ដោយ:បូកគោ/កំពត ៖ ក្នុងគោលដៅបម្រើប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយ ឬសាសនានោះ អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ប្រចាំកម្ពុជាបានបន្តធ្វើពិធីពិនិត្យ និងព្យាបាលអ្នកជំងឺភ្នែកជាង១៥០នាក់ដោយឥតគិតថ្លៃ។

ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋមកពីខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែប កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅឃុំជុំក្រៀល ស្រុកទឹកឈូ លោកវេជ្ជបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍប្រចាំកម្ពុជាបានមានប្រសាសន៍ថា អង្គការរបស់លោកបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ២០១៤ ក្នុងគោលដៅជួយដល់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ។ បេសកកម្មរបស់អង្គការបានផ្ដោតលើសកម្មភាពសំខាន់ៗ ដូចជា ការអប់រំធនធានមនុស្ស សុខភាពអនាម័យជនបទ និងមូលនិធិសមធម៌ក្នុងសហគមន៍ជាដើម។

ជាក់ស្ដែងកម្មវិធីពិនិត្យ និងព្យាបាលភ្នែកនាពេលនេះជាគម្រោងជំនួយមនុស្សធម៌របស់ប្រទេសគុយវ៉េតដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពីខេត្តចំនួន៣ គឺខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពតប្រមាណជាង១៥០នាក់។ លោកប្រធានអង្គការបានបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃនៅពេលនេះមានគ្រូពេទ្យភ្នែកចំណានៗ និងសហការីមកពីរាជធានីភ្នំពេញជាច្រើននាក់។

ក្នុងករណីពិនិត្យឃើញថាពលរដ្ឋណាម្នាក់មានស្ថានភាពភ្នែកធ្ងន់ធ្ងរ អង្គការនឹងបញ្ជូនអ្នកជំងឺទៅទទួលការព្យាបាល និងវះកាត់នៅភ្នំពេញដោយមានការធានារ៉ាប់រង ព្រមទាំងចំណាយលើសេវាផ្សេងៗពីអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ទៀតផង។

ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត រ៉ូស ម៉ានសះរី ក៏បានផ្តាំផ្ញើផងដែរថា បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ មិនថាតែសុខភាពភ្នែក ឬសុខភាពខ្លួនប្រាណឡើយ។ ពិសេសត្រូវរស់នៅប្រកបដោយអនាម័យ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាតជានិច្ច៕B/