ភ្នំពេញៈ រដ្ឋាភិបាល និងប្រជាពលរដ្ឋទុយនីស៊ី ប្រារព្ធទិវាបដិវត្តន៍ និងយុវជនទុយនីស៊ី នៅថ្ងៃទី១៤ ខែមករា ដើម្បីរំឭកដល់ព្រឹត្តិការណ៍បាតុកម្មតវ៉ា បដិវត្តន៍នានា ដែលទីបំផុត បានផ្តួលរំលំរដ្ឋាភិបាលផ្តាច់ការរបស់លោកប្រធានាធិបតី Zine El Abidine Ben Ali កាលពីឆ្នាំ ២០១១ ដែលបានកាន់អំណាច អស់រយៈពេល ២៤ ឆ្នាំមកហើយ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋទុយនីស៊ី មានផ្ទៃដី ១៦៥.០០០ គីឡូម៉ែត្រក្រឡា ស្ថិតតំបន់ Maghreb នៃអាហ្វ្រិកខាងជើង មានព្រំដែនជាប់ប្រទេសអាល់ហ្សេរី លីប៊ី និង សមុទ្ទម៉េឌីទែរ៉ាណេ ។ ឆ្នាំ២០២០ មានប្រជាពលរដ្ឋជិត ១២ លាននាក់ ភាគច្រើនជាអ្នកកាន់សាសនា អ៊ីស្លាម ភាសាផ្លូវការ គឺភាសាអារ៉ាប់ រដ្ឋធានី គឺទីក្រុងទុយនីស ។
ប្រវត្តិសាស្ត្រ
គិតត្រឹមឆ្នាំ ១៥៣៤ ប្រទេសទុយនីស៊ី ត្រូវបានដណ្តើមគ្នា ដោយអេស្ប៉ាញ និង អូតូម៉ង់ (តួកគី) ហើយក៏បានធ្លាក់ទៅក្នុងដៃ អូតូម៉ង់ នៅឆ្នាំ១៥៧៤ ។ ប្រទេសទុយនេស៊ី បានធ្លាក់ខ្លួនក្រីក្រ យ៉ាងខ្លាំង ហើយបានប្រកាសដោយខ្លួនឯងថា ក្ស័យធន នៅឆ្នាំ១៨៦៩ ហើយបេសកកម្ម ហិរញ្ញវត្ថុអន្តរជាតិ បានចូលកាន់កាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ ។
នៅឆ្នាំ១៨៨១ ដោយប្រើលេសថា ជនជាតិទុយនេស៊ី បានចូលទៅក្នុងប្រទេស អាល់ហ្សេរី ( ដែលជាទឹកដីអាណានិគមបារាំង ) បារាំង បានប្រើកងទ័ព ៣៦.០០០ នាក់ វាយលុកចូល ប្រទេសទុយនេស៊ី ហើយបង្ខំឱ្យទុយនេស៊ី ចុះហត្ថលេខាលើកកិច្ចព្រម ព្រៀងស្ថិតនៅក្រោម កិច្ចការពាររបស់បារាំង ពោលគឺ ទុយនេស៊ី ធ្លាក់ក្រោមអាណា និគមបារាំង នៅឆ្នាំ ១៨៨១ ដោយប្រការនោះឯង ។
អំឡុងសង្គ្រាមលោកលើកទី២ ទឹកដីទុយនេស៊ី ត្រូវបានត្រួតត្រាដោយរដ្ឋាភិបាល Vichy បារាំង ។ ចាប់ពីឆ្នាំ ១៩៤២-១៩៤៣ ទឹកដីទុយនេស៊ី គឺជាសមរភូមិដ៏ក្តៅគគុក រវាងសម្ព័ន្ធ Axis ( សម្ព័ន្ធសង្គ្រាមលោកលើកទី២ ដែលមាន អាល្លឺម៉ង់-ជប៉ុន-អ៊ីតាលី ) និង កងទ័ពសម្ព័ន្ធមិត្ត ( ដែលមានអង់គ្លេស និង អាមេរិក ជាប្រមុខ ) ដែលពេលចាប់ផ្តើមពីដំបូងជោគជ័យធ្លាក់ ទៅលើខាង Axis ។ ប៉ុន្តែទីបំផុត សម្ព័ន្ធ Axis បានចុះចាញ់ នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ១៩៤៣ ហើយ ទុយនេស៊ី ក៏បន្តស្ថិតនៅក្នុងកណ្តាប់ដៃ បារាំង តទៅទៀត ។
ទុយនេស៊ី ក្រោយពីបានឯករាជ្យភាព
