ដោយៈសុផល/ភ្នំពេញៈ បើទោះបីជាកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណជា ៧ភាគរយ ជាមធ្យម នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយក៏ម្ចាស់អាជីវកម្មនៅក្នុងប្រទេសនេះពិសេសគឺសហគ្រាសធុនតូចនិងមធ្យម(SME)អះអាងថាធនធានមនុស្សកម្ពុជានៅមានកម្រិតបើធៀបទៅនឹងបណ្តាប្រទេសជិតខាង។បញ្ហាធនធានមនុស្សទាំងនេះបានធ្វើឱ្យផលិតភាពការងារនៅកម្ពុជាហាក់មិនអាចស្ទុះបានហើយស្នូលនៃបញ្ហានេះត្រូវបានទីប្រឹក្សាធនាគារអេស៊ីលីដាភីអិលស៊ីលោកចាន់សេរីអះអាងថាបណ្តាលមកពីការគ្រប់គ្រង ដែលសំដៅលើជំនាញបច្ចេកទេស និងជំនាញទន់។
លោកចាន់សេរីបានមានប្រសាសន៍ថា៖“ការគ្រប់គ្រងការងារត្រូវការឱ្យមនុស្សម្នាក់ៗបុគ្គលដែលជាអ្នកចូលរួមដែលជាបុគ្គលិកនោះ ត្រូវមានចំណេះជំនាញ ដែលយើងហៅថា ជំនាញបច្ចេកទេស(Hard Skill)។មួយទៀតគឺត្រូវការគំនិតបញ្ញាស្មារតីនៅខាងផ្នែកជំនាញទន់(SoftSkill)។អ៊ីចឹងវិបត្តិដែលកើតមានដោយសារតែយើងនៅខ្វះខាត”។ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះសមាគមអ្នកវិនិយោគកម្ពុជា(CIC)ដែលមានក្រុមហ៊ុនឯកជនជាសមាជិកជាង៤០០ស្ថាប័ននោះបានសម្រេចចុះអនុស្សរណៈយោគយល់ជាមួយវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ(LSI)កាលពីថ្ងៃទី១៣ខែមករានៅរាជធានីភ្នំពេញ។
គោលបំណងនៃការចុះហត្ថលេខាជាផ្លូវការនេះត្រូវបានប្រធាននាយកដ្ឋានអភិវឌ្ឍអាជីវកម្មនៃCICលោកសានឡាទីអះអាងថាជាការឆ្លើយតបបន្ទាប់នូវបញ្ហាប្រឈមនៃវិបត្តិគ្រប់គ្រងធនធានមនុស្សរបស់ស្ថាប័នដែលជាសមាជិកCICក៏ជាស្ទើរតែគ្រប់ស្ថាប័នវិស័យឯកជននៅកម្ពុជាដែលបាននិងកំពុងជួបប្រទះ។
លោកសានឡាទីបានលើកឡើងថា៖“ចេញពីការស្រាវជ្រាវរបស់យើងសួរថាបើគាត់(សហគ្រាសធុនតូចនិងមធ្យម)ត្រូវការកសាងសមត្ថភាពត្រូវការរក្សាទុក(បុគ្គលិក)?។អ៊ីចឹងសួរថាគាត់ត្រូវតែមានជំនាញ Human Resource ឬក៏គ្រប់គ្រងធនធានមនុស្ស(ឬទេ)? តែជាទូទៅ គាត់ SME គាត់អត់មានទេ។
បើសិនជាគាត់ត្រូវការអ្នកជំនាញនៅក្នុងហ្នឹងមកធ្វើការឱ្យគាត់ជានាយកដ្ឋានគ្រប់គ្រងធនធានមនុស្សហ្នឹងគឺវាចំណាយច្រើនមែនទែនដែលអាចដាក់បន្ទុកទៅឱ្យគាត់ក្នុងការរក្សាចីរភាពនៃប្រតិបត្តិការរបស់គាត់។ដូច្នេះអ្វីដែលសំខាន់គាត់ត្រូវតែរកអ្នកជំនាញនៅខាងក្រៅដែលគេមានជំនាញអាចកសាងសមត្ថភាពបុគ្គលិករបស់គាត់បាន។ សម្រាប់ LSI គាត់មានជំនាញនៅក្នុងការធ្វើការជាមួយstaff [បុគ្គលិក]របស់សហគ្រិន។អញ្ជឹងគឺវាចំណេញទាំងអស់គ្នា។អញ្ជឹងសម្រាប់SMEអ្វីដែលយើងមើលឃើញគឺជាបញ្ហាធនធានមនុស្សហើយអ្វីដែលLSIកំពុងតែផ្តលឱ្យគឺវាជាគេហៅថាដំណោះស្រាយយ៉ាងត្រឹមត្រូវ”។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានេះ នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ លោក កឹម អឿន បានពន្យល់អំពីការជ្រើសរើសសមាគមអ្នកវិនិយោគកម្ពុជា CIC ជាដៃគូដំបូង នៃការផ្តល់នូវវគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២០នេះថាការបណ្តុះធនធានមនុស្សកម្ពុជាប្រកបដោយសក្តានុពល សម្រាប់អភិវឌ្ឍប្រទេស ក៏ដូចជាដើម្បីប្រកួតប្រជែងលើទីផ្សារទាំងក្នុងស្រុក ថ្នាក់តំបន់ និងពិភពលោកគឺជាទស្សនៈវិស័យនៃវិទ្យាស្ថានផ្ទាល់។ ដោយឡែក សក្តានុពលនៃCIC គឺអាចជាចលករផ្ទាល់ជំរុញនិងលើកទឹកចិត្តឱ្យសមាជិករបស់ខ្លួនឆ្លើយតបភ្លាមៗនូវបញ្ហាប្រឈមរបស់ពួកគេ។
លោកកឹមអឿនបានបន្តថា៖“CICក្នុងរយៈពេល១ឆ្នាំចុងក្រោយជាពិសេសនេះគឺគាត់មានការអភិវឌ្ឍលឿនមែនទែន។ សមាជិករបស់គាត់មានការសកម្មច្រើន គឺជាដៃគូមួយដែលមានលក្ខណៈគត់មុត។ សមាជិកគាត់(CIC)មានការប្តេជ្ញាចិត្តក្នុងអភិវឌ្ឍក្រុមហ៊ុន។ដូច្នេះយើងឃើញថារឿងជាច្រើនណាដែលធ្វើឱ្យក្រុមហ៊ុនមួយរីកចម្រើន ប៉ុន្តែរឿងធំមួយក្នុងចំណោមនោះគឺរឿងបុគ្គលិកហ្នឹងឯង។
អីចឹងហើយយើងជួយគាត់នៅក្នុងកន្លែងមួយដុំដែលយើងពូកែដែលជាជំនាញដែលជាចំនុចខ្លាំងរបស់យើង។ គឺProduct (ផលិត)ថ្មីដែលយើងបង្កើតក្នុងឆ្នាំ២០២០ ឈ្មោះថា GEMBA គឺ Staff MotivationforProductivity។និយាយទៅជប៉ុនដែលរីកចម្រើនមកដល់សព្វថ្ងៃនេះគឺដោយសារពាក្យមួយម៉ាត់នេះចូលរួមច្រើនណាស់ ហើយអត្ថន័យរបស់វាច្រើន ដែលមិនអាចបកស្រាយបាន។
ប៉ុន្តែគ្រាន់តែថាគឺជាទ័ពមួយដែលស្រួច។ទ័ពមួយដែលស្រួចគឺជាទ័ពដែលមានផលិតភាពខ្ពស់ហ្នឹងឯង។ដូច្នេះហើយខ្ញុំគិតថាយើងអាចយកជប៉ុនគឺជាmodelបានដើម្បីធ្វើម៉េចអភិវឌ្ឍបុគ្គលិកមួយៗរបស់យើងឱ្យជាបុគ្គលិកខ្លឹមរបស់ក្រុមហ៊ុន ក៏ដូចជារបស់ប្រទេសជាតិរបស់យើងដែរបាទ”។
គួររម្លឹកផងដែរថាខណៈផលិតភាពការងារនៅមានកម្រិតកម្ពុជាអាចនឹងប្រឈមខ្លាំងក្នុងការប្រកួតប្រជែងលើទីផ្សារ ដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័សទាំងលើជំនួញ និងបច្ចេកវិទ្យា។លោកឧត្តមសេនីយ៍ឯកម៉មសំនាយរងសេនាធិការចម្រុះនាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានអះអាងថា ទាំងលោកផ្ទាល់ ពិតជាគាំទ្រលើដំណោះស្រាយនេះ ព្រោះការអភិវឌ្ឍលើវិស័យធនធានក៏ជាអ្វីដែលរដ្ឋាភិបាលបាន និងកំពុងផ្តល់អទិភាពខ្លាំងផងដែរ។
នាយរងផ្កាយ៣រូបនេះអះអាងយ៉ាងដូច្នេះថា៖“ក្នុងការងាររដ្ឋាភិបាលខ្ញុំគិតឃើញថាជាការប្រសើរមែនទែនពីព្រោះ[វា]ជាគោលការណ៍រាជរដ្ឋាភិបាលលោកចង់ឱ្យមានទីផ្សារសម្រាប់ការធ្វើវិនិយោគ ឬក៏សម្រាប់ប្រទេសកម្ពុជាយើង និយាយឱ្យចំគឺថាពង្រីកទីផ្សារអន្តរជាតិ”៕S/
ចំណងជើងរូបថត៖សមាគមអ្នកវិនិយោគកម្ពុជា បានសម្រេចចុះអនុស្សរណៈយោគយល់ជាមួយវិទ្យាស្ថានសិក្សាដើម្បីជោគជ័យពង្រឹងគុណភាពការងារនៅកម្ពុជា