​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​មករា​ថា ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ជិត​២០០ នាក់ ដែល​ត្រូវ​កងទ័ពជើងទឹក​មី​យ៉ាន់​ម៉ា​ចាប់ខ្លួន​នៅ​សមុទ្រ​កាលពី​ខែ​មុន​ ដោយ​ត្រូវបាន​បញ្ជូន​ទៅ​រដ្ឋ​រ៉ាក់​ឃីន ប្រទេស​មី​យ៉ាន់​ម៉ា​វិញ បន្ទាប់ពី​ធ្វើ​ដំណើរ​រាប់រយ​គីឡូម៉ែត្រ​។​

​ដោយ​ទឹកសមុទ្រ​ស្ងប់ស្ងៀម​តាម​រដូវ គេ​ឃើញ​មាន​ការកើនឡើង​នៃ​ចំនួន​ជន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ផ្ញើ​ជីវិត​របស់​ពួកគេ​ទៅ​នឹង​ពួក​រត់ពន្ធ​មនុស្ស​ដើម្បី​ទៅដល់​​ប្រទេស​ម៉ាឡេស៊ី​ឬ​ឥណ្ឌូនេស៊ី តាម​ទូក​។​

​កាលពី​ពាក់កណ្តាល​ខែ​ធ្នូ មនុស្ស​ចំនួន​១៧៣​នាក់ ត្រូវ​បា​ចាប់​ឃាត់ខ្លួន​នៅ​សមុទ្រ​នៅ​ឯនាយ​ទី​ក្រុងករ​ធួ​ង របស់​មី​យ៉ាន់​ម៉ា​។​

​រូបភាព​កាលពី​ថ្ងៃ​ចន្ទ​បង្ហាញ​បុរស​ស្ត្រី​និង​កុមារ​ចំនួន​១៧ នាក់​ដែល​មើលទៅ​នឿយហត់​អត់​កម្លាំង​ខណៈដែល​ពួកគេ​បាន​ចុះ​ពី​ទូក​ឈើ​មួយ​នៅ​ឆ្នេរសមុទ្រ​នៅ​​ជិត​ទីក្រុង​ស៊ីត​វ៉េ ក្នុង​រដ្ឋ រ៉ាក់​ឃីន ភាគ​ខាងលិច​។​

​មន្ត្រី​សន្តិសុខ​នៃ​រដ្ឋ​រ៉ាក់​ឃីន បាន​និយាយថា ពួកគេ​ទាំង​១៧​នាក់​នេះ ត្រូវបាន​នាំ​ខ្លួន​ទៅកាន់​ជំរំ​មួយ​ខណៈ​ដែល​មនុស្ស​១៥៦​នាក់​ដែល​នៅសល់ ត្រូវបាន​បញ្ជូន​​ទៅកាន់​ជំរំ​មួយទៀត នៅ​ទីក្រុង​មួង​ដរ នៅក្នុង​រដ្ឋ​រ៉ាក់​ឃីន​៕​ដោយ​៖​សុខា​/sn

ជន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​សមុទ្រ​ចុះ​ពី​ទូក​ឈើ​មួយ​នៅ​ឆ្នេរសមុទ្រ​មួយ​នៅ​រដ្ឋ រ៉ាក់​ឃីន