​ដោយៈ មេសា​/ភ្នំពេញៈ បើ​មើល​តាម​ស្ថានភាព​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ រហូតមកដល់​ពេលនេះ កម្ពុជារំពឹងថា​អាច​នឹង​លុបបំបាត់​ជំងឺគ្រុនចាញ់​បាន​ទាំងស្រុង​នៅត្រឹម​ឆ្នាំ ២០២៥ តាម​ការគ្រោងទុក ។ អាច​នឹង​លុបបំបាត់បាន​តាម​ការរំពឹង​ទុក ដោយសារ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ករណី​ជំងឺគ្រុនចាញ់បាន​ថយចុះ​ជា​លំដាប់ ហើយ​បើតាម​របាយការណ៍​នានា​អះអាងថា ការស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ស្ទើរតែ​បញ្ចប់​បាន​ទាំងស្រុង​ទៅហើយនៅ​ឆ្នាំ ២០១៩ ។​


​តាម​កំណត់ត្រា​ដែល​បាន​រក្សាទុក​កន្លងមក ឃើញថា មុន​ឆ្នាំ ២០១១ គិត​ជា​មធ្យម​ក្នុង ១ ឆ្នាំ មានអ្នក​កើត​ជំងឺគ្រុនចាញ់​ជាង ១៧ ម៉ឺន​ករណី ដែល​ក្នុងនោះ​មាន​អ្នកស្លាប់​ពី​ចន្លោះ​ជាង ៥០០​នាក់ ដល់​ជិត ៩០០​រយ​នាក់ ។ លុះដល់​ពី​ឆ្នាំ​២០១១ អ្នក​កើត​ជំងឺគ្រុនចាញ់បាន​ចុះថយ​មក​នៅត្រឹម​ជាង ៦ ម៉ឺន ៥​ពាន់​ករណី និង​មាន​អ្នកស្លាប់​ជាង ៩០​នាក់ ។ ក្រោយ​ម​ទៀត គឺ​ឆ្នាំ​២០១២ អ្នក​កើត​ជំងឺគ្រុនចាញ់មាន​ចំនួន​ជាង ៤ ម៉ឺន ៦​ពាន់​នាក់ ស្លាប់ ៤៤ នាក់ ។​


​បន្ទាប់មក​របាយការណ៍​ប្រចាំឆ្នាំ ក្នុង​សេវា​សុខាភិបាល​សាធារណៈ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បាន​បង្ហាញថា ជំងឺគ្រុនចាញ់​នៅ​ប្រទេស​កម្ពុជា នា​ឆ្នាំ ២០១៨ បាន​ថយចុះ ៨៥ ភាគរយ កាត់បន្ថយករណី​ស្លាប់​បាន ៩៩ ភាគរយ ហើយ​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និងបាណក​សាស្ត្រ ត្រូវបាន​ស្រង់​សម្តី​ថា ការថយចុះ​នេះ​គឺ​បន្ទាប់ពី​បាន​ដំណើរការ​អនុវត្ត​ន៍ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់​ជំងឺគ្រុនចាញ់​២០១១-២០២៥ របស់​រាជរដ្ឋាភិបាល ហើយអ្វី​ដែលជា​ប្រការ​គួរកត់សម្គាល់​នោះ​គឺថា ជាង ៧០ ភាគរយ នៃជំងឺ​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ឆ្នាំ ២០១៨ គឺជា​ប្រភេទ​គ្រុនចាញ់​ក​ម្រិត​ស្រាល ហើយ​នៅ​ឆ្នាំ​២០១៨​នោះ​ទៀតសោតក៏​គ្មាន​ករណី​ស្លាប់​សោះ​ដោយសារ​ជំងឺគ្រុនចាញ់ ។​


