ព្រះមហាក្សត្រិយានី អេលីហ្សាបេតទី ២ កាលពីថ្ងៃចន្ទទី១៣មករាបានអនុញ្ញាតឱ្យព្រះរាជនត្តារបស់ទ្រង់គឺព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គានបែងចែកពេលវេលារបស់ពួកទ្រង់រវាងប្រទេសកាណាដានិងអង់គ្លេសក្នុងអំឡុងពេល “អន្តរកាល” ដែលក្នុងនោះក្រុមគ្រួសាររាជវង្សអង់គ្លេសនឹងរកវិធីដោះស្រាយការលាលែងយ៉ាងភ្ញាក់ផ្អើលពីតំណែងរាជវង្សជួរមុខរបស់ទ្រង់ទាំងពីរ។
ម្ចាស់ក្សត្រិយ៍បានមានបន្ទូលថាទ្រង់បានធ្វើកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនារវាងព្រះអង្គហារីនិងព្រះរាមរបស់ទ្រង់ ព្រះអង្គម្ចាស់វីលលៀមនិងបិតារបស់ពួកទ្រង់ ព្រះអង្គម្ចាស់ឆាល ក្នុងគោលបំណងជ្រើសរើសដំណោះស្រាយសមរម្យមួយតាមរយៈការប្រកាសដ៏ភ្ញាក់ផ្អើលរបស់ហារីនិងមេហ្គាន។
មេហ្គានបានចូលរួមក្នុងការសន្ទនាតាមរយៈទូរស័ព្ទពីប្រទេសកាណាដាបន្ទាប់ពីហោះហើរយ៉ាងតក់ក្រហល់ភ្លាមៗចេញពីប្រទេសអង់គ្លេសកាលពីសប្តាហ៍មុន។
ការប្រកាសលាលែងពីតំណែងរាជវង្សរបស់ពួកទ្រង់កាលពីថ្ងៃពុធសប្តាហ៍មុនបានកើតឡើង ក្រោយលេចឮពាក្យចចាមអារ៉ាមពេញមួយឆ្នាំអំពីជម្លោះរវាងបងប្អូនបង្កើត (ហារីនិងវីលលៀម) និង របាយការណ៍នានាថាព្រះនាងមេហ្គាន តារាសម្តែងអាម៉េរិកដែលមានវត្តមានខ្លាំងក្លានៅក្នុងបណ្តាញសង្គម មិនត្រូវបានស្វាគមន៍នៅក្នុងគ្រួសាររាជវង្សអង់គ្លេសដែលប្រកាន់ខ្ជាប់ប្រពៃណីតឹងរ៉ឹងនោះទេ។
ម្ចាស់ក្សត្រិយានីអេលីហ្សាបេតព្រះជន្ម ៩៣ វស្សាបានមានបន្ទូលនៅក្នុងព្រះរាជឱងការមួយ បន្ទាប់ពីថ្ងៃទីមួយនៃការប្រជុំនៅរាជដំណាក់ Sandringham នៅភាគខាងកើតនៃប្រទេសអង់គ្លេសយ៉ាងដូច្នេះ “គ្រួសារខ្ញុំនិងខ្ញុំគាំទ្រទាំងស្រុងចំពោះបំណងប្រាថ្នារបស់ហារីនិងមេហ្គានក្នុងការបង្កើតជីវិតថ្មីក្នុងនាមជាគ្រួសារវ័យក្មេង”។
មេហ្គាននិងហារីបានមានបន្ទូលថា ពួកទ្រង់ចង់បង្កើតតួនាទីថ្មីឈានមុខនៅក្នុងស្ថាប័នមហាក្សត្រ។ ម្ចាស់ក្សត្រិយ៍បានទទួលស្គាល់ថា ការសម្រេចចិត្តរបស់ទ្រង់ទាំងពីរព្រះអង្គមិនមែនជាដំណឹងគួរជាទីស្វាគមន៍ទេ។
ម្ចាស់ក្សត្រិយ៍បានមានបន្ទូលថា “ត្បិតយើងចង់ឱ្យពួកទ្រង់ធ្វើការពេញម៉ោងជាសមាជិកគ្រួសាររាជវង្សក្តី ក៏ប៉ុន្តែយើងគោរពនិងយល់ពីបំណងរបស់ពួកទ្រង់ដើម្បីរស់នៅក្នុងជីវិតឯករាជ្យក្នុងនាមជាគ្រួសារមួយ ខណៈរក្សានៅផ្នែកដ៏មានតម្លៃនៃគ្រួសាររបស់ខ្ញុំ”៕ ដោយ៖ កញ្ញាដាលីស