ាស៊ីនតោន មានកងកម្លាំងពិសេស ប្រមាណ ៧.០០០ នាក់ ប្តូរវេនគ្នា នៅពាសពេញ ទ្វីបអាហ្វ្រិក ដោយអនុវត្តប្រតិបត្តិការរួមគ្នា ជាមួយកងកម្លាំងជាតិនីមួយៗ ដើម្បីប្រឆាំងនឹងក្រុមជីហាដ ជាពិសេសនៅក្នុងប្រទេសសូម៉ាលី។
ទាហាន ២.០០០ នាក់ផ្សេងទៀត កំពុងធ្វើបេសកកម្ម បណ្តុះបណ្តាល នៅក្នុងប្រទេស អាហ្វ្រិកចំនួន ៤០ ហើយចូលរួម ក្នុងប្រតិបត្តិការ សហប្រតិបត្តិការ ជាពិសេសជាមួយ ប្រតិបត្តិការបាខេន របស់បារាំង នៅប្រទេសម៉ាលី ដោយពួកគេផ្តល់តែជំនួយ ភស្តុភារ ប៉ុណ្ណោះ៕ ដោយ៖ កញ្ញាដាលីស