ដោយមិនអនុញ្ញាតអោយធម្មជាតិបំផ្លាញសេចក្តីសុខរបស់គេ គូស្នេហ៍ហ្វីលីពីនមួយគូនេះបានរៀបការនៅចំពោះមុខកំសួលផ្សែងខ្មួលខ្មាញ់បាញ់ចេញពីភ្នំភ្លើងមួយនៅជិតទីក្រុងម៉ានីលកាលពីថ្ងៃអាទិត្យទី១២មករា។
ទោះជាប្រឈមការគំរាមពីភ្នំភ្លើងដ៏សកម្មបំផុតមួយនេះ ក៏លោកជីណូ វ៉ាហ្វល័រ និងនាងកាត បូទីស្តា ប៉ាឡូម៉ា បានរៀបការ នៅពេលភ្នំភ្លើងតាអាល់ព្រួសផេះនិងកំអែក្តៅចូលក្នុងអាកាសនៅពីក្រោយពិធីរបស់ពួកគេ។
គិតមកត្រឹមថ្ងៃអង្គារទី១៤មករា ភ្នំភ្លើងនេះនៅតែបញ្ចេញកំអែ ព្រួសផេះនិងចំហាយព្រមទាំងរំញ័រជាប់ ។វាជាថ្ងៃទី៣ដែលភ្នំភ្លើងនៅជិតរដ្ឋធានីម៉ានីលនេះបន្តធ្វើសកម្មភាព មុននឹងអាចមានការផ្ទុះដ៏ខ្លាំងនិងគ្រោះថ្នាក់ណាមួយ។ក្នុងពេលជាមួយគ្នា ពួកមន្ត្រីបានព្រមានអោយមនុស្សរាប់ម៉ឺននាក់ចាកចេញពីភូមិដែលគ្របដោយផេះភ្នំភ្លើងពណ៌ប្រផេះគ្រប់ទីកន្លែង។
វិទ្យាស្ថានភ្នំភ្លើងនិងរញ្ជួយដីហ្វីលីពីន បាននិយាយថា ការដែលភ្នំភ្លើងតាអាល់នេះបញ្ចេញសកម្មភាពជាប់តាំងពីថ្ងៃអាទិត្យមកបង្ហាញថា ម៉ាក់ម៉ា (ភក់ភ្នំភ្លើងក្តៅ)ឡើងដល់មាត់រណ្តៅភ្នំភ្លើង។វិទ្យាស្ថានបានបង្កើនការព្រមានដល់កំរិតទី៤ ដែលបង្ហាញថាវាជិតផ្ទុះបង្កគ្រោះថ្នាក់ អាចនៅប៉ុន្មានម៉ោងឬថ្ងៃខាងមុខ។
ភ្នំភ្លើងនេះក៏បានព្រួសកំអែភ្នំភ្លើងចូលក្នុងអាកាសកំពស់៥០០ម៉ែត្រ
មានរញ្ជួយដីតិចៗជាង២០០លើកត្រូវបានគេសង្កេតឃើញនៅក្នុងនិងម្តុំភ្នំភ្លើងតាអាល់ ។
ភ្នំភ្លើងនេះនៅចំកណ្តាលបឹងមួយក្នុងខេត្តបាតាងហ្កាស ខាងត្បូងទីក្រុងម៉ានីល នេះបានបាញ់ផេះចូលក្នុងអាកាសកំពស់១៥គីឡូម៉ែត្រកាលពីថ្ងៃអាទិត្យជាមួយនឹងកម្មរន្ទះ។ផេះរបស់វាហុយគ្របភូមិនៅជុំវិញនិងរសាត់ដល់ចម្ងាយ៦០គីឡូម៉ែត្រ៕ដោយ៖វាសនា
លោកជីណូ វ៉ាហ្វល័រ និងនាងកាត បូទីស្តា ប៉ាឡូម៉ា បានរៀបការ នៅពេលភ្នំភ្លើងតាអាល់ព្រួសផេះកាលពីថ្ងៃអាទិត្យ
ពួកអ្នកភូមិភៀសខ្លួនចេញបន្ទាប់ពីភ្នំភ្លើងផ្ទុះភ្លាម តែមានមួយចំនួនបានវិលទៅកាន់ផ្ទះសម្បែងរបស់គេវិញ ទោះជាអាជ្ញាធរព្រមាន