អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ប្រមាណ​ជាង​២០០​នាក់ ទទួលបាន​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​

1576
ចែករម្លែក
លោក ជាវ ប៊ុន​រិ​ទ្ធ ប្រាប់​អំពី​អត្ថប្រយោជន៍ នៃ​បណ្ណ​សមធម៌​សុខាភិបាល​ដល់​អ្នកចូលរួម (​រូបថត ប​.​ស​.​ស​)

ដោយ : ពៅ និមល / ភ្នំពេញ : បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីពេល​កន្លងទៅ​ថ្មី​នេះ បាន​ចែក​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល និង ចែក​បណ្ណ​ចេញ​-​ចូល បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ដល់​អ្នកបើកប​រ​ឡាន​ដឹក​កម្មករ ប្រមាណ​ជាង​២០០​នាក់​។​

​ការចុះ​ចែក​បណ្ណ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់លោក ជាវ ប៊ុន​រិ​ទ្ធ ប្រធានការិយាល័យ គោលនយោបាយ និង​ជា​អ្នកនាំពាក្យ នៃ ប​.​ស​.​ស តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជ រដ្ឋាភិបាល​ទទួលបន្ទុក​ជានា​យក ប​.​ស​.​ស និង​ជា​ប្រធាន​ក្រុម​កា​ងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់ គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​) រួមជាមួយ​តំណាង​ម្ចាស់​តំបន់ មន្ត្រី ប​.​ស​.​ស ខេត្ត ប្រធាន​សមាគម​ឡាន ដឹក​កម្មករ និង​បងប្អូន​អ្នកបើកបរ​ឡាន​ដឹក​កម្មករនិយោជិត​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ប​.​ស​.​ស ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅ បាន​បញ្ជាក់ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​បណ្ណ​ចេញ​-​ចូល បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ក្នុងការ​ដឹកជញ្ជូន​ក​ម្មករ និយោជិត​ឲ្យ​មាន​សុវត្ថិភាព ដោយ ប​.​ស​.​ស បាន​សហការ​ជាមួយ​ខាង​តំបន់​ដើម្បី​ចេញ​បណ្ណ​ចេញ​-​ចូល​។ ពិសេស​ជាងនេះទៀត ប​.​ស​.​ស បានផ្តល់​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ចំនួន​១៩៦​បណ្ណ ដល់​អ្នកបើកបរ​ឡាន​ដឹក​កម្មករ ផងដែរ ដើម្បី​គាត់​មាន​សិទ្ធិ​ទៅប្រើ​ប្រាស់​សេវា​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ដោយ​មិន​បង់ប្រាក់ ។
​ប្រភព​ខាងលើ​បាន​បន្តថា ការផ្តល់​បណ្ណសម​ធម៌​សុខាភិបាល​នេះ បាន​ធ្វើឡើង​ក្រោយពី​ទទួល បាន​ទិន្នន័យ​របស់​អ្នក​បើកឡាន​ដឹក​កម្មករ ក្រោម​កិច្ចសហការ​ពី​ម្ចាស់​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ និង​សមាគម​អ្នក​បើកឡាន​ដឹក​កម្មករ​។​

​បើ​យោងតាម​របាយការណ៍​ប្រជុំ​បូកសរុប​សមិទ្ធផល​ការងារ​សម្រេចបាន​ឆ្នាំ​២០១៧ របស់​ក្រុមការងារ ស​.​ផ​.​ក បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​រប​ស់កម្មករ​និយោជិត​មាន​ចំនួន​១.៧៧១​ករណី បណ្តាល​ឲ្យ រងរបួស​សរុប​ចំនួន​២.៣២៦​នាក់ (​ស្រី​ទាំងអស់​) របួសធ្ងន់​ចំនួន​៣២០​នាក់ របួសស្រាល​ចំនួន​១.៩៧០​នាក់ និង​ស្លាប់​ចំនួន​៣៦​នាក់​។ បង្កឡើង​ដោយ​កត្តា​ម៉ូតូ​មាន​ចំនួន​៨៧.៦២​ភាគរយ កត្តា​រថយន្ត​ចំនួន ៣.៩៦​ភាគរយ និង​កត្តា​ផ្សេងៗ​ចំនួន ៨.៤២​ភាគរយ​។​

​នៅក្នុង​ពិធ​នាឱកាស​នោះ លោកអ្នក​នាំពាក្យ ជាវ ប៊ុន​រិ​ទ្ធ លើកឡើងថា ដោយមាន​កិច្ចសហការ​ពី ម្ចាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ប​.​ស​.​ស បានរៀបចំ​ពិធី​ចែក​បណ្ណ​ចេញ​-​ចូល​បរិវេណ ក្រុមហ៊ុន និង​ផ្តល់​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ដល់​បងប្អូន​អ្នក​បើកឡាន​ដឹក​កម្មករ អាច​ទៅ​ទទួល សេវា​ពិនិត្យ​និង​ព្យាបាល​ដោយ​មិន​អស់ប្រាក់​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ទូទាំងប្រទេស​។ ទាំងនេះហើយ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្រោម​ការដឹកនាំ​ដ៏​ពិន​ប្រសព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា តាមរយៈ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​បេឡា​ជាតិ​របប សន្តិសុខ​សង្គម ជា​សេនាធិការ​បាន​អនុវត្ត​លើ​ប្រព័ន្ធ​គាំពារ​សង្គម ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕L

បណ្ណ​សមធម៌​សុខាភិបាល​ជាង​២០០ ប្រគល់ជូន​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ដល់​អ្នកចូលរួម (​រូបថត ប​.​ស​.​ស​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