ដោយ:គង់ហេង/កំពង់ចាម ៖ ស្តូបអនុស្សាវរីយ៍មិត្តភាពរវាងកម្ពុជា-វៀតណាម និងសមិទ្ធផលជាសួនច្បារតម្លៃជិត៤០០.០០០ ដុល្លារអាមេរិកនៅមាត់ទន្លេមេគង្គក្រុងកំពង់ចាម គឺនឹងសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមករា ឆាប់ៗខាងមុខនេះ។ ពិសេសនឹងសំណូមពរ និងជំរុញឳ្យមានការសាងសង់សួនច្បារដំណាក់កាលទី២ បង្ហើយ។
លោក ស្រី សុភ័ក្រ្ត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាមបានអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាចុះពិនិត្យទីតាំងសំណង់ស្តូប និងសួនច្បារនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រតិភូខេត្ត និងក្រសួង សហការចុះពិនិត្យ និងរៀបចំកំណត់ទីតាំង ពេលវេលា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្តូបចំណងមិត្តភាព រវាងរណសិរ្សប្រទេសកម្ពុជាយើង ជាមួយរណសិរ្សប្រទេសវៀតណាម និងសួនច្បារក្នុងទីតាំងតែមួយ។
លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ដោយបានកំណត់កាលបរិច្ឆេទសម្ពោធនៅចុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ក្រោមអធិបតីយភាពលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
លោក សុភ័ក្រ្ត បានបន្តថា ក្នុងនោះយើងក៏នឹងសំណូមពរ ជំរុញដល់ខាងរណសិរ្សប្រទេសវៀតណាមជាអ្នកផ្តល់ជំនួយថវិកាសាងសង់សួនច្បារដំណាក់កាលទី២ ជាប់ខឿនច្រាំងទន្លេនៅជាប់សួនច្បារសាងសង់រួចរាល់ដំណាលទី១ ដែលបានចំណាយថវិកាប្រមាណ ៣៨ម៉ឺន ដុល្លារអាមេរិកនោះ៕B/