ដោយ:ដេប៉ូ/ភ្នំពេញ ៖ សមត្ថកិច្ច នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២០នេះបានធ្វើការបញ្ជូនជនសង្ស័យ២នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើចែកចាយគ្រឿងញៀនក្នុងលក្ខណៈទ្រង់ទ្រាយធំមកកាន់ សាលា ដំបូង រាជធានីភ្នំពេញ។
យោងតាមប្រភព្វពីសមត្ថកិច្ច នគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលរស្មីកម្ពុជាទទួលបានឱ្យដឹងថាជនសង្ស័យ២នាក់ ដែលត្រូវបញ្ជូនទៅកាន់តុលាការនេះមានឈ្មោះ ទី១៖ឈ្មោះ គឹម វ៉ា និងទី២៖ឈ្មោះ កែវ សុធា។ ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន និង ព្រមទាំងរឹបអូសសារធាតុ ញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់៩.៦គីឡូក្រាម មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។
យោងតាមប្រភព្វពី កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថាជនសង្ស័យទាំង២នាក់នេះត្រូវបានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿង ញៀន បានបើកប្រតិបត្តិការបង្ក្រាបជនចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ រឹបអូសបានថ្នាំញៀនសរុបជាង៩គីឡូក្រាម។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវទំនប់កប់ស្រូវ ភូមិសំរោងក្រោម សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងនៅចំណុចភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ការបង្ក្រាបនេះដែរធ្វើឡើងក្រោយទទួលបញ្ជាពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ លោក ខាំ សុផារី និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយ ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន។
ប្រភពដដែលនេះបានប្រាប់រស្មីកម្ពុជាឱ្យដឹងថាក្នុងប្រតិបត្តិការនេះ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ០២នាក់ ទី១៖ឈ្មោះ គឹម វ៉ា និងទី២៖ឈ្មោះ កែវ សុធា ព្រមទាំងដកហូតសារធាតុញៀន មេតំហ្វេតាមីន (ICE) ទម្ងន់៩.៦គីឡូក្រាម, រថយន្ត២គ្រឿង, ជញ្ជីងថ្លឹង២គ្រឿង និងទូរស័ព្ទ២គ្រឿង។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងដែរថា ក្នុងករណីបង្ក្រាបគ្រឿងទ្រង់ទ្រាយធំនេះដែរគេកំពុងមានការព្រួយបារម្ភដោយសារថា មានអ្នកព្យាយាមរត់ការ ដើម្បីជួយជនសង្ស័យទាំង២នាក់នេះផងដែរ៕B/