ដោយៈសុផល/ព្រះសីហនុ ៖ អង្គភាពប្រឆាំងអំពើពុករលួយ និងសមាគមសភាពាណិជ្ជកម្មកម្ពុជា ចិននៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានរួមគ្នារៀបចំបាឋកថាស្តីពី”ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ” ជូនសហគ្រាសចិន និងមន្ត្រីរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ដើម្បីបង្កើតបរិយាកាសវិនិយោគដ៏ល្អប្រសើរ។
លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញធ្វើបាឋកថា ខណៈមានមន្ត្រីរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនិងអ្នកតំណាងរោងចក្រជិត១០០នាក់បានចូលរួមក្នុងកិច្ចប្រជុំនេះ។
លោក Chen Jiangang ប្រធាននៃសមាគមសភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានថ្លែងថា បាឋកថា ដោយលោក ឱម យ៉ិនទៀងនាពេលនេះ ពិតជាដ៏មានតម្លៃ ចំពោះការជំរុញកែលម្អបរិយាកាសពាណិជ្ជកម្ម និងលើកទឹកចិត្តរបស់សមាជិកសមាគមនិងសហគ្រាសចិនដែលកំពុងវិនិយោគនៅប្រទេសកម្ពុជា។
លោកបានបន្តថា សមាគមសភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុនឹងបន្តប្រកាន់ខ្ជាប់នូវគំនិតរួមគ្នាកសាងគម្រោង “ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ” និងគំនិត “បើកចំហ បៃតង ស្អាតស្អំ” ដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងជួយការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាយ៉ាងសកម្ម។
លោកជឿជាក់ថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការខិតខំប្រឹងប្រែងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ប្រទេសកម្ពុជានឹងមានបរិយាកាសដ៏ស្អាតស្អំសម្រាប់សហគ្រាសចិនក្នុងពេឆាប់ៗខាងមុខនេះ។
លោកបញ្ជាក់ថា សមាគមនឹងដឹកនាំវិនិយោគិនចិនគោរពច្បាប់និងដំណើរការស្របច្បាប់យ៉ាងសកម្ម អប់រំពួកគាត់បង់ពន្ធនិងថ្លៃឈ្នួលដោយស្មារតីភ្ញាក់រឭក ដើម្បីបង្កើតនូវរូបរាងល្អរបស់សហគ្រាសចិន។ទន្ទឹមនឹងនេះដែរ អប់រំសហគ្រាសចិនមិនឱ្យបង់ប្រាក់សំណូកដល់មន្រ្តីរាជការប្រឆាំងនឹងការស៊ីសំណូកដែលធ្វើឱ្យខូចមុខមាត់រដ្ឋាភិបាលកម្ពុជា និងជួយរដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសពាណិជ្ជកម្ម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងកិច្ចសហប្រតិបត្តិការនិងមិត្តភាពប្រពៃណីរវាងប្រទេសកម្ពុជា និងប្រទេសចិន។
លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងាររបស់ការិយាល័យតំណាងឱ្យរដ្ឋបាលនិងការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានស្រប យកកម្លាំងកម្មករ ៣ ម៉ឺននាក់រំពឹងថានឹងកើនឡើងដល់ ៤ ម៉ឺននាក់នៅឆ្នាំ២០២០នេះ។ បន្ទាប់ពីបញ្ចប់ការសាងសង់ នឹងផ្ដល់ឱកាសការងារពី ៨ម៉ឺន-១០ម៉ឺនកន្លែង។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ផែនការការងារប្រឆាំងអំពើពុករលួយក្នុងឆ្នាំនេះ សំខាន់គឺលើកកម្ពស់ការយល់ដឹងអំពីសេវាកម្មរបស់មន្រ្តីរាជការ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងអំពើស៊ីសំណូក។ ក្រោមការផ្តាំផ្ញើរបស់សម្តេច ហ៊ុន សែន អង្គភាពប្រឆាំងអំពើពុករលួយព្រួយនឹងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍរបស់ក្រុមហ៊ុនចិននៅខេត្តព្រះសីហនុនិងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់ ដើម្បីទាក់ទាញអ្នកវិនិយោគចិនកាន់តែច្រើនមកវិនិយោគនៅខេត្តព្រះសីហនុ។
លោកឱម យ៉ិនទៀង ក៏បានអញ្ជើញណែនាំយុទ្ធសាស្ត្រព្រួញមុខ៣ ដោយផ្ទាល់ ដែលមានអបរំ បង្ការទប់ស្កាត់និងបង្ក្រាបបញ្ជូនទៅតុលាការដែលពន្យល់ដោយលើ៣៨បទល្មើសពុករលួយជាឧទាហរណ៍ហើយ និងផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា៕B/

