ដោយ:គូលែន/សៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ស្រុកចំនួន ០៣របស់ខេត្តសៀមរាប ដែល​ដឹកបាំដោយលោក លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្ត បាននិយាយថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ខាងលើនេះ បានធ្វើឡើងនៅស្រុកចំនួន ០៣ របស់ខេត្តសៀមរាបគឺស្រុកប្រាសាទបាគង , ស្រុកសូទ្រនិគម , និង ស្រុកជីក្រែង។

លោកបានបន្តថា ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់របស់លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ស្រុកចំនួន ០៣គឺស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកជីក្រែង ខេត្តសៀមរាប។

លោកបានបន្តថា ជាលទ្ធផលក្រុមការងារបានដកហូត និងកាប់បំផ្លាញចោលនៅនឹងកន្លែងដូចខាងក្រោម ចាប់យកអួនអូស ចំនួន 0៣វង់, ក្បាលបរចំនួន ១៥គ្រឿង , កាណូតចំនួន 0៦គ្រឿង , របាំងសាច់អួនប្រវែង ៥,១៩៦ម៉ែត្រ , របាំងសាច់ដាយប្រវែង១៥០ម៉ត្រ, ចំរឹងឈើចំនួន ២,៦00ដើម, ព្រលែងត្រីចម្រុះចំនួន៥០គីឡូក្រាមចូលបឹងធម្មជាតិវិញ រួមនឹងឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ក្នុងនោះស្រីចំនួន 0២នាក់ និងក្មេងអាយុក្រោម១៨ឆ្នាំ ចំនួន២នាក់។

ដោយឡែក ចំពោះវត្ថុតាងត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែងមួយចំនួន និងមួយចំនួនទៀតរួមទាំងមធ្យោបាយ និងជនសង្ស័យប្រគល់ឲ្យទៅជំនាញ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ស្តីពីជលផល៕B/