ដោយៈសុផល/ភ្នំពេញ៖ក្រុមហ៊ុនSocfinCambodiaបានប្រកាសថាខ្លួនបានបញ្ចប់គម្រោងរយៈពេលមួយខែរបស់ខ្លួនរួចទៅហើយដែលគម្រោងនោះគឺផ្ដោតជាសំខាន់ទៅលើការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសុខភាពសាធារណៈនៅក្នុងឃុំប៊ូស្រាស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ការងារកែលម្អនេះដើម្បីធ្វើយ៉ាងណាអាចផ្ដល់សេវាសុខាភិបាលឱ្យបានកាន់តែល្អប្រសើរជូនសហគមន៍ក្នុងមូលដ្ឋានដែលមានប្រជាជនរស់នៅប្រមាណជាង៧ពាន់នាក់។គម្រោងនេះផ្ដោតជាសំខាន់ទៅលើការងារកែលម្អមណ្ឌលសុខភាពសាធារណៈប៊ូស្រា។
គម្រោងនេះផងដែរគឺទទួលបានជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុទាំងស្រុងពីក្រុមហ៊ុនSocfinCambodiaដែលជាក្រុមហ៊ុនកសិកម្មគ្រប់គ្រងដោយជនជាតិអឺរ៉ុបដែលគ្រប់គ្រងលើចម្ការកៅស៊ូចំនួនពីរនៅក្នុងខេត្តមណ្ឌលគិរី។ក្រុមហ៊ុនបានវិនិយោគជាទឹកប្រាក់ចំនួនជាង១១.០០០ដុល្លារសម្រាប់គម្រោងនេះ។ការងារទាំងនេះរួមមានដូចជាការធ្វើស្ពានថ្មីឆ្លងទៅមណ្ឌលសុខភាពកែលម្អប្រព័ន្ធលូបង្ហូរទឹកពីមាត់ផ្លូវទៅមណ្ឌលសុខភាព និងចាក់ផ្លូវបតុងនៅក្នុងបរិវេណខាងមុខមណ្ឌលសុខភាព។
ការកែលម្អហេដ្ឋារចនាសម្ព័ន្ធទាំងនេះសំដៅផ្ដល់ភាពងាយស្រួលជូនដល់ប្រជាជនក្នុងការធ្វើដំណើរពេលរដូវវស្សា ព្រមទាំងកាត់បន្ថយការហុយដីផ្សេងៗក្នុងអំឡុងពេលរដូវប្រាំងផងដែរ គឺធ្វើយ៉ាងណា ពង្រឹងភាពស្អាតនិងអនាម័យនៅក្នុងមណ្ឌលសុខភាពទាំងមូលតែម្ដង។ការងារនេះត្រូវបានអនុវត្តឡើងក្នុងគោលបំណងធានាសុវត្ថិភាពសាធារណៈនិងផ្ដល់ភាពងាយស្រួលក៏ដូចជាផ្ដល់ទំទុកចិត្តដល់ប្រជាជនរស់នៅក្នុងសហគមន៍ក្នុងការប្រើប្រាស់សេវាសុខាភិបាលព្រមទាំងកែលម្អស្ថានភាពការងារប្រចាំថ្ងៃរបស់មន្ត្រីក្នុងមណ្ឌលសុខភាពផងដែរ។
សូមជម្រាបថាកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០១៩លោកឆាងគុណប្រធានមណ្ឌលសុខភាពសាធារណៈប៊ូស្រាបានរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផលមួយចំនួនដើម្បីបង្ហាញអំពីលទ្ធផលការងារកែលម្អដែលបានអនុវត្តរួចរាល់នៅក្នុងមណ្ឌលសុខភាពនាពេលកន្លងមកនេះ។ក្នុងកម្មវិធីនោះផងដែរក៏មានវត្តមានចូលរួមពីសំណាក់អាជ្ញាធរក្នុងមូលដ្ឋានតំណាងមន្ទីរសុខាភិបាលខេត្តមណ្ឌល គិរី តំណាងសហគមន៍ក្នុងមូលដ្ឋាន បុគ្គលិកមណ្ឌលសុខភាព និងតំណាងក្រុមហ៊ុន សុកហ្វីន កម្ពុជាផងដែរ។
ក្នុងអំឡុងពេលនៃកម្មវិធីសម្ពោធនោះអ្នកចូលរួមក៏ទទួលបានឱកាសក្នុងការស្វែងយល់អំពីសកម្មភាពដែលបានអនុវត្តនិងពិភាក្សាបន្ថែមទៀតអំពីគម្រោងអភិវឌ្ឍន៍ក្នុងឃុំនាពេលអនាគតទៀតផង។ក្រុមហ៊ុនSocfinCambodiaនិងមណ្ឌលសុខភាពប៊ូស្រារួមទាំងមន្ត្រីក្នុងមូលដ្ឋានផ្សេងទៀតនឹងបន្តខិតខំធ្វើការងារជាមួយគ្នាដើម្បីធានាថាសហគមន៍នេះអាចទទួលបានសេវាល្អបំផុតតាមដែលអាច ធ្វើទៅបាន។
លោកJefBoedtអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនSocfinCambodiaមានប្រសាសន៍ថា“ចាប់តាំងពីពេលចាប់ផ្ដើមសកម្មភាពដំបូងនៅក្នុងឃុំប៊ូស្រា ក្រុមហ៊ុន Socfin Cambodia បានខិតខំប្រឹងប្រែងជួយគាំទ្រ ទាំងកម្លាំងកាយចិត្តនិងធនធានដើម្បីធ្វើយ៉ាងណាបង្កើតឱ្យមានសេវាសង្គមនានាប្រកបដោយគុណភាព ដូចជាសេវាសុខាភិបាល និងអប់រំ ជាដើម។”
លោកបានបន្តទៀតថា“វិស័យសុខាភិបាលបានក្លាយទៅជាបញ្ហាចម្បងសម្រាប់សហគមន៍នៅតាមតំបន់ជនបទហើយបញ្ហានេះក៏ជាការប្ដេជ្ញាចិត្តដ៏សំខាន់មួយរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់មន្ទីរសុខាភិបាលសាធារណៈដែលជាស្ថាបន័ផ្ដល់សេវាសាធារណៈដល់សហគមន៍ទាំងមូលផងដែរ។
ការចែករំលែកគុណតម្លៃដែលយើងបានបង្កើតឡើងជាមួយនឹងឃុំប៊ូស្រាដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ដ៏ធំមួយនេះ គឺ ជាគុណតម្លៃស្នូលរបស់យើង។យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការ ប្រកបដោយផ្លែផ្ការវាងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមផងដែរ៕S/
ចំណងជើងរូបថត៖មណ្ឌលសុខភាពសាធារណៈនៅខេត្តមណ្ឌលគិរី បានទទួលការកែលម្អដោយមានការជួយពីក្រុម សុកហ្វីន ខេមបូឌា