ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ដើម្បីឱ្យរាជធានីភ្នំពេញជារាជធានីមួយមានពណ៌បៃតងមានបរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការដាំដើមឈើថ្មី ជាក់ស្ដែងក្នុងឆ្នាំ២០១៩កន្លងមកនេះ បានដាំដើមឈើប្រណិតៗបន្ថែមរហូតដល់ជិត ៣ពាន់ដើមនៅតាមសួនច្បារនិងនៅតាមដងផ្លូវសាធារណៈនានា ហើយ បើគិតមកដល់ពេលនេះ ទាំងដើមឈើចាស់និងដើមឈើដាំថ្មីដែលបានដាំបន្ថែមមានជាងប្រាំម៉ឺនដើមហើយ។

នេះបើតាមការបញ្ជាក់របស់លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៤ខែមករាឆ្នាំ២០២០នេះ ។

ក្នុងនោះលោកសំ សាមុត បានមានប្រសាសន៍បញ្ជាក់ថានៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញបានដាំដើមឈើបន្ថែមបានចំនួន ២៧០០ដើម ដែលជាប្រភេទជាឈឺប្រណិតៗ មានដូចជាប្រភេទឈើ ធ្នង់ គគីរ ក្រញូងជាដើម។ចំពោះទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញដាំដើមឈើថ្មីៗ ក្នុងឆ្នាំ២០១៩នោះនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ( មហាវិថីសម្ដេចតេជោហ៊ុន សែន) បានចំនួន ១៥០០០ ដើមពីផ្លូវ៦០ម៉ែត្ររហូតដល់ផ្លូវជាតិលេខ២ប្រវែងជាង៩គីឡូម៉ែត្រនិង នៅតាមដងផ្លូវសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌទួលគោកបានចំនួន៣០០ដើមនៅក្នុងមូលដ្ឋានខណ្ឌកំបូលមានចំនួន ៥០០ដើម នៅគល់ស្ពានជ្រោយចង្វាត្រើយខាងលិចក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញមានចំនួន៣០០ដើម ហើយសម្រាប់ដើមឈើដែលបានដាំ តាំងពីមុន និងដើមឈើដែលបានដាំបន្ថែមនាពេលបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានដើមឈើសរុបប្រមាណជា៤៥០០០ដើម ទៅ៥ ម៉ឺនដើមហើយ។

លោកបន្តទៀតថា៖ដើមឈើទាំងអស់មិនត្រឹមតែបានលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យក្លាយជាទីក្រុងមានពណ៌បៃតងប៉ុណ្ណោះទេ ប៉ុន្តែដើមឈើមានសារៈប្រយោជន៍យ៉ាងច្រើនទៅលើផ្នែកបរិស្ថាន ជួយកាត់បន្ថយជាតិពុល ដែលកើតចេញពីយានយន្តនានាដែលបាននិងកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ ។

លោកក៏បានបញ្ជាក់ផងដែរថា៖ សម្រាប់អង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណកាលរាជធានីភ្នំពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រៅពីការដាំដើមឈឺហើយនោះ ក៏មានកិច្ចមួយចំនួនទៀតផងដែរ នោះ គឺការថែទាំដើមឈឺ ការកាត់ លះមែកឈើក៏ដូចជាការកាត់យកដើមឈើដែលងាប់ចេញ ជាមួយ នឹងការដាំកូនឈើបន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញរបស់យើងជាទីក្រុងដែលមានលំហរបីតងស្រស់ស្អាតមានបរិស្ថានល្អជាការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឲ្យមកទស្សនា មកដើរលេងកម្សាន្តនិងមករកស៊ីនៅរាជធានីភ្នំពេញកាន់តែច្រើនឡើង។

ពាក់ព័ន្ធនិងការងារខាងលើកន្លងមកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញអោយថែរក្សាដើមឈើទំាងអស់ឱ្យរីកលូតលាស់បានល្អ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិដោយសារថា ដើមឈើប្រណិតៗទំាងនេះ មិនត្រឹមតែជាម្លប់សម្រាប់ ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានជ្រកលេងកម្សាន្តប៉ុណ្ណោះទេ ថែមទំាងសម្រាប់ឱ្យមនុស្សជំនាន់ក្រោយបានស្គាល់ពីប្រភេទឈើកម្ររបស់កម្ពុជាថែមទៀតផង។

លោកថា ការរួមគ្នាដាំដើមឈើមានគោលបំណងសំខាន់ គឺដើម្បីជួយថែរក្សាបរិស្ថាននៅជុំវិញរាជធានីភ្នំពេញនេះឲ្យកាន់តែមានភាពបៃតងស្រស់ស្អាត ពិសេសជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ជួយកម្ចាត់ជាតិពុលនានា នៅក្នុងរាជធានីភ្នំពេញផងដែរ។

ជាងនេះទៅទៀត លោកអភិបាលរាធានីភ្នំពេញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងស្ថាប័នពាក់ព័ន្ធទំាងអស់ត្រូវរួមគ្នាថែរក្សាការពារដើមឈើនៅតាម ភូមិដ្ឋាន សាលារៀន វត្តអារ៉ាម តាមសួនច្បារ និងផ្លូវសាធារណៈអោយបានល្អ ព្រោះដើមឈើមាន គុណប្រយោជន៍យ៉ាងខ្លំាងសម្រាប់បរិស្ថាន និងមនុស្សជាតិ៕B/