ទីបំផុត ទុយនេស៊ី ទទួលបានឯករាជ្យភាពរបស់ខ្លួនពី បារាំង នៅឆ្នាំ ១៩៥៦ ដោយ មានលោក Habib Bourguiba ជាប្រធានាធិបតី ។ ១ ឆ្នាំ ក្រោយមក ទុយនេស៊ី ត្រូវបានប្រកាសថា ជាសាធារណរដ្ឋ ដោយមានលោក Bourguiba ជាប្រធានាធិបតី ។
ចាប់ពីពេលនោះមក គណបក្ស Constitutional Democratic Rally (RCD) ដែលពីដំបូង គឺជាគណបក្ស Neo Destour ហើយក្រោយមក ឈ្មោះថា គណបក្ស the Socialist Destourian Party គឺជាគណបក្សតែមួយគត់ ដែលបានកាន់អំណាចនៅ ទុយនេស៊ីហើយ ត្រូវបានអង្គការ Amnesty International ហៅថា ទុយនេស៊ី គឺជាប្រទេសដ៏ទំនើបបំផុត មួយនៅពិភពអារ៉ាប់ ប៉ុន្តែគឺជាប្រទេស ដែលមានការបង្ក្រាបបំផុតដែរ ។
នៅឆ្នាំ១៩៨៧ ពួកវេជ្ជបណ្ឌិតជាច្រើន បានប្រកាសថា លោកប្រធានាធិបតីBourguiba មានបញ្ហាសុខភាព មិនសមនឹងដឹកនាំប្រទេសឡើយ ។ ពេលនោះ លោកនាយកដ្ឋមន្ត្រី Zine El Abidine Ben Ali បានដឹកនាំធ្វើរដ្ឋប្រហារយោធា ដោយគ្មានការបង្ហូរឈាមមួយ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ១៩៨៧ នោះ និងបានក្តោបក្តាប់អំណាចជាប្រធានាធិបតី ស្របតាមរដ្ឋធម្មនុញ្ញ របស់ទុយនេស៊ី ហើយទុយនេស៊ី គឺជាប្រទេសឯកបក្ស ។ ក្រោមអំណាចរបស់គាត់ ថ្ងៃទី៧ ខែវិច្ឆិកា បានក្លាយជាថ្ងៃសម្រាកសាធារណៈ ។
រៀងរាល់ ៥ ឆ្នាំម្តង គាត់បានជាប់ឆ្នោតជាប្រធានាធិបតី ជាបន្តបន្ទាប់ ដោយមានសំឡេង ភាគច្រើនលើសលប់ គឺមិនដែលតិចជាង ៨០ ភាគរយឡើយ ។ លោកប្រធានាធិបតី Ben Ali និងគ្រួសាររបស់គាត់ រងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ និង លួចប្លន់ លុយជាតិ ។ ការធ្វើសេរីកម្មសេដ្ឋកិច្ច គឺជាឱកាសមួយដ៏ពិសិដ្ឋផ្សេងទៀតធ្វើឱ្យមានការគ្រប់ គ្រងហិរញ្ញវត្ថុមិនបានត្រឹមត្រូវ ខណៈសមាជិក នៃអ្នកពុករលួយ នៃគ្រួសារ Trabelsi របស់លោកប្រធានាធិបតី ក្នុងនោះគ្រួសារដែលលេចធ្លោជាងគេ គឺគ្រួសារ Imed Trabelsi និងគ្រួសារ Belhassen Trabelsi បានត្រូតត្រាវិស័យពាណិជ្ជកម្មច្រើនបំផុតរបស់ប្រទេស ។
ជំទាវទី ១ របស់លោកប្រធានាធិបតី Leila Ben Ali ត្រូវបានគេផ្តល់រហស្សនាមថា ” អ្នកញៀនផ្សារ ” ហើយជាញឹកញាប់ គាត់បានប្រើយន្តហោះរបស់រដ្ឋជិះទៅដើរទិញទំនិញ នៅហាងល្បីៗនៅអឺរ៉ុប ។