​ជា​ផ្នែក​មួយ ដើម្បីសម្រេចបាន​គោលដៅ​ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​នៅត្រឹម​ឆ្នាំ ២០២៥ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បានរៀបចំ​ឱ្យមាន​អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ ជិត ៣ ពាន់ភូមិ​នៅក្នុង ២១ ខេត្ត ហើយ​កាលពី​ឆ្នាំ ២០១៧ មជ្ឈមណ្ឌល​ជាតិ បានរៀបចំ​ឱ្យមាន​ប្រព័ន្ធ​បញ្ជូន​ទិន្នន័យ​ជំងឺគ្រុនចាញ់តាម​ទូរស័ព្ទ ដែល​អ្នកស្ម័គ្រចិត្ត​ភូមិអាច​បញ្ជូន​នូវ​រាល់​ការរកឃើញ​ករណី​ជំងឺ​គ្រុ​ញ​ចាញ់​នៅក្នុង​គោលដៅ​របស់​ពួកគាត់ ហើយ​ព័ត៌មាន​ទាំងនោះនឹង​ចូល​ទៅដល់​អ្នកពាក់ព័ន្ធ​ទាំងឡាយ តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ ដើម្បីឆ្លើយតប​ទាន់ពេលវេលា ។ គម្រោងក៏បានផ្តល់ Tablet ដល់​មន្ត្រី​តាម​មណ្ឌល​សុខភាព​ដែល​ឋិត​ក្នុង​តំបន់​ប្រឈម​នឹង​ជំងឺគ្រុនចាញ់​ប្រមាណ​ជា ៨ រយគ្រឿង​ផ្សេងទៀត ដែល​ប្រការនេះ​បានសេចក្តីថា បើទោះបីជា​ស្ថានភាព​ជំងឺគ្រុនចាញ់​បាន​ថយចុះ​យ៉ាង​នេះហើយ​ក្តី ក៏​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយមិន​បន្ធូរបន្ថយ​កិច្ចខិតខំ​របស់ខ្លួន​ឡើយ ព្រោះថា ប្រសិនបើ​បន្ធូរបន្ថយ​នៅពេលនេះ ជំងឺគ្រុនចាញ់អាច​នឹង​ហក់​ឡើងវិញ ដែល​អាចធ្វើឱ្យ​កិច្ចខិតខំ​ប្រឹង​ទាំងឡាយ​កន្លងមកដូចដែល​បានគ្រោង​ទុក​ថា នឹង​លុបបំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​នៅត្រឹម​ឆ្នាំ ២០២៥ នោះ ទៅជា​មិនបាន​សម្រេច ។​


​ជា​ការណ៍​ពិត ជំងឺគ្រុនចាញ់គឺជា​ជំងឺ​ដែល​គេ​អាច​ព្យាបាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ពោលគឺ​គេ​អាច​បញ្ចៀស​បាន​នូវ​រាល់​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ប្រសិនបើ​គេ​ព្យាបាល​បាន​ទាន់បេលវេលា និងត្រឹមត្រូវ ។ ប៉ុន្តែ​ផ្ទុយទៅវិញ​វា​នឹង​ក្លាយជា​ជំងឺ​ដ៏​កាច​សហាវ អាច​ផ្តាច់ផ្តិល​អាយុជីវិត​មនុស្ស​បាន​ភ្លាម ប្រសិនបើ​គេ​យឺតយ៉ាវ​ក្នុងការ​ព្យាបាល ឬ ព្យាបាល​មិនបាន​ត្រឹមត្រូវ ។​


​ហេតុនេះ​អ្នកពាក់ព័ន្ធ​ទាំងឡាយ មាន​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ជាដើម តែងតែ​បញ្ជូន​សារ​ជា​ហូរហែ​ថា ប្រសិនបើ​សង្ស័យថា មាន​ជំងឺគ្រុនចាញ់ ដូចជា​ក្តៅខ្លួន​លើសពី ៣៨ អង្សា​លើសពី ២ ថ្ងៃ គេ​ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ ទៅរក​អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ ចៀសវាង​ដាច់ខាតកុំ​ទៅរក​ការ​ផ្សំ​ថ្នាំ​ដោយ​ខ្លួនឯង ឬ នៅតាម​គ្លីនិក​ឯកជន ព្រោះ​គ្លីនិក​ឯកជន​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់​ទេ ពុំ​នោះទេ គេ​អាច​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ។​


​អនុវត្ត​វិធានការ ៦ ចំណុច ដើម្បី បង្ការ​ជំងឺគ្រុនចាញ់​
​វិធី​បង្ការ​ជំងឺគ្រុនចាញ់ គឺ​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៦ ចំណុច គឺ ៖
១. ធ្វើយ៉ាងណា​កុំឱ្យ​មូស​ខ្លា​ញី​ខាំ ដូចជា​ត្រូវ​ទទួលទានដំណេក​ក្នុង​មុង​ជានិច្ច ស្លៀកពាក់​ខោជើងវែង និង​អាវដៃវែង ។​


