ដោយៈសុផល/ភ្នំពេញ៖កំឡុងពេលដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្នុងប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោក តូនី ស្មីត (TonySmith)ប្រធានរដ្ឋសភាអូស្ត្រាលីនិងជាប្រធានAPPFលើកទី២៨នៅវិមានរដ្ឋសភាអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិការសភាប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង។
លោកប្រធានរដ្ឋសភាអូស្ត្រាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូសភាកម្ពុជាមកចូលរួមកិច្ចប្រជុំAPPFក្នុងប្រទេសអូស្ត្រាលីនាពេលនេះ។អូស្ត្រាលីបានសិក្សានិងដកស្រង់ពិសោធន៍ជាច្រើនពីសភាកម្ពុជាដែលរៀបចំកិច្ចប្រជុំAPPFលើកទី២៧ កាលពីឆ្នាំ២០១៩ មុនសភាអូស្ត្រាលី។
សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានលើកឡើងពីសារៈសំខាន់របស់សភាអូស្ត្រាលីនៅក្នុងវេទិកាអន្តរសភាក្នុងតំបន់និងសកលលោក។សម្តេចបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការៀបចំកិច្ចប្រជុំAPPFលើកទី២៨នេះប្របកដោយខ្លឹមសារបង្ហាញសារៈសំខាន់ពីកិច្ចសហប្រតិបត្តិការល្អនូវសមាជិកAPPFដើម្បីវិបុលភាពរបស់ប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងដំណាក់កាលស្វែងរកសន្តិភាពនិងក៏ដូចជាការអភិវឌ្ឍន៍នៅកម្ពុជា។បច្ចុប្បន្នអូស្ត្រាលីជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជាស្ទើរគ្រប់វិស័យ។
ឆ្លៀតឱកាសនេះ សម្តេច បានស្នើសភា និងរដ្ឋាភិបាលអូស្ត្រាលី បន្តគាំទ្រកម្ពុជាជាបន្តទៀត ជាពិសេសជួយជម្រុញវិនិយោគនិងទេសចរណ៍ពីអូស្ត្រាលីទៅកម្ពុជានិងជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជានិងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាមកសិក្សានៅអូស្ត្រាលីពីព្រោះការអភិវឌ្ឍន៍នៅកម្ពុជាសព្វថ្ងៃ ត្រូវការធនធានមនុស្សជាចាំបាច់។
សម្តេចអគ្គមហាពញាចក្រីបានគោរពអញ្ជើញលោកតូនីស្មីតមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប លើកទី១១ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ខាងមុខនេះ។
លោកតូនីស្មីតប្រធានរដ្ឋសភាអូស្ត្រាលីបានទទួលយកសំណើនិងការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។លោកមានក្តីរីករាយចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។
សូមជម្រាបថា នៅក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំAPPFនាទីក្រុងកុងបេរ៉ានេះសម្តេចប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារផ្លូវការនិងក្រៅផ្លូវការជាមួយប្រតិភូសភា ដែលជាសមាជិក APPF និងអន្តរសភាអាស៊ានមួយចំនួនទៀតផងដែរក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជានិងបណ្តាប្រទេសជាមិត្ត៕S/
ចំណងជើងរូបថត៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនីតិបញ្ញត្តិ