រដ្ឋាភិបាលទុយនេស៊ី បដិសេធនូវការធ្វើបត្យាប័ន ក្មួយប្រុសរបស់ប្រធានាធិបតីដែលត្រូវបាន ព្រះរាជអាជ្ញាបារាំង ចោទថាបានលួចកប៉ាល់ ២ គ្រឿងពីកងទ័ពបារាំង ។ កូនប្រសារប្រុស របស់លោក Ben Ali ឈ្មោះ Sakher El Materi ត្រូវបានគេនិយាយថា បានរៀបចំគម្រោង គ្រប់គ្រងប្រទេសទាំងស្រុង ។
ក្រុមអង្គការសិទ្ធិមនុស្សឯករាជ្យនានា ដូចជា Amnesty International, Freedom House និង Protection International ជាដើម បានចងក្រងឯកសារថា សិទ្ធិមនុស្ស និង សិទ្ធិនយោបាយ មិនត្រូវបានគោរពឡើយនៅក្នុងរបបនេះ ។ របបនេះ បានរារាំងនូវរាល់លទ្ធភាពការងារទាំង ឡាយរបស់ការងារអង្គការសិទ្ធិមនុស្សក្នុងស្រុក ។ ឆ្នាំ ២០០៨ សេរីភាពសារព័ត៌មាន នៅទុយនេស៊ី ត្រូវបានចាត់ថ្នាក់ ១៤៣ ក្នុងចំណោម ១៧៣ ប្រទេសក្នុងលោក ។
នៅក្នុងប្រទេស ទុយណេស៊ី និងពិភពអារ៉ាប់ ការធ្វើបាតុកម្ម និងផ្លាស់ប្តូររដ្ឋាភិបាល ត្រូវបានគេហៅថា បដិតវត្តន៍ ហើយចលនានោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន លោកខាងលិចហៅថា បដិវត្តន៍ផ្កាម្លិះ ។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Zine El Abidine Ben Ali ត្រូវបានគេស្គាល់ចរិកថា ជារដ្ឋាភិបាលអភិវឌ្ឍន៍វិស័យឯកជន ដោយមានទំនោរតាមបំណងរបស់វិនិយោគិនបរទេស និងការដាក់សម្ពោធទៅលើគណបក្សនយោបាយប្រឆាំង ។
ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន បរទេស និង អង្គការក្រៅរដ្ឋាភិបាល ដែលទទួលបានការ គាំទ្រពី សហរដ្ឋអាមេរិក និង បារាំង បានរិះគន់រដ្ឋាភិបាលរបស់លោក Ben Ali ។ ទោះ យ៉ាងណា ពីដំបូងឡើយកំហុសទាំងឡាយរបស់ប្រធានាធិបតី ត្រូវបានមហាអំណាច និង ជាបិតាប្រជាធិបតេយ្យទាំង ២នេះ ធ្វើគ ធ្វើថ្លង់ ចំពោះបាតុកម្មទាមទារទាំងឡាយក្នុងប្រទេស ។
កុប្បកម្ម គឺជារឿងកម្រ និងគួរឱ្យកត់សម្គាល់ ជាពិសេសតាំងពីប្រទេសនេះ ត្រូវបានចាត់ ទុកជាទូទៅថា ជាប្រទេសអ្នកមាន និងមានស្ថេរភាព បើធៀបទៅប្រទេសដទៃក្នុងតំបន់ ។
រាល់ទម្រង់ នៃការតវ៉ា នៅក្នុងប្រទេស ត្រូវបានបង្ក្រាបដោយជោគជ័យ និង រក្សាជាសម្ងាត់ ហើយបាតុកររាប់រយនាក់ ត្រូវបានចាប់ដាក់គុក ដោយសារតែការតវ៉ាទាំងនោះ ជាក់ស្តែង ការតវ៉ានានា ក្នុងឆ្នាំ ២០០៨ ជាដើម ។