២.​សហការ​ជាមួយ​ភ្នាក់ងារ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់​ភូមិ ដោយ​ត្រូវ​ប្រាប់​ពួកគេ​បើ​មាន​អ្នកណាម្នាក់​ក្នុង​គ្រូ​សារ​របស់​អ្នក ឬ អ្នកជិតខាង​មាន​គ្រុនក្តៅ​ត្រូវ​ឲ្យ​គេ​ពិនិត្យ​ឈាម​ភ្លាម ។​


៣.​បើ​អ្នក​សង្ស័យថាកើតមាន​ជំងឺគ្រុនចាញ់ ដូចជា​ក្តៅខ្លួន​លើសពី ៣៨ អង្សា លើសពី ២ ថ្ងៃ ត្រូវ​រូតរះ​ទៅ​មណ្ឌល​សុខភាព ឬ អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ កុំ​ទៅរក​ការ​ផ្សំ​ថ្នាំ​ដោយ​ខ្លួនឯង ឬ ទៅ​គ្លីនិក​ឯកជន បើ​យឺតយ៉ាវ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ។​

៤. ត្រូវ​បំផ្លាញ​មូស​និង​កូន​វា​ឲ្យ​អស់ ដូចជា​លុបថ្លុក រណ្តៅ ឬ វត្ថុ​ណា​ដែល​អាច​ដក់​ទឹកបាន ដូចជា​សម្បក​កំប៉ុង សម្បក​កង់ឡាន ថូផ្កា​ ដប​ជាដើម ត្រូវ​ចាក់ទឹក​ចោល​ឱ្យ​អស់ពី​វត្ថុ​ដែល​ដក់​ទឹក​ទាំងនោះ ។​សម្អាត​ក្នុងផ្ទះ និង​បរិវេណ​ជុំវិញ​ផ្ទះ ដើម្បី​បំបាត់​ជម្រក​មូស ។​


៥. គ្របពាង​ដែលមាន​ទឹក​ទាំងអស់ ដើម្បី​កុំឱ្យ​មូស​ចូល​ពង​ក្នុង​នោះបាន ត្រូវ​លាង​ពាង​ឲ្យ​បាន​ស្អាត​រាល់​មួយ​សប្តាហ៍​ម្តង ឬ ចិញ្ចឹម​ត្រី​ក្រឹម​ក្នុង​ពាងទឹក ដើម្បីឱ្យ​វា​ស៊ី​ពង​មូស និង​ដង្កូវទឹក​។ ដាក់​ថ្នាំ​អា​បែ​ត​ក្នុង​ពាងទឹក​និង​អាងទឹក ក៏​កាន់តែ​ប្រសើរ ។


៦. កុំ​បណ្តោយឱ្យ​កុមារ​លេង​នៅ​កន្លែង​ងងឹត ព្រោះ​មូស​ខ្លា​វា​ច្រើន​សម្ងំ​នៅ​កន្លែង​ងងឹត ត្រូវ​បត់​ទុក​សម្លៀកបំពាក់​ឲ្យ​ស្អាត កុំ​ព្យួរ ព្រោះ​អាចឱ្យ​មូស​ខ្លា​ពួន​សម្ងំ​នៅបាន ។ ផ្ទះ​ត្រូវ​បើក​បង្អួច​ឲ្យ​មាន​ពន្លឺព្រះអាទិត្យ​ចេញចូល​បាន​គ្រប់គ្រាន់ ដើម្បី​ការពារ​កុំ​ឲ្យ​មូស​ខ្លា​ពួន​សម្ងំ ៕ Kh/Ha

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ផ្តល់​អនុសាសន៍​ថា ប្រសិនបើ​សង្ស័យថា​មាន​ជំងឺគ្រុនចាញ់ សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ អ្នកស្ម័គ្រចិត្ត​ភូមិ កុំទៅ​ផ្សំ​ថ្នាំ​ដោយ​ខ្លួនឯង ឬ ទៅ​គ្លីនិក​ឯកជន ( រូបៈ មេសា )
បង្ការ​ជំងឺគ្រុនចាញ់ ធ្វើយ៉ាងណា កុំឱ្យ​មូស​ខ្លា​ញី ខាំ ( រូបៈ ឯកសារ )