ដោយ​: គូលែន / សៀមរាប​: នៅ​រាត្រី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​នេះ នៅ​សណ្ឋាគារ Sofitel ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប លោក មី​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ( Mikami Masahiro ) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​លំដាប់​ព្រះអាទិត្យ​រះ​“The Order of the Rising Sun, Gold Rays with Neck Ribbon” ដល់​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​។​

​លោក​ឧកញ៉ា សៀង ណាំ បាន​មានប្រសាសន៍ថា ក្នុងឱកាស​ដ៏​មហោឡារិក​នេះ ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជា និង សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទូលព្រះបង្គំ​ខ្ញុំបាទ សូម​ថ្លែង​នូវ​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ បំផុត​ចំពោះ ព្រះ​ចៅ​អធិរាជ​នៃ​ប្រទេស​ជប៉ុន និង សូម​អរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បានផ្តល់​ដល់​ទូលព្រះបង្គំ​ខ្ញុំបាទ ក៏ដូចជា​ប្រជាជាតិ​កម្ពុជា​ទាំងមូល នូ​វក​ត្តិ​យស និង ក្តី​មោទនភាព​នេះ ។ ខ្ញុំបាទ និង បន្ត​រួមចំណែក​ជាមួយ​រដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាជន​កម្ពុជា ក្នុង​ការខិតខំ​ថែរក្សា ពង្រឹង និង ពង្រីក នូវ​ចំណង​សាមគ្គី មិត្តភាព និង កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​យើង​ទាំងពីរ ប្រជាជន​យើង​ទាំងពីរ កម្ពុជា ជប៉ុន ឲ្យ​កាន់តែ​រឹងមាំ និង រីកចម្រើន​ស្ថិតស្ថេរ​ជា​លំដាប់ តទៅ​អនាគត​។

​សូមបញ្ជាក់ថា អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ សមាជិក​រដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​គ្រឿង​ឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការ​ទទួលស្គាល់​ការចូលរួម​វិភាគទាន​របស់លោក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៃ​ស្ថានទូត​ជ​ប៉ុប​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៤​ខែវិច្ឆិកា​នេះ​។ សេចក្តីប្រកាស​ព័ត៌មាន​បានបញ្ជាក់​ថា​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ទីស្តីការគណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​អំពី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​សរ​ទ​រដូវ​ឆ្នាំ​២០១៩​។​

​នេះ​ជាការ​ផ្តល់ជូន​ដល់​បុគ្គល​ឆ្នើម ដើម្បី​ទទួលស្គាល់​ការចូលរួមចំណែក​រប​ស់​ពួកគាត់​ក្នុង​កិច្ចការ​សាធារណៈ ឬ​ជាតិ និង​សមិទ្ធិផល​ដ៏​លេចធ្លោ​របស់​ពួកគាត់​ក្នុង​វិស័យ ផ្សេងៗ​ទៀត​នៅក្នុង​សង្គម ដែល​ត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​ការចូលរួម ចំណែក​ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​ជប៉ុន និង​កម្ពុជា​។ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ សមាជិក​រដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​គ្រឿង​ឥស្សរិយយស The Order of the Rising​។​

​លោក​សៀង ណាំ បាន​ធ្វើជា​តំណាងរាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​អា​ណ្តិ្ត​តទី​២ ឆ្នាំ​១៩៩៨​។ លុះ​ឆ្នាំ​១៩៩៩ លោក​បាន​ទំនាក់ទំនង​ជិត​សហ​និ​ត​ជាច្រើន​របស់​ប្រទេស​ជប៉ុន ដូចជា​ក្រុមហ៊ុន សមាគម សហគម​ន៏ និង​សប្បុរសជន​នានា​ជាច្រើន ដែល​បានរួម​ចំណែក​កសាង​និង​អភិវឌ្ឍ​ន៏​ប្រទេស​កម្ពុជា និយាយ​ដោយឡែក​នៅក្នុង​ខេត្តសៀមរាប​។ សប្បុរសជន​មានដូចជា ក្រុមហ៊ុន សមាគម សហគម​ន៏ ដែល​បាន​សហការ និង​ជួយ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០១៩ តាមរយៈ​លោក​មាន​អណ្តូងទឹក​ប្រមាណ​២៥០០​អណ្តូង អគារសិក្សា​ចំនួន​ជាង​៦០​អគារ ស្មើ​ប្រមាណ​៣០០​បន្ទប់ នៅមាន​ទីចាត់ការ​សាលា មាន​ផ្នែក​សុខាភិបាល មាន​សម្ភារៈ​សិក្សា ដែល​សរុប​ទឹកប្រាក់​ប្រមាណ​ជាង​៣​លាន​ដុល្លារ​។

​ដោយឡែក​ក្រុមហ៊ុន សប្បុរសជន​ជប៉ុន​ទាំងនោះ នៅតែ​សន្យា​បន្ត​ផ្តល់ជំនួយ​មនុស្សធម៌ កសាង​អភិវឌ្ឍ​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ទៅមុខទៀត​។ សកម្មភាព​ទាំងនេះ​នៅ​មិនទាន់​គិតដល់​ការទំនាក់ទំនង​រវាង​អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ជាមួយ​សប្បុរសជន​ស្វី​ស ដែលមាន​ការទំនាក់ទំនង​ជួយ​តាមរយៈ​លោក​ជួយ​កសាង​សាលារៀន មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព អណ្តូងទឹក សម្ភារៈ​សិក្សា ស្បៀងអាហារ សំលៀកបំពាក់ តាំងពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០១៩ ចំនួន​ជាង​៣​លាន​ដុល្លា​។​

​ដោយឡែក​អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ក៏បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ជាមួយ​ក្រុមគ្រួសារ​រប​ស់លោក តាំងពី​ជាប់​ជា​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​១៩៩៨ រហូតដល់​ឆ្នាំ​២០១៩​នេះ ដើម្បី​កសាង​សមិទ្ធិផល​នានា មាន​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ក៏មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​១៤​លាន​ដុល្លារ​ថែម​ទៀតផង​។

​ដោយសារ​សកម្មភាព​នេះហើយ ទើប​រាជរដ្ឋាភិបាល​ជ​ប៉ុន តាមរយៈ​ក្រសួងការបរទេស និង​សហការ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​ជប៉ុន សម្រេច​ផ្តល់ជូន​គ្រឿង​ឥស្សរិយយស​សម្រាប់​សរ​ទ​រដូវ​ឆ្នាំ​២០១៩“The Order of the Rising Sun, Gold Rays with Neck Ribbon” ៕ ល​