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១០ WikiLeaks និង កាសែតធំៗ ៥ ទៀត គឺ El País របស់អេស្ប៉ាញ Le Monde, របស់ បារាំង Der Spiegel របស់អាល្លឺម៉ង់ The Guardian និង The New York Times របស់អាមេរិក បានចេញផ្សាយព្រមៗគ្នាជាលើដំបូងនូវឯកសារ ពុករលួយ និង ការបង្ក្រាប នៃ របប ទុយនីស៊ី ហើយប្រការនេះ ត្រូវបានពួកអ្នកតាមដានស្ថានភាព នៅទុយនេស៊ី ចាត់ទុកថា បានរួមជាបច្ច័យនាំឱ្យមានបាតុកម្ម នៅប៉ុន្មានសប្តាហ៍ក្រោយ រហូតផ្តួលរំលំរដ្ឋាភិបាលបាន ។
ករីណី Mohamed Bouazizi និង បាតុកម្មចេញពី Sidi Bouzid
លោក Mohamed Bouazizi វ័យ ២៦ ឆ្នាំគឺជាអ្នកលក់បន្លែផ្លែឈើដោយរទេះនៅតាមផ្លូវអស់ រយៈពេល ៧ ឆ្នាំមកហើយ ដើម្បី ផ្គត់ផ្គង់ជីវភាពរស់នៅរបស់គ្រួសារ ដែលមានមនុស្ស ៨ នាក់។
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ ប៉ូលីសស្រីម្នាក់ បានរឹបអូសរទេះ និងបន្លែបង្ការបស់គាត់ ។ ដូច ដែលគាត់ ធ្លាប់ធ្វើរាល់លើកកន្លងមក គាត់បានបង់ប្រាក់ ស្មើនឹង ៧ ដុល្លារ ទៅឱ្យប៉ូលិស ។ ជាការឆ្លើយតប ប៉ូលិសស្រីនោះ បានជេរប្រមាថឪពុករបស់គាត់ ដែលបានស្លាប់ទៅហើយ និងទះកំផ្លៀងគាត់ ក៏កើតជាការប៉ះទង្គិចប្រតាយប្រតប់គ្នា ។
បន្ទាប់មក លោក Bouazizi បានទៅសាលាក្រុង ដើម្បីប្តឹងមន្ត្រីប៉ូលិសស្រី រូបនោះ និង ដើម្បីទាមទាររទេះរបស់គាត់មកវិញ ។ ប៉ុន្តែគាត់ត្រូវបានបដិសេធ ។ ដោយការតូចចិត្តពេក លោក Bouazizi បានចាក់សាំងដុតខ្លួនគាត់ ។
រំពេចនោះ ពាក្យតៗគ្នា ពីម្នាក់ ទៅម្នាក់ បានរីករាលដាលយ៉ាងលឿន អំពីព្រឹត្តិការណ៍នោះ ក៏នាំឱ្យមានបាតុកម្មកើតឡើង ។ ពួកបាតុករ បាននាំគ្នាទៅជួបជុំគ្នាតវ៉ានៅពីមុខសាលាក្រុង ប្រឆាំងនឹងការប្រព្រឹត្តនានា ចំពោះលោក Mohamed Bouazizi ។ ប៉ូលិស បានរារាំង និងប្រើ ឧស្ម័នបង្ហៀរទឹកភ្នែក ទៅលើបាតុករវ័យក្មេង រាប់រយនាក់ នៅទីក្រុង Sidi Bouzid ។ ដូចទម្លាប់ជាហូរហែរបស់អាជ្ញាធររដ្ឋាភិបាល លោក Zine el Abidine Ben Ali ធ្លាប់បានធ្វើ កន្លងមកដែរ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០ នោះ ប៉ូលិសកាន់តែច្រើន បានបង្ហាញខ្លួននៅ តាមដងផ្លូវក្នុងទីក្រុង ។
ស្អែកឡើង ក៏មានកុប្បកម្មផ្ទុះឡើង នៅក្នុងទីក្រុង Sidi Bouzid ដោយពួកយុវជនក្មេងៗ នាំគ្នាវាយបំបែកកញ្ចក់ហាងទំនិញ និង វាយរថយន្តជាដើម ។ បន្ទាប់មក លោក Bouazizi ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ក្នុងបំណងរម្ងាប់ចិត្តបាតុករ និង កុប្បករទាំងឡាយ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១០ លោកប្រធានាធិបតី Zine el Abidine Ben Ali បានទៅសួរសុខទុក្ខលោក Bouazizi ដល់មន្ទីរពេទ្យ ( លោក Bouazizi បានស្លាប់នៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០១១ ) ។
