ដោយ: មុនីរ័ត្ន / ភ្នំពេញ: តបតាមការអញ្ជើញរបស់លោកផាម ប៊ិញមិញ (Pham Binh Minh) ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ នៅខេត្តញ៉ាចាង សាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប»។ កិច្ចប្រជុំចង្អៀតនេះ ជាវេទិកាមួយសម្រាប់រដ្ឋមន្ដ្រីការបរទេសអាស៊ាន ធ្វើការផ្លាស់ប្តូរការយល់ឃើញ និងគំនិតទៅលើវិធី និងមធ្យោបាយនានាដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀតនូវការឯកភាព សមាហរណកម្ម និងការតភ្ជាប់អត្តសញ្ញាណរួមរបស់អាស៊ាន ព្រមទាំងការចូលរួមជាមួយនឹងសហគមន៍ពិភពលោក និងសមត្ថភាពស្ថាប័ន។
ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២០ ប្រទេសវៀតណាម បានលើកឡើងនូវចំណុចអាទិភាពចំនួន៥ ដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ការចូលរួមចំណែកដ៏សកម្មរបស់អាស៊ាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ការជំរុញឲ្យកាន់តែខ្លាំងនូវសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់អាស៊ាន ការលើកកម្ពស់អត្តសញ្ញាណអាស៊ាន និងការយល់ដឹងអំពីសហគមន៍អាស៊ាន ការពង្រឹងភាពជាដៃគូសកលរបស់អាស៊ាន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នរបស់អាស៊ាន៕ ល/Ha