ដោយៈចាន់តូ/ភ្នំពេញ ៖ នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃ១៣ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិនម្នាក់ដែលយកដុំថ្មវាយក្បាលជនជាតិចិនដូចគ្នាបណ្តាលឱ្យ ជនរងគ្រោះបែកក្បាលហូរឈាមដេរ១២ថ្នេរ នៅចំណុចផ្លូវម៉ុងរិទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ CHENG Jia PENG ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ម៉ៅការឌឺក័រ ស្នាក់នៅ មិនពិតប្រាកដ រីឯ ជនរងគ្រោះ ឈ្មោះ LI DAOZHONG ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅ បុរីពិភពថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានជិះឡានមកជាមួយគ្នា ម៉ាក Leuxs RX300 ពាក់ស្លាកលេខភ្នំពេញ 2P1020 (ជាឡានរបស់ជនរងគ្រោះ) មកដល់ចំណុចកើតហេតុជនសង្ស័យបានទារបើកប្រាក់ខែមុនតែមិនទាន់បានចូលធ្វើការទេ ហើយក៏ឈ្លោះប្រកែកគ្នា បន្ទាប់មកជនរងគ្រោះបានចុះទៅបន្ទប់ទឹក។ ពេលជនរងគ្រោះចេញពីបន្ទប់ទឹកវិញ ជនសង្ស័យក៏ធ្វើសកម្មភាពវាយជនរងគ្រោះបណ្តាលអោយបែកក្បាលហូរឈាម ហើយព្យាយាមរត់គេច តែត្រូវបានប្រជាពលរដ្ឋរាយការណ៍ដល់កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ចុះធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕B/