ថ្ងៃទី២២ ខែធ្នូ លោក Lahseen Naji គឺជាបាតុករម្នាក់ បានឆ្លើយតបចំពោះ ” កំហឹង និងភាព គ្មានការងារធ្វើ ” ដោយការសម្លាប់ខ្លួនដោយប្រើអគ្គិសនី ។
ថ្ងៃទី២៤ ខែធ្នូ នោះ បាតុករម្នាក់ ឈ្មោះ Mohamed Ammari ត្រូវបានប៉ូលិស បាញ់ចំកណ្តាល ទ្រូង ក្នុងទីក្រុង Bouziane ខណៈបាតុករដទៃទៀត ក៏បានរងរបួសដែរ ដោយរួមទាំងលោក Chawki Belhoussine El Hadri ផង ដែលបានស្លាប់នៅថ្ងៃទី ៣០ ខែ ធ្នូ នោះ ដោយសារ របួសធ្ងន់ពេក។ ប៉ូលិស បានបកស្រាយថា ពួកគេបាញ់បាតុករទាំងនោះ ដើម្បី ការពារខ្លួន ។ បន្ទាប់មក ប៉ូលិស បានដាក់បទបញ្ជាពាក់កណ្តាលបម្រាមគោចរ នៅក្នុងទីក្រុង ។ ក្រោយមក អំពើហិង្សា បានកើនឡើង ខណៈ អាជ្ញាធរ ទុយនេស៊ី និងអ្នកស្រុកនៅទីក្រុង Sidi Bouzid Governorate បានប្រឈមមុខតទល់គ្នាម្តងទៀត ។
ការតវ៉ា បានរីករាលដាលទៅដល់ទីក្រុង ទុយនីស នៅថ្ងៃទី២៧ ខែធ្នូ នោះ ដោយប្រជាពលរដ្ឋ ប្រមាណជា ១.០០០ នាក់ បានរួមរួមជាមួយអ្នកស្រុក Sidi Bouzid និងអំពាវនាវរកការងារធ្វើ ។
ការជួបជុំគ្នាមួយ ដែលត្រូវបានអំពាវនាវឱ្យកើតឡើង ដោយសកម្មជន ពាណិជ្ជកម្មឯករាជ្យ ត្រួវបានកងសន្តិសុខរារាំង។ ប៉ុន្តែការតវ៉ាផ្សេងទៀត បានរីករាលដាលទៅតំបន់ Sousse, តំបន់ Sfax និង តំបន់ Meknassy ។ នៅថ្ងៃបន្ទាប់សហជីពការងារ បានរៀបចំការជួបជុំ មួយទៀតនៅ Gafsa ហើយក៏ត្រូវបានកម្លាំងសន្តិសុខទប់ស្កាត់ទៀត ។ ក្នុងពេលជាមួយ គ្នានោះ មេធាវី ប្រមាណជា ៣០០ នាក់បានរៀបចំការជួបជុំគ្នាមួយ នៅជិត ការិយាល័យ រដ្ឋាភិបាលក្នុងទីក្រុង ទុយនីស ។ ការតវ៉ា បន្តកើតឡើងម្តងទៀតនៅថ្ងៃទី ២៩ ខែ ធ្នូ នោះ ។
ថ្ងៃទី៣០ ខែធ្នូ ប៉ូលីស បានបំបែកក្រុមតវ៉ាដោយសន្តិភាពនៅទីក្រុង Monastir ខណៈប្រើ កម្លាំងរំខាន ដល់បាតុកម្មផ្សេងទៀត នៅ Sbikha និង Chebba ។ ប៉ុន្តែទីក្រុង Momentum ក៏នៅតែមានការតវ៉ាកើតឡើងទៀត នៅថ្ងៃទី៣១ ខែធ្នូ នោះហើយការប្រមូលផ្តុំជាសាធារណៈ ដោយពួកមេធាវី ក្នុងទីក្រុងទុយនីស និងទីក្រុងដទៃទៀត ត្រូវបានអំពាវនាវឡើងដោយ ក្រុមមេធាវីជាតិ ។ លោក Mokhtar Trifi ប្រធានសម្ព័ន្ធសិទ្ធិមនុស្ស ទុយនេស៊ី ( LTDH) បាននិយាយថា ពួកមេធាវីទូទាំងប្រទេសទុយនេស៊ី បានរងការវាយដំឱ្យរបួសជាដំណំ ។
