​ក្រុម​មន្ត្រី​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​មករា​ថា ​ភ្ញៀវទេសចរ​ចិន​ម្នាក់​មក​ប្រទេស​ថៃ​ត្រូវ​បាន​បញ្ជាក់ថា​បាន​ឆ្លង​វីរុស​ថ្មី​នៃ​ជំងឺ​ផ្លូវដង្ហើម​​ដែល​ទាក់ទង​ទៅ​នឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​រលាក​សួត​នៅ​ប្រទេស​ចិន​ភាគ​កណ្តាល​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) និយាយថា ក្រុម​មន្ត្រី​ថៃ​បាន​រាយការណ៍​ថា​អ្នកធ្វើដំណើរ​ម្នាក់ជាស្រ្តីចិន​មក​ពី​ទីក្រុង​វូ​ហាន ​ប្រទេស​ចិន ​ត្រូវបាន​បញ្ជូន​ទៅកាន់​​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ ដោយ​ឆ្លង​វីរុស​នេះ​។​

​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន ​ជា​កន្លែង​ដែល​វា​បាន​ឆ្លង​ដល់​មនុស្ស​រាប់​សិប​នាក់​ដែល​បាន​ទៅ​ផ្សារ​សាច់​និង​​អាហារ​សមុទ្រ​មួយ​។​

​លោក​អា​នូ​ទីន ឆាន​វី​រ៉ា​គុល រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ​បាន​និយាយថា វា​ទំនងជា​ករណី​ដំបូង​ដែល​មាន​មនុស្ស​ឆ្លង​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ​ត្រូវបាន​រក​​ឃើញ​នៅ​ក្រៅប្រទេស​ចិន​។​

​លោក​បាន​និយាយថា អ្នកទេសចរ​ដែល​ឆ្លង​វីរុស​នេះ ជា​ស្ត្រី អាយុ​៦១​ឆ្នាំ ដែល​រោគសញ្ញា​របស់គាត់​ត្រូវបាន​រកឃើញ​នៅ​ពេល​មកដល់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​ ក្រុង​បាងកក កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។ វីរុស​របស់​ស្ត្រី​នេះ​ត្រូវ​បាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ តាមរយៈ​ការធ្វើ​តេស្តិ៍​នៅ​មន្ទីរពិសោធន៍​។​

​លោក​បាន​និយាយថា ​ស្ត្រី​នេះត្រូវបាន​ព្យាបាល​នៅ​ដោយឡែក​ពី​គេ​នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយ​នៅ​ខាងក្រៅ​ទីក្រុង​បាងកក​។​

​លោក​បាន​បន្ថែមថា ” មនុស្ស​៨​នាក់​ផ្សេង​ទៀត​ដែល​អាច​មាន​រោគសញ្ញា​នេះ ក៏​ត្រូវបាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​ផង​ដែរ ប៉ុន្តែ​មិន​មាន​នរណា​​ម្នាក់ត្រូវ​បាន​បញ្ជាក់ថា​មាន​វីរុស​នេះ​ទេ​”​។​

​សេចក្តីថ្លែងការណ៍​មួយ​ចេញ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​អង្គការ​សុខភាព​ពិភពលោក ​បាន​និយាយថា ​ខ្លួន​កំពុង​ធ្វើការ​ជាមួយ​ក្រុម​មន្ត្រី​នៅ​ប្រទេស​ថៃ​និង​ចិន​​បន្ទាប់​ពី​មាន​របាយការណ៍​អំពី​ករណី​នៃ​វីរុស​នេះដែល​ត្រូវ​បាន​បញ្ជាក់ថា​មាន​នៅ​ក្រៅ​ប្រទេស​ចិន​។​

​នៅ​មិនទាន់មាន​ភស្តុតាង​បញ្ជាក់​ថា វីរុស​នេះ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ទេ​។​

​មន្ត្រី​នៅ​ទីក្រុង​វូ​ហាន បាន​និយាយ​កាលពី​ចុង​សប្តាហ៍​ថា មនុស្ស​សរុប​ចំនួន​៤១ នាក់​បាន​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បណ្តាល​មក​ពី​វីរុស​ថ្មី​នេះ និង​បុរស​អាយុ ៦១ ឆ្នាំ​ម្នាក់​បាន​ស្លាប់​។ នេះ​ជា​ករណី​ស្លាប់​លើកដំបូង​នៅ​ចិន ដោយសារ​វីរុស​នេះ​៕ដោយ៖សុខា/sn/Ha

មន្ត្រី​សុខាភិបាល​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន បាន​បញ្ជាក់​អំពី​ករណី​ស្លាប់​លើកដំបូង​ពី​វីរុស​ថ្មី​។​អង្គការ​សុខភាព​ពិភពលោក​បានន​និយាយ​ថា​ជំងឺផ្លូវដង្ហើម​​នៅ​ក្រុង​វូ​ហាន​នេះ​អាច​បង្កឡើង​ពី​វីរុស​ថ្មី​មួយ​ក្នុង​ក្រុម​កូរ៉ូណា​វីរុស ដែល​បាន​បង្ក​ជំងឺសា​និង​មឺ​ស សម្លាប់​មនុស្ស​រាប់រយ​នាក់​កាលពី​ពេល​កន្លងមក​