ដោយ: មូលសម្បត្តិ / ភ្នំពេញ: ក្រសួងបរិស្ថានកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានប្រគល់ថវិកាជាមូលនិធិបរិស្ថាន និងសង្គមនួន ២ម៉ឺនដុល្លារអាមេរិកឲ្យទៅ«សមាគមអភិរក្សដំរីអៃរាវត្តា» នៅក្នុងខេត្តរតនគិរី នាទីស្តីការក្រសួងបរិស្ថាន។
ពិធីប្រគល់ និងទទួលមានការអញ្ជើញចូលរួម ពី លោក ស៊ី រ៉ាមុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន និង លោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីអៃរាវត្តា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន និងតំណាងសមាគម ជាច្រើននាក់។
លោក ស៊ី រ៉ាមុនី បានលើកឡើងថា ក្រសួងបរិស្ថាន មានចក្ខុវិស័យ និងបេសកកម្ម ក្នុង ការពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រង និងអភិរក្ស ធនធានធម្មជាតិ និងការងារបរិស្ថាន បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងទិសដៅការងារ សំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ដើម្បីភាពសុខដុមរមនារបស់ប្រជាជន កម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់។ ក្រសួងបរិស្ថានបានគាំទ្រ ចំពោះស្មារតីរបស់សមាគមអៃរាវត្តា ក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរី ដែលជាសត្វកម្រ និងជិតផុតពូជ។ក្រសួងផ្តល់ថវិកានៅថ្ងៃនេះ ដើម្បីលើកទឹកចិត្តដល់សមាគម សម្រាប់ការងារអភិរក្ស និងការបង្កាត់ពូជសត្វដំរីវន្ថែម ទៀត ដើម្បីបង្កើនបរិមាណសត្វដ៍កម្រនៅក្នុងតំបន់។
លោកស្រី ខៃ ចិន្តា បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ជាពិសេសដល់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់ការការពារ និងអភិរក្សជីវៈចម្រុះកម្ពុជា។ លោកស្រីប្រធានសមាគមអភិរក្សដំរីអេរាវត្តា បានបញ្ជាក់ដែរថាសមាគមន៍នឹងខិតខំបន្ថែមទៀតក្នុងការស្វែងរកការចូលរួមបន្ថែមទៀតពីដៃគូនានា ដើម្បីចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារ និងអភិរក្សសត្វដំរីបន្តទៀត។លោកស្រីនាយិការបានអោយដឹងច្បាស់ទៀតថាលុយដែលដែលបរិស្ថានឲ្យនេះ យើងយកទៅចំណាយលើប្រាក់ខែបុគ្គលិកថែទាំដំរីមួយចំនួន សំរាប់ទិញចំណីជាស្បៀងឲ្យដំរី សំរាប់ពិនិត្យសុខភាពនិងព្យាបាលសុខភាពដំរីនិងចំណាយរដ្ឋបាលផ្សេងៗ ក្នុងការងារអភិរក្សដំរី។ នេះគ្រាន់ជាការរួមចំណែកមួយជួយអភិរក្សដំរី។ តាមពិតទៅការចំណាយទៅលើអភិរក្សដំរីនេះ ត្រូវចំណាយអស់ប្រមាណ៦ម៉ឺនដុល្លាអាមេរិក ក្នុង១ឆ្នាំ។
គួរបញ្ជាក់ថា សព្វថ្ងៃសមាគមបានកំពុងនិងថែរក្សាការពារសត្វដំរីចំនួន ០៤ក្បាល(ឈ្មោល០៣ ញី០១) នៅខេត្តរតនៈគិរី ភូមិភាគឥសាននៃប្រទេសកម្ពុជា៕ ល