ថ្ងៃទី៣ ខែមករា ឆ្នាំ២០១១ ក្រុមអ្នកតវ៉ានៅ Thala ជុំវិញបញ្ហាគ្មានការងារធ្វើ និងតម្លៃរស់នៅ ឡើងថ្លៃខ្ពស់ បានប្រែក្លាយជាអំពើហិង្សា ។ ប៉ូលិស បានបង្ក្រាបដោយការបាញ់ឧស្ម័ន បង្ហៀរទឹកភ្នែក ។ ជាការឆ្លើយតប បាតុករ បាននាំគ្នាដុតកង់ឡាន និងវាយប្រហារទៅលើទី ស្នាក់ការគណបក្ស Constitutional Democratic Rally ដែលជាបក្សកាន់អំណាចយ៉ាងដុះស្លែ ។ អាជ្ញាធរ ទុយនីស៊ី បានចាត់វិធានការជាច្រើន ដោយរួមទាំងគ្រប់គ្រងសារ និងប្រព័ន្ធ អេឡេចត្រូនិក ទាំងរដ្ឋ និង ឯកជន ។
ថ្ងៃទី៦ ខែមករា ឆ្នាំ២០១១ មេធាវីទុយនេស៊ី ប្រមាណជា ៨.០០០ ស្មើនឹងប្រមាណជា ៩៥ ភាគរយ នៃមេធាវីទាំងអស់ ក្នុងប្រទេសបានធ្វើកូដកម្មប្រឆាំងនឹងការប្រើអំពើហិង្សាទៅលើ ពួកមេធាវីកាលពីប៉ុន្មានថ្ងៃមុន ។ ថ្ងៃបន្ទាប់មក ក៏មានគ្រួបង្រៀនចូលរួមកូដកម្មនោះដែរ។ ថ្ងៃទី១១ ខែឆ្នាំ ដដែលនោះ ប៉ូលិស បង្ក្រាបកូដកម្ម បានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែក ហ្វូងកូដករទាំងនោះ ។ រថពាសដែករបស់កងទ័ព ក៏ត្រូវបានដាក់ពង្រាយដែរ ។ ប៉ុន្តែពួក កូដករស្រែកឡើងថា ” ពួកយើងមិនខ្លាចទេ ! ពួកយើងមិនខ្លាចទេ! ពួកយើងខ្លាចតែព្រះ ជាម្ចាស់ប៉ុណ្ណោះ ! ” ។
អង្គការនយោបាយ អ៊ីស្លាម Hizb ut-Tahrir ក៏បានរៀបចំការតវ៉ាមួយដែរ នៅថ្ងៃទី ១៤ ខែមករា នោះ ។ នៅថ្ងៃបន្ទាប់ ពួកគេបានធ្វើដំណើរទៅគុក ៩ មេសាដើម្បីទាមទារឱ្យដោះលែងអ្នក ទោសនយោបាយ ។
អវសាន នៃអំណាចរបស់លោក Ben Ali
សូមត្រឡប់ទៅក្រោយបន្តិ គឺកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ លោកប្រធានាធិបតី President Zine El Abidine Ben Ali បានថ្លែងតាមទូរទស្សន៍ជាតិ រិះគន់បាតុករទាំងអស់ហើយបានហៅ ពួកបាតុករទាំងអស់ថា ” ពួកជ្រុលនិយម និង ពួកស៊ីឈ្នួលធ្វើបាតុកម្ម ” និង ព្រមានថា នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ចំពោះអ្នកពាក់ព័ន្ធ ។ គាត់ក៏បានស្តីបន្ទោស្ថាប័នទូរទស្សន៍បរទេស មួយចំនួនថា បានផ្សាយបង្ខូចរដ្ឋាភិបាលរបស់គាត់ ។ ទោះយ៉ាងណាការថ្លែងរបស់គាត់ មិនត្រូវបានអើពើឡើយ ហើយបាតុកម្មនៅតែបន្ត ។
ថ្ងៃទី ២៩ ខែ ធ្នូ លោកប្រធានាធិបតី Zine El Abidine Ben Ali បានប្រាប់ខុទ្ទកាល័យរបស់ គាត់ឱ្យដករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងចេញពីតំណែង ។ ថ្ងៃបន្ទាប់មក គាត់បានប្រកាសថា នឹងដកតំណែងអភិបាលក្រុង Sidi Bouzid ក្រុង Jendouba និង អភិបាលក្រុង Zaghouan ។ ក្នុងខែ មករា ឆ្នាំ ២០១១ គាត់បានប្រកាសថា នឹងបង្កើតការងារចំនួន ៣០០.០០០ កន្លែង ដែលតាមពិតទៅ គាត់ក៏មិនដឹងថា ការងារនោះជាអ្វីពិតប្រាកដផង ពោលគឺគាត់គ្រាន់តែ និយាយ ដើម្បីរម្ងាប់ចិត្តបាតុករនៅគ្រាមានអាសន្នតែប៉ុណ្ណោះ ។
ថ្ងៃទី១០ ខែមករា រដ្ឋាភិបាល ប្រកាសបិទទ្វារសាលារៀនទាំងអស់ដោយគ្មានកាលកំណត់ ជាក់លាក់ ដោយលើកហេតុផលថា ដើម្បីគ្រប់គ្រងភាពឥតសណ្តាប់ធ្នាប់នេះ ។
ទីបំផុត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ នោះ លោកប្រធានាធិបតី BenAliបានរំលាយរដ្ឋា ភិបាល ហើយបានប្រកាសគ្រាអាសន្នរដ្ឋ ។ លោក Ben Ali ក៏បានអំពាវនាវឱ្យមានការ បោះឆ្នោត នៅក្នុងរយៈពេល ៦ ខែ ទៀត ។
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ នោះ លោកប្រធានាធិបតី Ben Ali ក៏បានភៀសខ្លួនចេញពី ប្រទេស ដោយបានសុំការជ្រកកោននៅប្រទេស បារាំងដែលធ្លាប់ជាបង្អែករបស់គាត់ជា ច្រើនឆ្នាំមកហើយ ។ ប៉ុន្តែពេលនេះ បារាំង បានបដិសេធ សូម្បីតែយន្តហោះរបស់គាត់ ក៏បារាំង មិនអនុញ្ញាតឱ្យចុះចតលើទឹកដីបារាំងដែរ ។
ហេតុនេះ ប្រធានាធិបតី អស់បុណ្យ Ben Ali ក៏បានភៀសខ្លួនទៅកាន់ប្រទេស ម៉ាល់ត៍ ក្រោមកិច្ចការពាររបស់ លីប៊ី ដោយបានទៅចុះចតនៅព្រលានយន្តហោះ Jeddah នៃ អារ៉ាប៊ី សាអ៊ូឌី ។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Zine El Abidine Ben Ali ដែលបានក្តោបអំណាច នៅទុយនេស៊ី អស់រយៈពេល ២៤ ឆ្នាំ ក៏បានដល់ទីអវសាន នៅពេលនោះ និងដោយ ប្រការនោះហោង ។
បន្ទាប់មក រដ្ឋាភិបាលក្រោយរបស់ ទុយនេស៊ី បានយកថ្ងៃទី១៤ ខែមករា ធ្វើជា ទិវាបដិវត្តន៍ និង យុវជន ទុយនីស៊ី រហូតមក ។
បន្ទាប់ពីការចាកចេញពីប្រទេសរបស់លោក Ben Ali គ្រាអាសន្នរបស់រដ្ឋត្រូវបានប្រកាស ដាក់ចេញ ហើយមេបញ្ជាការកងទ័ព បានងាកទៅការពារបដិវត្តន៍នោះវិញ ។ នាយករដ្ឋមន្ត្រី Mohamed Ghannouchi បានឡើងកាន់តំណែង ជាប្រធានាធិបតីស្តីទី ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា